រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញការសម្តែងជាលើកដំបូងនៅលើឆាកថ្មីនាខេត្តសៀមរាបមក ក្រុមរបាំស្គរនារីដែលមានឈ្មោះថា «មេធា» បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ និងកោតសសើរពីទេពកោសល្យរបស់ពួកនាង។ ជាចំណែកមួយនៃកម្មវិធី«ផ្លែផ្កា»ក្រុមមេធា ដែលជាក្រុមសម្តែងសុទ្ធតែនារីបាននាំយកការសម្តែងថ្មីមួយដែលមានចំណងជើងថា«ឆ្លើយឆ្លង/The Call» មកដល់ខេត្តសៀមរាប ជាមួយនឹងភាពរំភើបដោយសារទេពកោសល្យប្រកបដោយភាពច្នៃប្រឌិតដោយរួមបញ្ចូលនូវការរាំរបាំ ច្រៀង និងប្រើឧបករណ៍ភ្លេង ការសម្តែងត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃពុធ សុក្រ និងអាទិត្យ ចាប់ពីម៉ោង៨យប់ នៅឆាកបាំប៊ូស្តេក ខេត្តសៀមរាប ។
បើតាមការលើកឡើងពីអ្នកសម្របសម្រួលនៃការសម្តែងនេះឲ្យដឹងថា «ការសម្តែងរបស់ក្រុមមេធានៅខេត្តសៀមរាបបានទទួលការកត់សម្គាល់ សំខាន់ៗមួយចំនួន ។ ពួកយើងពិតជាមានមោទនភាពចំពោះសិល្បការិនីយើង ហើយវាពិតណាស់ដែលយើងមានមូលហេតុគ្រប់គ្រាន់ដែលទទួលបានការសរសើរ »។
ទស្សនិកជនដែលបានចូលទស្សនាបានលើកឡើងថា«ការសម្តែងពីដើមដល់ចប់ពិតជាអស្ចារ្យណាស់ ពេលកំពុងទស្សនាវាធ្វើឲ្យខ្ញុំចង់លេងស្គរធំនោះដោយខ្លួនខ្ញុំផ្ទាល់ ។ មេធា ជាក្រុមស្ត្រីដែលមានទេពកោសល្យមិនគួរឲ្យជឿ ខាងផ្នែកតន្ត្រី ការព្យាយាមរបស់ពួកគេបានផ្តល់ផ្លែផ្កាយ៉ាងត្រចះត្រចង់ ។ ការសម្តែងដ៏មានអត្ថន័យនេះវាបានជំរុញទឹកចិត្តស្ត្រីកម្ពុជាផ្សេងៗ ឲ្យចាប់អារម្មណ៍លើតន្ត្រី និងសិល្បៈ ខ្ញុំពេញចិត្តណាស់ ។ រីឯខាងក្នុង និងខាងក្រៅឆាកបាំប៊ូស្តេក រចនាកាន់តែមានភាពទាក់ទាញ។ វាជាទស្សនីយដែលអ្នកត្រូវតែទស្សនានៅខេត្តសៀមរាប ព្រោះវាខុសពីការសម្តែង ផ្សេងៗដែលខ្ញុំបានទស្សនានៅកម្ពុជា »។
ស្ថិតក្រោមគម្រោងសិក្ខាសាលានៃកម្មវិធីអភិវឌ្ឍន៍សិល្បៈរបស់អង្គការសិល្បៈខ្មែរអមតៈ ក្រុមតន្ត្រីស្ត្រីនៅខេត្តសៀមរាបចំនួន៧នាក់ ត្រូវបានផ្តល់ឱកាសចូលរួមក្នុងសិក្ខាសាលា កាលខែមករា ឆ្នាំ២០១៧ ។ ក្រោយមកក្រុមតន្ត្រីស្ត្រីបានបង្កើតស្នាដៃសម្តែងថ្មី ក្រោមការជួយជ្រោមជ្រែង និងណែនាំរបស់តន្ត្រីករអាជីពម្នាក់ពីភ្នំពេញលោកសួន សុភ័ក្ត្រ ។ ស្នាដៃដែលបានបង្កើតថ្មីនេះឈ្មោះថា «ព្រលឹងស្គរជ័យ»។
ក្រោយពីបានចូលរួមសិក្ខាសាលាជាលើកទីពីរ ពួកនាងបានខិតខំសិក្សា និងបានបង្កើតក្រុមស្ត្រីរបស់ខ្លួនដែលមានឈ្មោះថា «មេធា»។ ក្រុមនេះជាក្រុមគំរូមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញអំពីភាពស្មើគ្នារបស់បុរសនិងស្ត្រី ក្នុងវិស័យសិល្បៈតន្ត្រីស្គរបុរាណកម្ពុជា នៃជំនាន់ថ្មីនេះ ។
តន្ត្រីរបស់ក្រុមមេធា គឺជាតន្ត្រីដែលកើតចេញពីការច្នៃប្រឌិតថ្មីលើទម្រង់ស្គរបុរាណកម្ពុជា ហើយមានការទាក់ទងទៅនឹងការរស់នៅបច្ចុប្បន្នរបស់កម្ពុជា ។ របាំនេះបានពាំនាំមកដោយមជ្ឈមណ្ឌលបេតិកភណ្ឌ(វត្តរាជបូព៌) នៃអង្គការសិល្បៈខ្មែរអមតៈ ខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ