ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​ធ្វើការ​ទម្លាក់​ថវិកា​ឱ្យ​​ដល់​សាលារៀន​រដ្ឋ​ចាប់ពី​ដើមឆ្នាំ​នេះ​តទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ធ្វើការ​បង្វែរ​ថវិកា​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​ការ​អនុវត្ត​ថវិកា​ដំណើរការ​សាលារៀន​មាន​ប្រសិទ្ធភាព និង​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​វិស័យ​អប់រំ​។ ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ធ្វើការ​បង្វែរ​ថវិកា​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​ការ​អនុវត្ត​ថវិកា​ដំណើរការ​សាលារៀន​មាន​ប្រសិទ្ធភាព និង​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​វិស័យ​អប់រំ​។ ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា អាច​បង្វែរ​ថវិកា​ដំណើរការ​សាលារៀន​ចំនួន​២​លើក ក្នុង​មួយ​ឆ្នាំ ចូល​ក្នុង​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ទូ​ទាំង​ប្រទេស ដោយ​លើក​ទី​១ ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែ មក​រា​នេះ និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​ក្នុង​ខែមិថុនា ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​លោក ហង់ ជួន ណា​រ៉ុ​ង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ថវិកា​របស់​សាលារៀន​សាធារណៈ ចាប់ពី​ឆ្នាំ​២០១៩​នេះ និង​ឆ្នាំ​បន្តបន្ទាប់​ខាង​មុខ​ទៀត​។

លិខិត​ឆ្លើយ​តប​នឹង​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមករា បាន​បញ្ជាក់​ដោយ​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​បង្វែរ​ថវិកា​ចំនួន​៤​លាន​៥​ម៉ឺន​រៀល ក្នុង​មួយ​សាលារៀន ចូល​ក្នុង​គណនី​ធនាគារ​សាលារៀន​សាធារណៈ​នៅ​ដើម​ខែមករា​នេះ ដើម្បី​ឲ្យ​សាលារៀន​សាធារណៈ អាច​ដក​សាច់ប្រាក់​ផ្ទាល់​សម្រាប់​ទិញ​កុំ​ព្យូ​រ​ទ័​រ​មួយ​គ្រឿង និង​ព្រី​ន​ធ័​រ​មួយ​គ្រឿង​។

ជាមួយ​គ្នា​នេះ ក៏​អនុញ្ញាត​ឲ្យ​បង្វែរ​ថវិកា​អាហារូបករណ៍​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ដោយ​ផ្ទាល់ ដើម្បី​ឧបត្ថម្ភ​សិស្ស​ក្រីក្រ ជួប​ការ​លំបាក​នៅ​បឋម​សិក្សា និង​មធ្យមសិក្សា​ចំណេះដឹង​ទូទៅ​។

ទោះជា​យ៉ាងនេះ​ក្តី ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ ត្រូវ​មាន​យន្តការ​ផ្ទៃក្នុង​ច្បាស់លាស់ ដើម្បី​ឲ្យ​មាន​តម្លាភាព និង​ធានា​ថា សាច់ប្រាក់​អាហារូបករណ៍ ដែល​នៅ​សល់​ជាយថាហេតុ​ពី​ការ​បើក​ផ្តល់​ជូន​សិស្ស​អាហារូបករណ៍ ត្រូវ​បាន​ផ្ទេរ​ចូល​ថវិការដ្ឋ​វិញ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក ហង់ ជួន ណា​រ៉ុ​ង បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ថវិកា​សម្រាប់ ដំណើរការ​សាលារៀន​សាធារណៈ ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បើក​សាច់ប្រាក់ ឲ្យ​ទាន់​ពេលវេលា ដោយសារ​តែ​មាន​បញ្ហា​ប្រឈម​ខ្លះ​នៅ​សេសសល់​ក្នុង​ឆ្នាំ​ចាស់ និង​កើត​ថ្មី​មិន​ទាន់ បាន​ដោះស្រាយ​ឲ្យ​ចប់​សព្វគ្រប់​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ថវិកា​ឆ្នាំ​២០១៩ និង​បណ្តា​ឆ្នាំ​ខាង​មុខ​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨ ដល់​២០២៥ ដើម្បី​ពង្រឹង​លើ​គុណភាព​អប់រំ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រសិទ្ធភាព គណនេយ្យ​ភាព និង​តម្លាភាព​។

ទន្ទឹម​គ្នា​នេះ ក៏​បាន​បន្ត​ការ​គាំទ្រ​ដល់​ការ​អប់រំ​កម្រិត​នៅ​បឋម​សិក្សា និង​មធ្យមសិក្សា តាម​រយៈ​ការ​ពង្រឹង​ការ​គ្រប់គ្រង​សាលារៀន ការ​ផ្គត់​ផ្គង​សម្ភារៈ​សិក្សា និង​ថវិកា ការ​ពង្រឹង​វិន័យ​គ្រូបង្រៀន ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ