ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ អៀង​ឡៃ ល្បី​ខ្លាំង​ក្រោយ​បង្ហាញ​វត្ត​មាន​​ជាង​1​ឆ្នាំ​អង្រួន​សង្វៀន​ប្រដាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ថ្មី​ធន់ អៀង​ឡៃ ដែល​កំពុង​ជ្រកកោន​ក្រោម​ដំបូល​សមាគម​កីឡា​ប្រដាល់​​ក្រសួងការពារជាតិ បាន​ បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ស្ទើរតែ​គ្រប់​សង្វៀន​ប្រដាល់ ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ជាក់ស្ដែង​​ត្រឹមតែ​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ថ្មី​ធន់ អៀង​ឡៃ ដែល​កំពុង​ជ្រកកោន​ក្រោម​ដំបូល​សមាគម​កីឡា​ប្រដាល់​​ក្រសួងការពារជាតិ បាន​ បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ស្ទើរតែ​គ្រប់​សង្វៀន​ប្រដាល់ ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ជាក់ស្ដែង​​ត្រឹមតែ​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ទាំង​ខ្មែរ​និង​បរទេស​ឱ្យ​ចាញ់​​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​ជា​បន្តបន្ទាប់​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ធន់ អៀង​ឡៃ លេចធ្លោ​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​នា​ពេល​បច្ចុប្បន្ន​នោះ​គឺ​លទ្ធផល​៣២​ប្រកួត​ចុង​ក្រោយ​របស់​គេ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ស្មើ​ឬ​ចាញ់​ទាល់តែ​សោះ សូ​ម្បី​ប្រកួត​ជាមួយ​កីឡាករ​ថៃ​៥​ដង​ឈ្នះ​ទាំង​៥​ដង ក្នុង​នោះ​ថែម​ទាំង​ផ្ដួល​ឱ្យ​សន្លប់​បាន​ចំនួន​២​ដង​ទៀត​ផង​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នា​ពេល​ថ្មី​ៗ​នេះ ធន់ អៀង​ឡៃ បានឱ្យ​ដឹង​ថា សព្វថ្ងៃ​លោក​អាច​ប្រកួត​បាន​២​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៥៤​គីឡូក្រាម​និង​៥៧​គីឡូក្រាម ។ រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​មកនេះ លោក​​បាន​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​នាក់​ក្នុង​នោះ​ក្រៅពី​កីឡាករ​បរទេស​ខាងលើ​ក៏​មាន​ទាំង​កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល ហ៊ុន ឈុ​ន​ហេង របស់​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ម្នាក់​ទៀត​ទៀត​ផង ។

កីឡាករ ហ៊ុន ឈុ​ន​ហេង អ្នក​ណា​មិន​ល្បី​ថា​ខ្លាំង ព្រោះថា​ក្នុង​ចំណោម​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​គេ​វ៉ៃ​រាប​ទាំងអស់ ។ នៅ​មាន​សិស្ស​ច្បង​សៀវ ង៉ុ​យ​, សយ សី ជើង​ខ្លាំង​ប្រចាំ​ក្លិប​វិបុល​ដា​រិ​ទ្ធ​សែន​សុខ និង​សេក គឹ​ម​សាន្ត ជើង​ខ្លាំង​ប្រចាំ​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ម្នាក់​ទៀត​ដែល​សុទ្ធតែ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​លោក​ទាំងអស់ ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ពិភព​ប្រដាល់​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំង​មក​លើ​រូប​លោក​គឺ​លទ្ធផល​ប្រកួត​៣២​លើក​ចុង​ក្រោយ​របស់​លោក​មិន​ដែល​ចាញ់​ទាល់តែ​សោះ ។

ធន់ អៀង​ឡៃ បានឱ្យ​ដឹង​បន្ត​ថា កន្លង​មក​លោក​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​មួយ​ដែល​មានឈ្មោះ​ថា Knock Out Serie By K-Cement ដោយ​បាន​ឡើង​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដែរ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដោយ​រូបគេ​ត្រូវ​ប៉ះ​កីឡាករ បឺត សង្ឃឹម ជើង​ខ្លាំង​ប្រចាំ​ក្លិប​រ៉ា​ហាប់​ស្វាយ ប៉ាក ទើប​លោក​បាន​ត្រឹម​ជាប់​ចំណាត់ថ្នាក់​លេខ​៤​។

ទោះបីជា​យ៉ាងណា កូនសិស្ស​សំណព្វ​របស់លោកគ្រូ​ធន់ សុភា រូប​នេះ​បាន​ប្រាប់​ថា រាល់​ពេល​លោក​ឡើង​សង្វៀន​ប្រកួត​គឺ​មិន​ដែល​ខ្លាច​ឬ​ញញើត​អ្នក​ណា​ម្នាក់​ឡើយ ។ និយាយ​រួម​ចង់​អ្នក​នោះ​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ក៏​លោក​ត្រូវ​តែ​វ៉ៃ​ឱ្យ​អស់ពី​សមត្ថភាព​ដែរ​ទើប​លោក​តែងតែ​ទទួល​ជោគជ័យ​ស្ទើរតែ​គ្រប់ការ​ប្រកួត​តាំងពី​លោក​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ពិភព​ប្រដាល់ ។

ឆ្លើយ​តប​នឹង​អ្នក​យក​ព័ត៌មាន​ដែល​បាន​សាក​សួរ​ពី​ជីវប្រវត្តិ​មុន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ល្បី​កីឡាករ ធន់ អៀង​ឡៃ បាន​ប្រាប់​ដោយ​គ្មាន​លាក់លៀម​ថា មក​ដល់​ឆ្នាំ​នេះ​លោក​មាន​អាយុ​២២​ឆ្នាំ​ហើយ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្បាលកោះ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។ លោក​ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​១០​នាក់​(​ប្រុស​៦​នាក់​ស្រី​៤​នាក់​)​ដែល​មាន​ឳ​ពុក​ម្ដាយ​ជា​កសិករ​។ ដោយសារ​តែ​​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត លោក​សុខចិត្ត​លះបង់​ចោលការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១១​មក​បម្រើ​ការ​ជា​សន្តិសុខ​ឯកជន​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​២០១៥ ។

មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ចូល​ហ្វឹកហាត់​ប្រដាល់​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ដោយសារ​លោក​ឃើញ​កូន​សិស្ស​របស់​លោក​ធន់ សុភា ហាត់​រត់​កាត់​ពីមុខ​កន្លែង​លោក​យាម​ជា​ញឹកញាប់ ធ្វើ​ឱ្យ​លោក​ចាប់អារម្មណ៍​ចង់​ហាត់​នឹង​គេ​ដែរ ។ ក្រោយមក​លោក​ក៏​សួរនាំ​រៀមច្បង​ទាំងនោះ​ធ្វើ​មេ​៉​ច​បាន​ចូល​ហ្វឹកហាត់​ប្រដាល់ ហើយ​ទីបំផុត​លោក​ក៏​បាន​សម្រេចចិត្ត​ទៅ​សុំ​លោកគ្រូ​ធន់ សុភា ដោយ​ផ្ទាល់ ។

ធន់ អៀង​ឡៃ បន្ត​ថា ដំបូង​លោក​មាន​បំណង​ហ្វឹកហាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ ដឹង​អី​យូរ​ៗ​ទៅ​បែរជា​ចង់​ក្លាយជា​កីឡាករ​ប្រដាល់ ។ ដោយ​មាន​ដុ​ង​ខាង​វាយតប់​ស្រាប់​ផង​នោះ ទីបំផុត​លោក​ឈប់​ធ្វើ​សន្តិសុខ​មក​ហាត់​ប្រដាល់​ជាមួយ​លោកគ្រូ​ធន់ សុភា រហូត​ទល់​សព្វថ្ងៃ​ប៉ុន្តែ​ដំបូង​ឡើយ​ឪពុក​ម្ដាយ​របស់​លោក​មិន​គាំទ្រ​ទេ​ព្រោះ​ខ្លាច​កូន​ឈឺ​សាច់ តែ​ក្រោយមក​ពួក​គាត់ ក៏​លែង​ជំទាស់​វិញ​។

គួរ​បញ្ជាក់​ថា កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តកំពង់ឆ្នាំង​រូប​នេះ ត្រូវ​បាន​លោកគ្រូ​ធន់ សុភា ស្រឡាញ់​​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​មិន​ដូច​សិស្ស​ដទៃ​ទៀត​ឡើយ គឺ​ឧស្សាហ៍​ព្យាយាម​ហ្វឹក​ហាត់​មិន​ត្អូញត្អែរ​ទេ ។ ចំណែក​រូបគេ​ក៏​បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា ត្រូវ​តែ​តស៊ូ​រហូត​ដល់ទី​បញ្ចប់​ទើប​អាច​ឈរជើង​បាន​យូរ​នៅ​ក្នុង​ពិភព​ប្រដាល់ ខណៈ​សង្វៀន​ក្នុងស្រុក​កំពុង​ត្រូវការ​កីឡាករ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​ឡើង​ប្រកួត​អន្តរជាតិ​ដូច​ជា​សង្វៀន CBS ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ