ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេផ្ទះ២ក្រុម​ទាស់​គ្នាបែកផ្សែង បើកឆាកប្រយុទ្ធផ្អើលប៉ូលិស ព្រោះ​តែ​ចាញ់​ល្បិចលេងបៀ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​មេ​ផ្ទះ​២​ក្រុម​បាន​វាយ​តប់គ្នា​បណ្តាល​ឱ្យ​ខ្លះ​រង​របួស​បែកក្បាល​ និង​ខ្លះ​ទៀត​ពក​មុខ​ ពកមាត់​ ខៀវភ្នែក ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញភូមិ​ ដែលការ​វាយ​តប់​គ្នា​នេះ ត្រូវ​បាន​គេ​ដឹងថា  ផ្តើមចេញ​ពី​រឿង​ទំនាស់​​លេង​បៀ ។​​ ពេលនោះ​ ប៉ូលិស​ប៉ុសិ៍្ត​​កាកាប ប្រដាប់​ដោយ​កាំភ្លើង​ស្ទើរគ្រប់​ដៃ​បាន​​ចេញ​ទៅ​​អន្តរា​គមន៍​​ចាប់ឃាត់ រួច​នាំ​យកទៅ​ឃុំ​​​​ខ្លួនទាំង​សង​ខាង​នៅផ្នែកព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដង្កោ ​។​

ហេតុការណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទីព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ​២០១១ នៅក្នុងភូមិចំការឪឡឹក ​សង្កាត់កាកាប ខណ្ឌដង្កោ ។ គូ​ទំនាស់​ខាង​លើ ត្រូវ​គេ​ដឹង​ថា ម្ខាង​មានគ្នា​ពីរនាក់ គឺឈ្មោះ​អៀ ឱ ​អាយុ​៥៥​ឆ្នាំ ​និងឈ្មោះ​​អៀ សារឿន ហៅបារាំង អាយុ​ជាង​៣០ឆ្នាំ​ រង​របួស​បែកក្បាល​ ពួកគេ​ទាំង​ពីរនាក់​ត្រូវ​ជា​ម្តាយ និង​កូន​​ មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​​ខាងលើ​ ។ ចំណែក​ភាគី​ម្ខាង​ទៀត​​មាន​តែម្នាក់ឯង​ឈ្មោះ​សេម ​ច្រឹប​ អាយុ​៣១​ឆ្នាំ រង​របួស​ពកមុខ ខៀវជាំភ្នែក និង​ប៉ោងមាត់​​មាន​ទីលំនៅក្នុងភូមិ​ជា​មួយ​គ្នា ។

 តាម​ប្រភព​ព័ត៌​មាន​បានឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៨ មីនា មុនពេល​កើតមានការ​វាយ​​តប់ គ្នានេះ ​គូភាគី​ទាំងពីរបានលេង​បៀជុំគ្នា​ដាក់​លុយ ខណៈ​នោះស្ត្រីឈ្មោះ​អៀ សារឿន ហៅ​បារាំង បាន​លេង​ចាញ់​ស្ត្រីឈ្មោះ​សេម ​ច្រឹប​ហើយកើត​ជា​ការមួម៉ៅ​ក្តៅ​ក្រហាយ ក៏ផ្ទុះ​ជម្លោះ​ឡើង​ដោយ​មានការចោទប្រកាន់​គ្នា​ទៅ​វិញទៅ​មកថា លេង ប្រើល្បិច​​ ។ ​ពេលនោះ ពួកគេ​បាន​ជេរបញ្ចោរ​​គ្នា​មួយប្រាវ​រួចក៏ស្ងប់ស្ងាត់​​ទៅ​វិញ ដោយ​អ្នក​ជិត​ខាង​នាំគ្នា​ទៅ​ឃាត់ ។​​ប្រភព​ដដែល​​បន្តទៀត​ថា លុះ នៅព្រឹក​ថ្ងៃទី៣០ មីនា ពួកគេ​បានជួបមុខ​គ្នា​ម្តង​ទៀត ហើយ​​និយាយ​ដៀម​ដាម​ដាក់គ្នា​រហូត​​មាន ទំនាស់​​វាយតប់គ្នា​បណ្តាល​ឱ្យមាន​របួស​​ស្នាម រៀងៗ​ខ្លួន​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើលពេញ​ភូមិ​​ ។

ពេលនោះ​ប៉ូលិស​ប៉ុស្តិ៍​កាកាប ៥ទៅ​៦​នាក់ ប្រដាប់​ដោយអាវុធ​ស្ទើរ​គ្រប់​ដៃ បានចុះ​ទៅ​អន្តរ​ា​គមន៍​ឃាត់ខ្លួន​ទាំង​អស់គ្នា នាំគ្នា​ទៅធ្វើការ​សាក​សួរ​ រួចហើយបញ្ជូនទៅ​ឃុំខ្លួនបណ្តោះ​អាសន្ន ​នៅផ្នែក​ព្រហ្មទណ្ឌ​​ខណ្ឌដង្កោ ហើយ​ពួក​គេ​សុទ្ធ​តែ​មានរបួសស្នាម​រៀងៗខ្លួន៕