ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អភិបាល​ខេត្តតាកែវបដិសេធ​ការ សម្លា.ប់​ស្រី​ស្នេហ៍ខ្លួន…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អ្នក​មេម៉ាយ​កូន​៣​រូប​ស្រស់ ដែល​ម្តង​ថា​ ជា​រឿង​អត្តឃាត​ដោយ​ចង.ក ម្តង​ថា​ជា​អំពើ​ឃាតកម្ម ដោយ​ស្នាដៃ​ប្រុស​ស្នេហ៍​អតីត​អភិបាល​ខេត្តតា​កែវ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អ្នក​មេម៉ាយ​កូន​៣​រូប​ស្រស់ ដែល​ម្តង​ថា​ ជា​រឿង​អត្តឃាត​ដោយ​ចង.ក ម្តង​ថា​ជា​អំពើ​ឃាតកម្ម ដោយ​ស្នាដៃ​ប្រុស​ស្នេហ៍​អតីត​អភិបាល​ខេត្តតា​កែវ លោក ឡាយ វណ្ណៈ នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា សាលាដំបូងរាជធានី បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ ។

អង្គ​សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងតំណាង​អយ្យការ​អម​សាលាដំបូង និង​ជាដើម​បណ្តឹង​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ ​មាន​៤​នាក់ ត្រូវ​បាន​នាំ​មក​ឈរ​មុខ​ក្រចកសេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជំ​ុ​វិញ​ការ​សាកសួរ​ដេញដោល លើ​សំណុំរឿង​ឃាតកម្ម​ដែល​លាន់​ខ្ទ័រ​ខ្ទារ​ប៉ុន្មាន​ខែ​កន្លង​មកនេះ ។

ជនជាប់ចោទ​មាន​១-​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខែ​ត្ត​តាកែវ ២-​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នង​ការ​រង​នគរបាល​ខេត្តតាកែវ (​ពីរ​នាក់​បងប្អូន​) ជាប់ចោទ​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្​មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​៤-​ឈ្មោះ ជឹ​ម សា​វុ​ធ ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជាប់ចោទ​ពី​បទ លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២​នៃ​ក្រមព្រហ្មទណ្ឌ។

អង្គ​សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​មេធាវី​៥​រូប ជា​មេធាវី​ការពារ​ក្តី​តាម​ទម្រង់​ច្បាប់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​៤​រូប និង​ចំពោះ​មុខ​ដើមបណ្តឹង​រដ្ឋប្បវេណី គឺ​ឪពុក​ម្តាយ​ជន​រង​គ្រោះ រួម​ទាំង​សាក្សី និង​សាក្សីដោះបន្ទុក​លើ​ជនជាប់ចោទ​ផង​ដែរ ។ សវនាការ​នេះ​ មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ជា​មន្ត្រី​នគរបាល​យុត្តិធម៌ នគរបាល​បច្ចេកទេស គ្រូពេទ្យ​ពិនិត្យ​សាកសព​ក្រសួងមហាផ្ទៃ ខេត្តតាកែវ​ជា​ច្រើន​នាក់​ទៀត ។

សវនាការ​នេះ​បាន​ធ្វើ​ឡើងជា​សាធារណៈ មាន​មហាជន និង​អ្នក​សារព័ត៌​មាន បាន​ចូលរួម​ស្តាប់​យ៉ាង​ពេញ​លេញ ស្រប​តាម​នីតិវិធី​អង្គ​ជំនុំ​ជម្រះក្តី មិន​ដូច​សំណុំរឿង​ខ្លះ សូ​ម្បី​តែ​ចូល​ស្តាប់​ក៏​មិន​បាន​ផង ដែល​នោះ​ជា​សវនាការ​អសាធារណៈ ។ ក្នុង​ពេល​សវនាការ​ប្រធាន​ក្រុមប្រឹក្សា​បាន​សាកសួរ លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ហើយ​លោក​ក៏​បាន​សារភាព​ជា​ហូរហែ​តាម​ដំណើររឿង ដែល​លោក​បាន​ស្គាល់​ជន​រង​គ្រោះ (​ចេ​វ សុ​វ​ឌ្ឍ​នា​) ។

ជនជាប់ចោទ ឡាយ វណ្ណៈ បាន​លើក​ឡើង​ថា នា​អំឡុង​ឆ្នាំ​២០១៦ តាម​រយៈ​មេ​គយ​ខេត្តតាកែវ​ម្នាក់ ដែល​ជា​ប្រធាន​ក្រុមការងារ​យុវជន​ក្រៅប្រទេស បាន​ធ្វើ​ឲ្យ​លោក​ស្គាល់​នាង ចេ​វ សុ​វ​ឌ្ឍ​នា និង​មានការ​រាប់អាន​គ្នា​រហូត​បង្កើត​ជា​គូស្នេហ៍​លួចលាក់​តែ​ម្តង ។ ប៉ុន្តែ​ក្តី​ស្រឡាញ់​រវាង​លោក និង​អ្នកស្រី​មេម៉ាយ​កូន​បី ចេ​វ សុ​វ​ឌ្ឍ​នា អស់​រយៈពេល​ជាង​១​ឆ្នាំ ចេះ​តែ​មានការ​រកាំរកូស ជាមួយ​គ្នា​ញឹកញាប់ ដោយសារ​នាង សុ​វ​ឌ្ឍ​នា មានចិត្ត​ឆេវឆាវ និង​ប្រចណ្ឌ​ច្រើន រហូត​មាន​ពេល​ខ្លះ​នាង​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់​ខ្លួន គំរាម​លោក​មិន​ឲ្យ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក​ជាមួយនឹង​ភរិយា ។

ដោយសារ​តែ​ក្តី​ប្រចណ្ឌ​ហួសហេតុ​នេះ​មាន​ថ្ងៃមួយ​នោះ​លោក​បាន​ជ្រុលដៃ​ទះកំផ្លៀង​នាង​២​ដៃ ដោយសារ​ខឹង​នាង​ទៅ​តាម​រករឿង​ដល់​ផ្ទះ​ឪពុកក្មេក និង​ចោទ​ថា​លោក​មាន​ស្រី​លាក់​នៅ​ក្នុងផ្ទះ ។ លុះដល់​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ លោក​មាន​ទំនាស់​ជា​ពាក្យ​សម្ដី​តិចតួច​ជាមួយ​នាង​រឿង​បង្ខំ​ឲ្យ​លោក​ទៅ​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​តែ​ម្ដង ហើយ​នាង​ក៏​បាន​ស្នើ​សុំ​លោក​(​ពីរ​ចំណុច​) ទី​១-​សុំ​ឲ្យ​ស្រឡាញ់​នាង​ដូច​មុន និង​ទី​២-​សុំ​ធ្វើ​ជា​ប្រពន្ធ​ទី​២ ស្របច្បាប់ ។

សវនាការ​បាន​ទុក​ពេល​ឲ្យ​ជនជាប់ចោទ ឡាយ វណ្ណៈ បរិយាយ​ហូរហែ​ដំណើររឿង​ពី​ដើម​រហូត​ដល់​ចប់ ដោយ​ពុំ​មានការ​សាកសួរ​ធ្វើ​ឱ្យ​អាក់ខាន ក្នុង​ការ​រៀបរាប់​របស់​លោក ឡាយ វណ្ណៈ ទេ ដែល​លោក​បន្ត​ថា ការ​ស្នើ​សុំ និង​ការ​ចង់បាន​ពីរ​ចំណុច​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​លោក និង​នាង​មានការ​ខ្វែងគំនិត​គ្នា ។ ចំណុច​ទី​១-​លោក​ទទួលយក​បាន និង​កំពុង​អនុវត្ត​ពោល​គឺ​ក្តី​ស្រឡាញ់​មិន​ប្រែប្រួល និង​កាន់តែ​ស្រឡាញ់​ហើយ​អាណិត​នាង​ទៀត នៅ​ពេល​ដឹង​ថា នាង​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​រក​សុ​ី​ចិញ្ចឹម​កូន​៣​នាក់ ។ ចំណុច​ទី​២-​លោក​ថា មិន​ទាន់​អាច​ទទួលយក​បាន​ទេ រង់ចាំ​ពេលវេលា ដោយ​ខ្លាច​ប្រពន្ធដើម​មិន​ព្រម ។ ចំណុច​ទី​២-​នេះ នាង​មិន​ត្រូវ​ចាប់បង្ខំ​លោក​ឲ្យ​ធ្វើ​តាម​ភ្លាម​នោះ​ទេ ។

លុះដល់​ថ្ងៃ​ទី​២៦ ខែមីនា ពេល​ចេញពី​ប្រជុំ​លោក​ក៏​បាន​ឲ្យ​អ្នកបើកបរ​ជូន​លោក​ទៅ​ផ្ទះ​នាង សុ​វ​ឌ្ឍ​នា ដើម្បី​ហូប​បាយ​ជុំ​គ្នា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ទៅ​ស្រាប់តែ​វ​ឌ្ឍ​នា​បាន​ទៅ​ភ្នំពេញ​ទៅ​ហើយ ដោយសារ​នាង​យល់​ច្រឡំ​ថា​មក​ហូប​បាយ​នៅផ្ទះ​នាង​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ តែ​នាង​ក៏​បាន​មក​វិញ​ជាមួយ​ឈ្មោះ ចាន់ រី និង​ប្ដី​អ្នកបម្រើ​ក្នុងផ្ទះ ។

ពេល​មក​ដល់​ជួប​គ្នា​ព្រលប់​ថ្ងៃ​ដដែល​នោះ លោក​និង​នាង​បាន​និយាយ​គ្នា​ម្ដងទៀត ប៉ុន្តែ​និយាយ​គ្នា​មិន​ត្រូវ​សោះ​លោក​ក៏​ត្រឡប់​ទៅ​វិញ ពេល​នោះ​នាង សុ​វ​ឌ្ឍ​នា បាន​និយាយ​ពីលើ​ជណ្ដើរ​មក​ថា បើ​ថ្ងៃនេះ​បង​ចេញ​ផុត​ពី​មាត់ទ្វារ​ផ្ទះ បង​នឹង​លែង​បាន​ជួប​មុខ​អូន​រហូត ។ ទោះជា​បែប​ណា លោក​នៅ​តែ​ដើរ​ចេញ​ទៅ​ឡើង​រថយន្ត​ជិះ​ទៅ​ធម្មតា ។ លុះ​ពេល​មក​ដល់​សួនច្បារ​ជិត​វិមាន​ឯករាជ្យ ស្រាប់តែ​ឈ្មោះ ចាន់ រី ទូរស័ព្ទ​មក​ប្រាប់​ថា នាង សុ​វ​ឌ្ឍ​នា បាន​យក​កាំបិត​អារ​ដៃ​មាន​ឈាម​ហូរ​ក្រហមច្រាល ប៉ុន្តែ​គាត់ និង​ប្ដី​បាន​ដណ្ដើម​យក​កាំបិត​ពី​នាង​ហើយ ។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ ចាន់ រី ទូរស័ព្ទ​មក​ម្ដងទៀត​ថា នាង ចេ​វ សុ​វ​ឌ្ឍ​នា​ចងក​សម្លាប់​ខ្លួន ពេល​នោះ​លោក​មិន​ជឿ​ទេ ហើយ​បាន​ឲ្យ​ឈ្មោះ សា​ម៉ៃ តៃកុង​ឡាន ជិះ​ម៉ូតូ​ទៅ​មើល ។ ពេល​ទៅ​ដល់​សា​ម៉ៃ​បាន​ទូរស័ព្ទ​ប្រាប់​ថា​បងស្រី​ចងក​សម្លាប់​ខ្លួន​មែន ។ ពេល​ដឹង​ថា​នាង​ចងក​សម្លាប់​ខ្លួន​លោក​ក៏​មាន​ភាព​តក់ស្លុត ហើយ​បាន​ប្រាប់ សា​ម៉ៃ ឲ្យ​យក​ទូរស័ព្ទ​របស់​នាង​សុ​វ​ឌ្ឍ​នា មក​ទុក ដោយសារ​ក្នុង​ទូរស័ព្ទ​មាន​ថតរូប​លោក​ជាមួយ​នាង​ជា​ច្រើន ខ្លាច​ធ្លាក់​ដល់​ដៃ​អ្នកកាសែត ។

បន្ទាប់​មក​លោក​ក៏​បាន​ឲ្យ​អ្នកបើកបរ​ម្នាក់​ទៀត ជូន​លោក​ទៅ​ភ្នំពេញ​មើល​កូន​ឈឺ និង​ប្រាប់​រឿង សុ​វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន​ឱ្យ​ប្រពន្ធ​លោក​ដឹង ។ ក្នុង​នោះ​ដែរ​ស្រាប់តែ​ម្ដាយ​នាង សុ​វ​ឌ្ឍ​នា និង​កូន​ទី​២ បាន​ទូរស័ព្ទ​មក​លោក​ប្រាប់​ពី​រឿង សុ​វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន លោក​ក៏​សុំ​ប្រពន្ធ​ត្រឡប់​ទៅ​ខេត្តតាកែវ ដើម្បី​ចាត់ចែង​សុំ​យក​សាកសព​ទៅ​ធ្វើបុណ្យ​នៅ​ភ្នំពេញ ។ រៀបរាប់​ដល់​ចំណុច​នេះ ដល់​ពេលវេលា​ត្រូវ​សម្រាក​បាយ​ថ្ងៃត្រង់ ដូច្នោះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ផ្អាក​សវនាការ ដោយ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​មិន​កំណត់ ។ តាម​ការ​រៀបរាប់​ពី​សំណាក់​ជន​ត្រូវ​ចោទ​ឈ្មោះ ឡាយ វណ្ណៈ គឺ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ដែល​ថា​សម្លាប់​នាង គឺជា​សំណុំរឿង​ឃាតកម្ម ប៉ុន្តែ​ទោះជា​យ៉ាងណា​អាស្រ័យ​លើ​ការ​វិនិច្ឆ័យ​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ ។

បាន​កត់​សម្គ​ល់​ឃើញ​ថា មុន​ពេល​សាកសួរ​ជនជាប់ចោទ ឡាយ វណ្ណៈ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​យក​ភស្តុ​តាង​ថ្មី​ទៀត ដែល​ជា​ការ​អះអាង របស់​សមត្ថកិច្ច​ទើប​ដាក់​ចូល​មុន​មួយ​ថ្ងៃ ដែល​ភស្តុ​តាង​នោះ​គឺ​ទូរស័ព្ទ​ដៃ​របស់​លោក ឡាយ វណ្ណៈ ១​គ្រឿង និង​ទូរស័ព្ទ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​១​គ្រឿង ដែល​នោះ​ជា​សារ​សំឡេង​អ្នក​ទាំង​ពីរ​ទាក់ទង​គ្នា ។ ភស្តុ​ង​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​សា​មុ​ី​ខ្លួន​បានឃើញ និង​ក៏​មានការ​ទទួល​ស្គាល់​ផង​ដែរ ចំពោះ​មុខ​អង្គ​សវនាការ ។

មានការ​កត់សម្គាល់​ដែរ​ថា នៅ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​នេះ ភរិយា និង​ម្តាយ​លោក ឡាយ វណ្ណៈ ក៏​បាន​មក​តាម​ស្តាប់​សវនាការ​នោះ​ដែរ ។ ចំណែក​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ពេល​ចុះ​ពី​រថយន្ត​ដឹក​អ្នកទោស​មក​ពី​ពន្ធនាគារ​ព្រៃ​ស​ភ្លាម គេ​បាន​បង្ហូរទឹកភ្នែក និង​លុតជង្គង់​ថ្វាយបង្គំ ទាមទារ​សុំ​រក​យុត្តិធម៌ ដោយ​បាន​និយាយ​ថា ពួក​គាត់​មិន​បានដឹង​អ្វី​ទាល់តែ​សោះ​ក្នុង​សំណុំរឿង​នេះ ៕

អត្ថបទសរសេរ ដោយ