ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​គ្រប់​ប្រភេទ​កំពុង​កើត​មាន​ពេញបន្ទុក​ក្នុងស្រុក​សូទ្រនិគម

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង និង​តំបន់​មួយ​ចំនួន​ទៀត​នៃ​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ត្រូវ​បាន​គេ​មើលឃើញ​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​កំពុង​កើត​មាន​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ មន្ត្រី​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​បង្ក្រាប​សោះឡើយ​។ គេ​បាន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខាងលើ​ទំនងជា​ទទួល​សំណែន​ពី​ក្រុម​អ្នក​រកស៊ី​បទល្មើស​នេសាទ​ទាំងនេះ​។…

ខេត្តសៀមរាប ៖ នៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង និង​តំបន់​មួយ​ចំនួន​ទៀត​នៃ​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ត្រូវ​បាន​គេ​មើលឃើញ​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​កំពុង​កើត​មាន​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ មន្ត្រី​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​បង្ក្រាប​សោះឡើយ​។

គេ​បាន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខាងលើ​ទំនងជា​ទទួល​សំណែន​ពី​ក្រុម​អ្នក​រកស៊ី​បទល្មើស​នេសាទ​ទាំងនេះ​។ បទល្មើស​នេសាទ​ទាំងនោះ​រួម​មាន​របាំង​លប​សាច់​អួន​ក្រឡា​ញឹក​ប្រវែង​រាប់រយ​ម៉ែត្រ ដោយ​ប្រើ​ឧបករណ៍​បរ និង​លប​រ៉ូ​យ៉ា​ល​, របាំង​សាច់​អួន​ក្រឡា​ញឹក​ព័ទ្ធ​ព្រៃ​ផ្ជិ​ត​ចាប់​ត្រី​ប្រវែង​រាប់រយ​ម៉ែត្រ ជា​ច្រើន​របាំង និង​មាន​សម្រាស់​រាប់រយ​ដុំ​ទៀត ដែល​ពួក​គេ​កំពុង​ចាប់ផ្តើម​សម្រុក​ហ៊ុម​ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង ទាំង​កណ្តាល​ថ្ងៃ ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​ មាន​បទល្មើស​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​រុញ​ស៊ី​ប និង​អូស​យាំង​កាវ​របស់​ជនជាតិ​វៀតណាម នៅ​តំបន់​ចុង​ឃ្នៀស បាន​ឆ្មក់​មក​អូស​យ៉ាង​រំភើយ​នៅ​តំបន់​កំពង់​ឃ្លាំង​។ ប្រភព​ពី​ប្រជា​នេសាទ​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ក្រុម​ល្មើស​នេសាទ​ប្រព្រឹត្ដ​ទៅ​បាន​យ៉ាង​រលូន មិន​ខ្លាច​ការ​ចាប់ចង​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នេះ​ដោយសារ​តែ​ពួក​គេ​បាន​ត្រូវ​ដង ត្រូវ​ផ្លែ​គ្នា​អស់ហើយ ដោយនៅ​ក្នុង​ឃុំ​កំពង់​ឃ្លាំង មាន​អ្នក​រត់ការ​ម្រ​មូល​លុយ​ពី​ក្រុម​ល្មើស​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បទល្មើស​នេសាទ​នៅ​តំបន់​នេះ​មិន​ថា​រដូវប្រាំង​ឬ​រដូវវស្សា មិន​ថា​រដូវ​បិទ ឬ​រដូវ​បើក​នោះ​ទេ គឺ​មាន​ជា​ប្រចាំ គ្រាន់តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ​។ អ្នក​រកស៊ី​បទ​ល្មើ​មិនមែន​ចេះ​តែ​ប្រថុយប្រថាន​បាន​ទេ មុន​នឹង​ចាប់ផ្តើម​ចេញ​ធ្វើ​សកម្មភាព​ត្រូវ​ទៅ​ជួប​ជាមួយ​អ្នក​រត់ការ​ជា​មុន​សិន ពីព្រោះ​ពួក​គេ​ពូកែ​រត់ការ​និង​ចេះ​ក្បាច់​គុណ​អាច​ការពារ​មិន​ឲ្យ​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​កាប់​បំផ្លាញ​ឬ​ចាប់ចង​បាន​។ ប៉ុន្តែ​ក៏​ត្រូវ​ជូន​លុយ​យ៉ាង​ក្រាស់ក្រែល​ទៅ​ឲ្យ​គាត់​ផង​ដែរ​ទើប​គាត់​ការពារ​ឲ្យ​។

លោក​ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា នេះ​ថា បាន​ទទួលស្គាល់​ថា​នៅ​ក្នុងស្រុក ពិតជា​មាន​បទល្មើស​នេសាទ​កើតឡើង​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មែន ហើយ​ភាគច្រើន​មក​ពី​តំបន់​ចុង​ឃ្នៀស និង​មក​ពី​ស្រុក​ជីក្រែង ។ លោក​បន្ត​ថា ចំណែក​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មិនសូវ​មាន​អ្នក​រកស៊ី​បទល្មើស​នេសាទ​នោះ​ទេ​។

លោក​បញ្ជាក់​ថា នៅ​ក្នុង​អង្គប្រជុំ​គណៈ​អភិបាល​ម្តង​ៗ លោក​តែងតែ​ក្រើនរំលឹក​ដល់​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ឲ្យ​មានការ​ថយ​ចុះ​ ។ ​បន្ថែម​ពី​នោះ​លោក​ក៏​តែងតែ​ឆ្មក់​ចុះ​បង្ក្រាប​ជាមួយ​កងកម្លាំង​ផង​ដែរ​។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោកនាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​។

រីឯ លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តសៀមរាប ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក​បាន​ដែរ​នា​រសៀល​ថ្ងៃ​ទី​២៥​ខែមករា នេះ​។

មហាជន​នៅ​ក្នុង​ខេត្តសៀមរាប​សង្ឃឹមថា លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ទើប​និង​ឡើង​កាន់​តំណែង​ថ្មីថ្មោង ប្រាកដ ជា អាច​មាន​វិធានការ បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​កំពង់​ឃ្លាំង​ឲ្យ​មានការ​ថយ​ចុះ​ផង ព្រោះ​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​អាច​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ទាំងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ