ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ត្អូញត្អែរ​ថា ៖ ដើម​ផ្កា​អង្គា​សិល្ប៍​ពិបាក​ដើរ​រក និង​ចំណាយ​ដើមទុន​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម ខិត​ជិត​មក​ដល់ គេ​ឃើញ​ថា​ដើម​ផ្កា​អង្គា​សិល្ប៍ ត្រូវ​បាន​ឈ្មួញ​ដឹក​យក​មក​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នា​ពេល​ខាង​មុខ​នេះ ។ ជួប​ជាមួយ​លោក​ម៉ា​ប់…

រាជធានី​ភ្នំពេញ ៖ រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម ខិត​ជិត​មក​ដល់ គេ​ឃើញ​ថា​ដើម​ផ្កា​អង្គា​សិល្ប៍ ត្រូវ​បាន​ឈ្មួញ​ដឹក​យក​មក​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នា​ពេល​ខាង​មុខ​នេះ ។

ជួប​ជាមួយ​លោក​ម៉ា​ប់ ជា​អ្នក​ប្រកប​របរ​ទិញ​-​លក់​ដើម​ផ្កា​អង្គា​សិល្ប៍​តាម​រដូវ​កាល​បាន​ឲ្យ​ដឹង​ថា រាល់​ឆ្នាំ​ឲ្យ​តែ​រដូវ​កាល​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម​មក​ដល់ គាត់​តែង​ទៅ​រក​ទិញ​ពី​តំបន់​ព្រៃ​ភ្នំ យក​មក​លក់​បន្ត​នៅ​ទីក្រុង​ភ្នំពេញ ហើយ​សម្រាប់​ឆ្នាំ​នេះ​គាត់​ទៅ​រក​ទិញ​យក​មក​ពី​ខាង​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ ។

លោក​ម៉ា​ប់​ បន្ត​ទៀត​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ការ​រក​ទិញ​ដើម​ផ្កា​ប្រភេទ​នេះ​ពី​តំបន់​ព្រៃ​ភ្នំ​កាន់តែ​ពិបាកទៅ​ៗ និង​មាន​ចំងាយ​ឆ្ងាយ ព្រោះ​អ្នក​កាប់​ពិបាក​ដើរ​រក ដោយ​ទិញ​ដើម​ផ្កា​អង្គា​សិល្ប៍​ពី​តំបន់​ព្រៃ​ភ្នំ​មាន​តម្លៃ​ថ្លៃ រួម​ទាំង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន និង​បង់ថ្លៃ​កុង​ត្រួ​ល​សមត្ថកិច្ច​តាម​ផ្លូវ​ច្រើន​កន្លែង ពោល​គឺ​ចំណាយ​ដើមទុន​ច្រើន ទំ​រាំ​តែ​ដឹក​មក​ដល់ទី​ប្រជុំជន​នា​ទីក្រុង​ភ្នំពេញ កាលបើ​លក់​វិញ​ថ្លៃ​ពេក​គ្មាន​អ្នកទិញ ម្ល៉ោះហើយ​ទើប​គាត់​ជួប​ការ​លំបាក ។

បើ​តាម​អ្វី​ដែល​គេ​លើក​ឡើង និង​ត្អូញត្អែរ ដើម​ផ្កា​អង្គា​សិល្ប៍​មានការ​លំបាក​រក ដោយសារ​តែ​តំបន់​ព្រៃ​ភ្នំ និង​តំបន់​មួយ​ចំនួន​ក្លាយជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​អស់ហើយ បើ​ចូល​ទៅ​រក​តាម​ដី​ទាំងនោះ​មិន​បាន​ទេ ទាល់តែ​ទិញ​ ហើយ​ចូល​ទៅ​កាប់​ដោយ​ខ្លួនឯង បើ​ទៅ​ស្វែងរក​នៅ​ដី​ព្រៃ​ផ្សេង​ទៀត មាន​ចំងាយ​ឆ្ងាយ​ៗ ។

ផ្កា​អង្គា​សិល្ប៍​ត្រូវ​បាន​បងប្អូន​បប​ប​ខ្មែរ​កាត់​ចិន ឬ​ជនជាតិ​ចិន​-​វៀតណាម​មាន​ជំនឿ​ថា ជា​ផ្កា​នាំ​លាភសក្ការៈ​ជូន​ពួក​គេ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ទើប​គេ​និយម​ទិញ​ផ្កា​អង្គា​សិល្ប៍​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​១​ថ្ងៃ ឬ​២​ថ្ងៃ ។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ បុណ្យ​ចូល​ឆ្នាំ​ចិន​នឹង​ត្រូវ​ប្រារព្ធ​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ (​ថ្ងៃ​សែន​) ។

លោក តុង សីហា មាន​ទីលំនៅ​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ដែល​ជា​រៀង​រាល់​ឆ្នាំ គាត់​តែងតែ​ទិញ​ផ្កា​អង្គា​សិល្ប៍​ដាក់​តាំង​នៅផ្ទះ​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ។ លោក​បន្ត​ទៀត​ថា ផ្កា​អង្គា​សិល្ប៍​គឺ​ស្ថិត​ក្នុង​ជំនឿ​អមតៈ​របស់​ជនជាតិ​ចិន​ដោយ​ពួក​គេ​ជឿជាក់​ថា ជា​ផ្កា​នាំ​សំណាង ប្រសិនបើ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ផ្កា​អង្គា​សិល្ប៍​រីក​ច្រើន​ល្អ គឺ​បាន​សេចក្តី​ថា ឆ្នាំ​នេះ​ពួក​គេ​នឹង​រកស៊ី​មានបាន ប្រាក់​ហូរហៀរ តែ​ប្រសិនបើ​ផ្កា​នោះ​រីក​មិនសូវ​ល្អ ការ​រកស៊ី​នៅ​ឆ្នាំ​នេះ​ក៏​ទៅ​តាម​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ