រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ត្រូវរថយន្តស្ទួចមួយគ្រឿងបុកប៉ើង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៤ ខែមករា នៅតាមផ្លូវជាតិលេខ៥ មុខវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះទូច ព្រឹម ភេទប្រុស អាយុ៧០ឆ្នាំ មានលំនៅម្តុំភ្នំប្រសិទ្ធិ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ។ ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តស្ទួច ពាក់ស្លាកលេខ ភ្នំពេញ ៣E-០៦៧៨ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ កណ្តាល ១A-៩៧១៧ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុក៍បានបត់ឆ្លងផ្លូវទៅទិសខាងលិច ស្រាប់តែមានរថយន្តស្ទូចខាងលើធ្វើដំណើរពីជើងទៅត្បូងបានមកបុកពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូប៉ើងជាច្រើនម៉ែត្របោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌព្រែកព្នៅភ្លាមៗ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ