បើទោះណាស្ត្រីជាភេទមួយដែលស្ងប់ស្ងាត់ ប៉ុន្តែក៏មិនបញ្ជាក់ថា ពួកនាងមិនយល់អ្វីដែលនៅជុំវិញខ្លួននោះឡើយ ។ បុរសបើទោះណាសម្បូរដោយវោហារ ប៉ុន្តែមានពេលខ្លះការនិយាយរបស់ពួកគេអស់ជាច្រើនម៉ោងនោះគឺគ្មានអត្ថន័យស្មើនឹងវាចាដែលបង្កប់នៅក្នុងភាពស្ងប់ស្ងាត់របស់ស្ត្រីទេ ។ ត្រង់ចំណុចនេះបុរសមួយចំនួនពិតជាពិបាកស្វែងយល់ថា ចំពោះស្ត្រីពួកគេមិនដឹងថា ស្ត្រីចង់បានអ្វីខ្លះ ជាពិសេសក្នុងការជ្រើសបុរសមកធ្វើជាគូជីវិត ។ បើតាមក្រុមអ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថា មាន៣ចំណុចធំៗដែលស្ត្រីចង់បានពីបុរសលើការទាក់ទង ៖
១-ភាពស្មោះត្រង់ ៖
ភាពស្មោះត្រង់របស់បុរសគឺជាអី្វមួយដែលសំខាន់បំផុតសម្រាប់ស្ត្រី ។ ក្នុងករណីនាងឃើញថាអ្នកកំពុងកុហកនោះ នាងនឹងមិនអភ័យទោសឱ្យអ្នកដោយងាយស្រួលទេ ។ ប៉ុន្តែប្រសិនជាអ្នកបញ្ឈប់កំហុសឆ្គងទាំងនេះ ហើយសារភាពដោយស្មោះត្រង់ អ្នកអាចនឹងមានឱកាសជាថ្មី ។ នាងអាចនឹងមានជំនឿលើអ្នកវិញ ដោយឥតសង្ស័យ ។ ការសារភាពរបស់អ្នកពិតជាមានន័យខ្លាំងណាស់ សម្រាប់រូបនាង ។ អ្នកត្រូវចងចាំថា ស្ត្រីគឺតែងតែស្វែងរកនិងចង់បានដៃគូជីវិតម្នាក់ដែលនាងអាចពឹងពាក់បាន ។
២-ស្តាប់និងទទួលយកយោបល់នាង ៖
ប្រសិនជាអស់លោក បុរសៗ កំពុងស្វែងរកការទាក់ទងមួយប្រកបដោយភាពរឹងមាំ អស់លោកចាំបាច់ត្រូវពង្រីក និងកែលំអបំណិនស្តាប់របស់ខ្លួន ។ គួរតែបើកត្រចៀកស្តាប់យោបល់របស់នាង និងមិនត្រូវផ្តល់ដំណោះស្រាយ ដោយយកតាមគំនិតខ្លួនឯងគ្រប់ពេលនោះទេ ។ គួរចាំថា ស្ត្រីមិនមែនជានិច្ចកាលចង់បានតែចម្លើយនោះទេ ។ ពួកនាងក៏ត្រូវការឱ្យអ្នកដទៃជាពិសេសបុរសស្តាប់ការបញ្ចេញមតិរបស់នាង ហើយរឹតតែមិនចង់ឱ្យបុរសរិះគន់យោបល់របស់នាងទៀតផង ។
៣-មានភាពក្លាហាន និងហ៊ានប្រឈមនឹងហេតុការណ៍ទាំងឡាយ ៖
យើងទាំងអស់គ្នាពិតជាដឹងហើយថា ស្ត្រីចំរើនវ័យលឿនជាងបុរស ។ ប៉ុន្តែការដាក់ក្តីសង្ឃឹមលើស្ត្រីឱ្យដើរតួដូចជាម្តាយរបស់អ្នកគ្រប់ពេលនោះ មិនមែនជាអ្វីដែលពួកនាងចង់បាននោះទេ ។ ស្ត្រីក៏ត្រូវការទីពឹងមួយដែលរឹងមាំ និងកក់ក្តៅផងដែរ ។ នាងចង់ឱ្យបុរសដែលជាស្វាមី ជាសង្សាររបស់ខ្លួននេះមានគំនិតចាស់ទុំ ចេះទទួលខុសត្រូវ មានចិត្តស្ងប់ និងចេះគ្រប់គ្រងខ្លួនឯងបានផងដែរ ។ បុរសត្រូវបង្ហាញប្រាប់ទៅស្ត្រីដែលខ្លួនស្រឡាញ់ថា ខ្លួនអាចប្រឈមនឹងហេតុការណ៍គ្រប់បែបយា៉ង ហើយមិនរត់គេចពីហេតុការណ៍ទាំងនោះឡើយ ។
ពិតណាស់ជួនកាល ការធ្វើការងារអ្វីមួយទៅតាមគេបង្គាប់អាចជារឿងល្អម្យា៉ង តែនោះគឺអាចបង្ហាញថា អ្នកកំពុងប្រឈមទៅនឹងហានីភ័យផ្សេងៗផងដែរ ។ ស្ត្រីពិតជាពេញចិត្តខ្លាំងណាស់ ប្រសិននាងដឹងថា នាងអាចពឹងផ្អែកលើបុរសជាស្វាមី ជាគូស្នេហ៍របស់ខ្លួនបាន ៕
ចែករំលែកព័តមាននេះ