ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​ការងារ​កម្រិត​អន្តរជាតិ​និង​ប្រាក់​កម្រៃ​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​ការងារ​ក្នុង​កម្រិត​អន្តរជាតិ និង​ប្រាក់​កម្រៃ​ខ្ពស់​នៅ​ជប៉ុន ។ លោក​អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​ការងារ​ក្នុង​កម្រិត​អន្តរជាតិ និង​ប្រាក់​កម្រៃ​ខ្ពស់​នៅ​ជប៉ុន ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន ជេ អិ​ល អេស ខេ​ម​បូ​ឌា​ន និង​សិក្ខាសាលា​ស្តី​ពី​ការ​ស្វែង​យល់ និង​ឱកាស​ការងារ​ផ្នែក​គិលានុបដ្ឋាក​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​កេ​ត្រា រាជធានី​ភ្នំពេញ​ថា នេះ​ជា​ឱកាស​ថ្មី​មួយទៀត​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​គិលានុបដ្ឋាក​តាម​គ្រឹះស្ថានសិក្សា​នានា​ទទួល​បាន​ទីផ្សារ​ការងារ​ក្នុង​កម្រិត​អន្តរជាតិ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ ពិសេស​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​ការងារ និង​លើក​ស្ទួយ​មុខមាត់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា សាកលលោក ។

លោក​បាន​បន្ត​ថា ការ​បណ្តុះបណ្តាល​បន្ថែម ដើម្បី​បំពេញ​តាម​ស្តង់ដា​ជប៉ុន​ដល់​បេក្ខជន បេ​ក្ខ​នារី និង​ការ​សិក្សា​ភាសា និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ជប៉ុន​នឹង​ជួយ​ពង្រឹងគុណភាព​លើ​ការ​បណ្តុះបណ្តាល​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​កម្ពុជា​ក៏​ដូច​ជា ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្មេង​ជំនាន់​ក្រោយ​ៗ ឲ្យ​ចាប់អារម្មណ៍​លើ​ជំនាញ​នេះ​កាន់តែ​ខ្លាំងក្លា ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​ការងារ​ជា​លក្ខណៈ​អន្តរជាតិ ។

បុគ្គលិក​ដែល​ចប់​កិច្ចសន្យាការងារ​ហើយ ត្រឡប់​មក​ធ្វើការ​ក្នុងស្រុក​វិញ​នឹង​ក្លាយជា​ធនធាន​ដ៏​ល្អ​មួយ​ដោយ​ពួក​គេ​នឹង​យកចំណេះ និង​បទ​ពិសោធន៍​ពី​ការងារ​នៅ​ប្រទេស​ជប៉ុន​មក​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​ក្នុងស្រុក ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​សារ​ធារ​ណ​ជន​ទាំងអស់ ពិសេស​សិស្ស និស្សិត អតីត​និស្សិត​ដែល​បាន​រៀន​ចប់ និង​កំពុង​ស្វែងរក​ការងារ ឬ​កំពុងធ្វើការ​ផ្នែក​គិលានុបដ្ឋាក សូម​សិក្សា​ស្វែង​យល់​ពី​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន​ពាក់ព័ន្ធ​នឹង​ជំនាញ​គិលានុបដ្ឋាក​នេះ​អោយ​បាន​ច្រើន ។

បច្ចុប្បន្ន​ក្រសួង​បាន​នឹង​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​គោលបំណង ដើម្បី​បង្កើន​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា ។ ដោយ​ជប៉ុន​បាន​ចាប់ផ្តើម​រៀបចំ​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី​សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេង​ៗ និង​សម្រាប់​អនុវត្ត​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ជប៉ុន ។

ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ក្នុង​ការ​គាំពារ ការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​យើង​នៅ​បរទេស តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​នានា ដោយ​ប្រើប្រាស់​គោលការណ៍​យន្តការ និង​នីតិវិធី​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ស្រប​ទៅ​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ក្នុង​នោះ​មាន​ចែង​អំពី​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និង​ទ្វេភាគី ដើម្បី​បើក​ទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស​, ទប់ស្កាត់​ទេស​សន្តរ​ប្រវេសន៍​ការងារ​ដោយ​ខុសច្បាប់​, លើកកម្ពស់​ការ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍ សុខភាព និង​សុវត្ថិភាព​ការងារ​, កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលករ ការ​ផ្តល់​ការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍ ដែល​ធ្វើ​មាតុភូមិ​និវត្ត តាម​រយៈ​ការ​ទទួលស្គាល់​ជំនាញ​, ការ​ផ្ទេរ​របប​សន្តិសុខ​សង្គម​មក​ក្នុង​ប្រទេស​, ការ​ផ្តល់​ប្រឹក្សា​ការងារ​ធ្វើ និង​ការ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ។

គូសបញ្ជាក់​ថា បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​មាន​ចំនួន​១០៥ ដែល​ក្នុង​នោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទទួល​អាជ្ញា​បណ្ណ​អនុញ្ញាត​អោយធ្វើ​ការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដែល​ក្នុង​នោះ​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ចំនួន​៩៣ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​អនុញ្ញាត​ពី​ក្រសួង​អោយធ្វើ​ការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី សរុប​ចំនួន ៩,១៩៥​នាក់ ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​ពលករ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ ១,៥០០​ដុល្លារ សហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ