ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្យាករណ៍​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ប៉ះពាល់​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ប្រទេស​ស្វ៊ី​ស ៖ កាលពី​ថ្ងៃ​ទី​២១ មក​រា កន្លង​មកនេះ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បន្ទាប​ការ​ព្យាករណ៍​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៩…

ប្រទេស​ស្វ៊ី​ស ៖ កាលពី​ថ្ងៃ​ទី​២១ មក​រា កន្លង​មកនេះ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បន្ទាប​ការ​ព្យាករណ៍​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៩ និង ២០២០ ព្រោះតែ​ការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​ទីផ្សារ​កំពុង​លូតលាស់​មួយ​ចំនួន និង​បាន​និយាយ​ថា​ការ​បរាជ័យ​លើ​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង​ៗ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ IMF ក៏​បាន​លើក​ឡើង​ថា ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពេល​ដែល​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ក៏​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​ដែរ ។ មូលនិធិ​នេះ​ព្យាករណ៍​មក​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​លូតលាស់​បាន ៣.៥% នៅ​ឆ្នាំ​២០១៩ និង​៣.៦% នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

អ្នកស្រី Christine Lagarde ដែល​ជា​ប្រធាន​គ្រប់គ្រង​របស់ IMF បាន​និយាយ​ថា «​បន្ទាប់​ពី​ការ​លូតលាស់​យ៉ាង​រឹង​មាំ​អស់​២​ឆ្នាំ សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​លូតលាស់​កាន់តែ​យឺត​ជាង​មុន ហើយ​ហានិភ័យ​ក៏​កំពុង​តែ​កើនឡើង​ដែរ​» ។

អ្នកស្រី​បាន​បន្ត​ថា «​តើ​វា​មាន​ន័យ​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​មែន​ទេ? មិនមែន​ទេ ប៉ុន្តែ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​បន្ថែម​ពិតជា​បាន​កើនឡើង​ពិតមែន​» ។

ការ​បន្ទាប​ការ​ព្យាករណ៍​នេះ​បង្ហាញ​ពីមុខ​សញ្ញា​នៃ​ការ​អន់​ថយ​នៅ​អឺរ៉ុប​ដែល​មាន​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​នាំ​ចេញ​បាន​ទាប​ជាង​មុន ព្រោះតែ​ស្តង់ដារ​បញ្ចេញ​ជាតិពុល​ថ្មី​សម្រាប់​រថយន្ត និង​មាន​អ៊ី​តា​លី​ដែល​ស្ថិត​ក្រោម​សម្ពាធ ព្រោះតែ​មានការ​ខ្វែងគំនិត​ជាមួយនឹង​សហភាព​អឺរ៉ុប​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត IMF បាន​បន្ទាប​ការ​ព្យាករណ៍​សម្រាប់​ការ​លូតលាស់​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពី ៤.៧% មក​ស្មើ ៤.៥% ផង​ដែរ​សម្រាប់​ឆ្នាំ ២០១៩​នេះ ។

IMF បាន​និយាយ​ថា «​ទីផ្សារ​កំពុង​លូតលាស់ និង​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ត្រូវ​បាន​សាកល្បង​ដោយ​ស្ថាន​ការ​នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ខណៈ​ដែល​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម កំណើន​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក កំណើន​តម្លៃ​ប្រាក់​ដុល្លារ លំហូរ​មូលធន​ចេញ​ក្រៅប្រទេស និង​ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ