ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កសិកម្ម​មាន​សក្ដានុពល និង​ឧត្តម​ភាព​ផ្នែក​ទីផ្សារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា​វិស័យ​កសិកម្ម​កម្ពុជា​បាន​និង​កំពុង​មា​សក្តានុពល ហើយ​ផលិតផល​កសិកម្ម ក៏​ដូច​ជា​វត្ថុធាតុដើម​មាន​ឧត្តមភាព​ផ្នែក​ទីផ្សារ​ទាំង​នៅ​ក្នុង​តំបន់ និង​សកលលោក ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា​វិស័យ​កសិកម្ម​កម្ពុជា​បាន​និង​កំពុង​មា​សក្តានុពល ហើយ​ផលិតផល​កសិកម្ម ក៏​ដូច​ជា​វត្ថុធាតុដើម​មាន​ឧត្តមភាព​ផ្នែក​ទីផ្សារ​ទាំង​នៅ​ក្នុង​តំបន់ និង​សកលលោក ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៨ ស្តី​ពី « ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្តរភាព » កាលពី​ថ្ងៃ​ទី​២២ មក​រា ថា បច្ចុប្បន្ន​វិស័យ​កសិ​កម្ម​កម្ពុជា​កំពុង​មាន​សក្តានុពល កាលានុវត្តភាព និង​ឧត្តមភាព​សម្រាប់​ទីផ្សារ​ផលិតផល​កសិកម្ម និង​វត្ថុ​ធាតុដើម​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក ដោយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​ទាំង​១០​ដែល​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ជាង​១០,៥​លាន​តោន សល់​ស្រូវ​ចំនួន​ជាង​៥​លាន​តោន​សម្រាប់​នាំ​ចេញ និង​បាន​នាំ​ចេញ​អង្ករ​ផ្លូវការ​ចំនួន​ជាង​៦៣,៥​ម៉ឺន តោន ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ដើម្បី​ឱ្យ​វិស័យ​នេះ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ចក្ខុវិស័យ​ក្នុង​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​ផលិតកម្ម​កសិកម្ម​ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​និរន្តរភាព ដែល​នាំ​ដល់​កំណើន​ប្រាក់​ចំណូល វិបុលភាព និង​សុខុមាលភាព​ជូន​ប្រជាជន ។

ជា​រួម គោលដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​គឺ​ត្រូវ​បង្កើន​ការ​នាំ​ចេញ​កសិផល ប្រកបដោយ​គុណភាព និង​សុវត្ថិភាព តាម​រយៈ​ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម បង្កើន​តម្លៃបន្ថែម និង​ពង្រីក​ការ​ប្រកួតប្រជែង​ទីផ្សារ ព្រមទាំង​រក្សា​បាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ប្រកបដោយ​និរន្តរភាព »​។

ទីប្រឹក្សា​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​ថា ៖« នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​របស់​កម្ពុជា​មានការ​រីក​ចម្រើន​ច្រើន​ទាក់ទង​នឹង​ការ​នាំ​ចេញ​។ ជាក់ស្ដែង​យើង​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ច្រើន និង​ចាប់ផ្តើម​មាន​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ ស្វាយចន្ទី​សម្រាប់​នាំ​ចេញ​ផង​ដែរ ។ ដូចនេះ​នៅ​មួយ​រយៈ​៤​ឬ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​មានការ​លេច​ចេញ​នូវ​សញ្ញា​ល្អ​ច្រើន »​។

ទោះបី​យ៉ាងណា លោក​លើក​ឡើង ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​មាន​ភាពល្អ​ច្រើន ប៉ុន្តែ​ទីផ្សារ​មួយ​នេះ​តែងតែមាន​ភាព​ប្រែប្រួល​មិន​ថា​នៅ​កម្ពុជា​ឬ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ​។ លោក​ថា ៖« សម្រាប់​កម្ពុជា​យើង ប្រសិនបើ​មិន​មានការ​ប៉ះពាល់​ទាក់ទង​បញ្ហា​រឿង​EBA ឬ​បញ្ហា​ផ្សេង​ទៀត​នោះ​ទេ ដំណើរការ​ទីផ្សារ​កសិកម្ម​កម្ពុជា​អាច​នឹង​ល្អ​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ »​។

បើ​តាម​លោក​រដ្ឋមន្ត្រី វេ​ង​សា​ខុន ដើម្បី​ឱ្យ​ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្ដរភាព កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​បន្ថែម​ទៀត ដូច​ជា ត្រូវ​បង្កើត​ស្តង់ដា​ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​កំណត់​សូចនាករ និង​យន្តការ​ក្នុង​ការ​វាយតម្លៃ​បញ្ជាក់​គុណភាព​ឱ្យ​បាន​ត្រឹមត្រូវ

ដើម្បី​ទទួល​ផលិតផល​ល្អ​ពិតប្រាកដ ដែល​ទទួលស្គាល់​ដោយ​ទីផ្សារ​ជាតិ និង​អន្តរជាតិ និង​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ឱ្យ​បាន​ល្អ​រវាង​វិទ្យាស្ថាន IRRI និង UN Environment ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រទេស​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រប់​ភាគី ជា​ពិសេស​ដល់​ប្រជា​កសិករ​តាម​អភិក្រម រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ