ខេត្តកំពង់ចាម ៖ វិធីបុណ្យឡើងខ្ទមអ្នកតាបេង បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ស្ថិតនៅជីកែ សង្កាត់វិហារលួង ក្រុងសួង ដោយមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី រហូតដល់ទៅជាង១.០០០នាក់ កាលពីព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១១ ទៅតាមប្រពៃណីខ្មែរ។ នៅក្នុងទិដ្ឋភាពនោះគេសង្កេតឃើញមានវត្តមានលោកជំទាវ គឹង ចាន់ឌី-គន់ គីម ជាអ្នកជួយឧបត្ថម្ភខាងផ្នែកអាហារទទួលទានដល់អ្នកចូលរួម និងអ្នកឧកញ៉ា អ៊ឹម ប្រុស គ្រូបុរាណខ្មែរ មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធផងដែរ។
តាមលោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យកោះសន្តិភាពដឹងថា មុននឹងពិធីខាងលើចាប់ផ្តើមដំបូងលោកស្រី សិត ណៃសយ អភិបាលស្រុកត្បូងឃ្មុំ និងអភិបាលរងស្រុកបាននិមន្តព្រះសង្ឃមកសូត្រមន្ត នៅសាលាស្រុកត្បូងឃ្មុំកាលពីរសៀលថ្ងៃទី២៨ មីនា ដែលស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ទៅតាមប្រពៃណីខ្មែរ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់បន្តថា នៅព្រឹកថ្ងៃទី២៩ មីនា លោកជំទាវគឹង ចាន់ឌី-គន់ គីម និងអ្នកឧកញ៉ា អ៊ឹម ប្រុស បានចូលរួមដង្ហែតាមក្បួនរថយន្តជាច្រើនគ្រឿងឆ្ពោះទៅកាន់ភូមិជីកែ ហើយអ្នកស្រុកបាននាំគ្នា សែង លោកស្រី ណៃសយ អភិបាលស្រុកត្បូងឃ្មុំ ដើរដោយថ្មើរជើងចំងាយប្រហែលជា១គីឡូម៉ែត្រទើបដល់ខ្ទមអ្នកតាបេង ដែលមានឫទ្ធិបារមីស័ក្តិសិទ្ធ តាំងតែពីដូនតាមកដល់សព្វថ្ងៃ។
តាមការកត់សំគាល់នៅពេលណាដែលមានអ្នកណាម្នាក់បានឡើងជាអភិបាលស្រុកត្បូងឃ្មុំ ហើយនោះ តែងតែរៀបចំនូវកម្មវិធីឡើងអ្នកតាបេង ដោយមានកាប់ក្របីថ្វាយដល់អ្នកតា ដើម្បីបួងសួងសុំសេចក្តីសុខ។ ប្រសិនណាបើលោកអភិបាលស្រុកណាម្នាក់ដែលមិនបានធ្វើតាមគន្លងប្រពៃណីនេះទេ ស្រុកត្បូងឃ្មុំ និងត្រូវជួបនូវគ្រោះរាំងស្ងួត និងបញ្ហាផ្សេងៗទៀតជាមិនខាន ហើយប្រជាពលរដ្ឋមិនមានសេចក្តីសុខ ឡើយ ។ ហេតុដូច្នេះហើយទើបពិធីត្រូវបានរៀបចំឡើងមិនដែលមានអាក់ខាននោះ។
លោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា ពិធីឡើងអ្នកតាមនេះ ត្រូវបានលោកជំទាវគឹង ចាន់ឌី-គន់ គីម បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលបានចូលរួមដោយផ្តល់អាហារសំរាប់ទទួលទាន រហូតដល់ទៅ១៥០តុ។ អ្នកឧកញ៉ា អ៊ឹម ប្រុស បានជួយសាងសង់ខ្ទមអ្នកតាបេងឲ្យធំជាងសព្វថ្ងៃដោយចំណាយប្រាក់អស់ចំនួន២.០០០ដុល្លារ និងជួលល្ខោនបាសាក់នៅខេត្តតាកែវ មកសំដែងឲ្យប្រជាពលរដ្ឋទស្សនាកំសាន្ត១យប់ទល់ភ្លឺទៀតផង។ ពិធីនេះត្រូវបានប្រតិបត្តិតៗគ្នាតាំងតែពីសម័យទុំទាវមកម៉្លេះបន្តដល់សព្វថ្ងៃដោយបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន។
លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានបញ្ជាក់ថា តាមដែលរូបលោកបានកត់សំគាល់មក ឲ្យតែមានមន្រ្តីរាជការណាម្នាក់បានត្រូវថ្នាក់លើ ដំឡើងជាអភិបាលស្រុកត្បូងឃ្មុំហើយនោះត្រូវតែរៀបចំបុណ្យឡើងអ្នកតាបេង ប្រយោជន៍បន់ស្រន់សុំសេចក្តីសុខ បើមិនបានធ្វើទេនឹងមានបញ្ហាផ្សេងៗកើតឡើងជាក់ជាមិនខាន ៕




ចែករំលែកព័តមាននេះ