ទីក្រុងឡុងដ៍ ៖ យោងតាមរបាយការណ៍មួយរបស់អង្គការOxfam ដែលទទួលបានដោយភ្នាក់ងារទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានឲ្យដឹងថា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងសហគ្រាសធំៗជុំវិញពិភពលោកកំពុងតែទាញអត្ថប្រយោជន៍ពីការបង់ពន្ធក្នុងកម្រិតទាប ។
របាយការណ៍ខាងលើបានឲ្យដឹងមកថា ៖«ចំនួនមហាសេដ្ឋីបានកើនឡើងទ្វេដងតាំងពីវិបត្តិហិរញ្ញវត្ថុមក ហើយទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងដល់ទៅ២,៥ប៊ីលានដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងក្រុមហ៊ុនធំៗទាំងនេះកំពុងតែបង់ពន្ធក្នុងកម្រិតទាបជាងគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ »។
របាយការណ៍បានបន្ដថា ៖«ក្នុងប្រទេសអភិវឌ្ឍន៍ អត្រាពន្ធប្រាក់ចំណូលបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាមធ្យមបានធ្លាក់ចុះពី៦២% ក្នុងឆ្នាំ១៩៧០ មកស្មើ៣៨%ក្នុងឆ្នាំ២០១៣ ។ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍វិញ អត្រាជាមធ្យមសម្រាប់ពន្ធប្រាក់ចំណូលបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តុម្ភស្មើនឹង២៨%»។
យោងតាមសហព័ន្ធអង្គការសប្បុរសធម៌ឯករាជ្យទាំង២០ក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា បុគ្គលចំនួន២៦នាក់គឺមានទ្រព្យសម្បត្តិស្មើនឹងប្រជាជនក្រីក្រប្រមាណ៣,៨ប៊ីលាននាក់កាលពីឆ្នាំ២០១៨ ។ របាយការណ៍របស់ Oxfam បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះនៅមានមនុស្ស៣,៤ប៊ីលាននាក់ដែលរកចំណូលបានតិចជាង៥,៥ដុល្លារក្នុងមួយថ្ងៃ ហើយការវិនិយោគលើសេវាកម្មសាធារណៈដូចជា ការអប់រំ និងសុខាភិបាលជួយកាត់បន្ថយវិសមភាព និងភាពក្រីក្រផងដែរ។
របាយការណ៍ខាងលើផ្តោតសំខាន់លើវិសមភាពភេទ និងកត់សម្គាល់មកថា ស្ត្រីរកប្រាក់ចំណូលបានទាបជាងបុរសប្រមាណ២៣% ហើយបុរសមានទ្រព្យសម្បត្តិច្រើនជាងស្ត្រីប្រមាណ៥០%ផងដែរ ។
Oxfam បាននិយាយក្នុងរបាយការណ៍ខ្លួនថា ៖« ពួកយើងត្រូវតែផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ពួកយើងដើម្បីផ្តល់សេវាកម្មសុខាភិបាល អប់រំ និងសេវាសាធារណៈដទៃឲ្យបានជុំវិញពិភពលោក »។
ពួកគេបានបន្ថែមថា ការយកពន្ធកាន់តែយុត្តិធម៌ជាងមុនលើបុគ្គលអ្នកមានអាចជួយកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ ព្រមទាំងស្ត្រី និងបុរសផងដែរ ៕
ចែករំលែកព័តមាននេះ