ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ត្រៀម​ទៅ​លេង​ឱ្យ​ហើយ អាជ្ញាធរ​ជួសជុល​វិញ​ហើយ ប្រជាពលរដ្ឋ​រីករាយ​សាទរ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ទំនប់​បង្ហៀរទឹក​៩៥​ចាប់ផ្តើម​កែសម្រួល​ឡើង​វិញ​អាច​ឲ្យ​អ្នកទេសចរ​ងូតទឹក​លេង​កម្សាន្ត​បាន​ដូច​មុន​នៅ​ពេល​រដូវវស្សា​ខាង​មុខ​បន្ទាប់​ពី​ទំនប់​នេះ​ត្រូវ​បាន​ដុះ​កក​ពេញ​ដោយ​រុក្ខជាតិ​កំប្លោក​កាលពី​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ​បាត់បង់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ។ លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្តព្រះវិហារ ៖ ទំនប់​បង្ហៀរទឹក​៩៥​ចាប់ផ្តើម​កែសម្រួល​ឡើង​វិញ​អាច​ឲ្យ​អ្នកទេសចរ​ងូតទឹក​លេង​កម្សាន្ត​បាន​ដូច​មុន​នៅ​ពេល​រដូវវស្សា​ខាង​មុខ​បន្ទាប់​ពី​ទំនប់​នេះ​ត្រូវ​បាន​ដុះ​កក​ពេញ​ដោយ​រុក្ខជាតិ​កំប្លោក​កាលពី​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ​បាត់បង់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ។

លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ថា​មន្ទីរ​ជំនាញ​បាន​ចាប់ផ្តើម​កែសម្រួល​ឡើង​វិញ​នូវ​ទំនប់​បង្ហៀរទឹក​៩៥​នេះ​ចាប់ពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​យក​រុក្ខជាតិ​កំប្លោក​ដែល​ដុះ​ពេញ​លើ​ផ្ទៃ​ទំនប់​បង្ហៀរទឹក​នេះ​ដើម្បី​ចាក់​ដី​លុប​បំពេញ និង​ជួសជុល​ធ្វើ​ឲ្យ​ទំនប់​បង្ហៀរទឹក​នេះ​លែង​កកស្ទះ និង​លែង​ឲ្យ​មាន​រុក្ខជាតិ​កំប្លោក​នេះ​ដុះ​ឡើង​វិញ​នោះ​ទេ ។

ម្យ៉ាងវិញទៀត​មន្ទីរ​ជំនាញ​បាន​ជួល​ជុស និង​រៀបចំ​កន្លែង​បង្ហៀរទឹក​នេះ​អាច​ឲ្យ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ទំនប់​៩៥​នេះ​បាន​ងូតទឹក​លេង​កម្សាន្ត​ដូច​ពេល​មុន​ដែរ ។ លោក​រំពឹង​ថា នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ខាង​មុខ​ទៀត ការ​ជួសជុល​កែ​លម្អ​ប្រព័ន្ធ​បង្ហៀរទឹក​ទំនប់​៩៥​នេះ​នឹង​ធ្វើ​ឲ្យ​រួចរាល់​តែ​ម្តង ។

អ្នកស្រី ទេព រុន ជា​អាជីវករ​លក់ដូរ​នៅ​រមណីយ៍ដ្ឋាន​ទំ​បន់​៩៥​នេះ​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​បន្ទាប់​ពី​អាជ្ញាធរ​បាន​រៀបចំ​កែ​លម្អ​តំបន់​នេះ​ឡើង​វិញ ជា​ពិសេស​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​លេង​ទឹក​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នេះ ។

អ្នកស្រី​សង្ឃឹមថា នៅ​ពេល​ដែល​ទំនប់​នេះ​មាន​កន្លែង​ងូតទឹក​លេង​កម្សាន្ត​ដូច​មុន​វិញ​នោះ​ភ្ញៀវ​ទេសចរ​នឹង​មានការ​កើនឡើង​វិញ​ជា​មិន​ខាន​ឡើយ ម្យ៉ាងវិញទៀត​អាច​ឲ្យ​ពួក​គាត់​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ធូរស្រាល​មួយ​កម្រិត​ទៀត ។

អ្នកស្រី​លើក​ឡើង​ទៀត​ថា កាលពី​ពេល​ដែល​ទំនប់​នេះ​មិន​ទាន់​មានការ​ដុះ​កក​ដោយ​រុក្ខជាតិ​កំប្លោក​នោះ​ឃើញ​ថា​ភ្ញៀវ​ទេសចរណ៍​តែងតែ​មក​លេង​កម្សាន្ត​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​អ្នក​អាច​ឲ្យ​ពួក​គាត់​រក​ចំណូល​បាន​ក្នុង​១​ថ្ងៃជា​មធ្យម​៦០​ម៉ឺន​រៀល ដោយឡែក​នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ​ភ្ញៀវ​កើនឡើង​រាប់​ពាន់​នាក់​ឯណោះ ។

សូម​បញ្ជាក់​ថា ការ​ជួសជុល​កែសម្រួល​ឡើង​វិញ​នូវ​ទំនប់​បង្ហៀ​ទឹក​៩៥ ក្រុង​ព្រះ​វិហារ​បាន​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨ រហូត​មក​ដល់​ប​ច្ចុ​ប្ប​នេះ​សម្រេច​បាន​៦០%​ហើយ និង​សម្រេច​ឲ្យ​រួចរាល់​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាង​មុខ​នេះ​ដោយ​ចំណាយ​ថវិកា​របស់​អាជ្ញាធរ​ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ