ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​នៅ​ពីក្រោយ​គណៈកម្មការឱ្យ ទេស ជីវ៉ា ស្មើ​ពិន្ទុ​កីឡាករ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ឡើង​អស់ពី​សមត្ថភាព កាលពី​ថ្ងៃ​អាទិត្យ​មុន​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​ល្បីឈ្មោះ​ទេស ជីវ៉ា បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​វ័យក្មេង​ថៃ Chen Luop ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ឡើង​អស់ពី​សមត្ថភាព កាលពី​ថ្ងៃ​អាទិត្យ​មុន​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​ល្បីឈ្មោះ​ទេស ជីវ៉ា បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​វ័យក្មេង​ថៃ Chen Luop ប៉ុណ្ណោះ ។ លទ្ធផល​ស្មើ​ពិន្ទុ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​លទ្ធផល​ដែល​ក្រុម​គណៈកម្មការ​ផ្ដល់​ឱ្យ​ដើម្បី​យោង​កីឡាករ​កម្ពុជា​នោះ​ផង​ដោយសារ​តែ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ថៃ​គេ​ន​ប្រៀប​ជាង​ជា​ពិសេស​នៅ​អំឡុង​ទឹក​ទី​៤ និង​ទី​៥​។

យោង​តាម​សកម្មភាព​ប្រកួត​អ្នក​ទស្សនា​ភាគច្រើន​សុទ្ធតែ​មើលឃើញ​ថា កីឡាករ​កម្ពុជា ទេស ជីវ៉ា ពិបាក​ក្នុង​ការ​ទប់ទល់​ជាមួយ​កីឡាករ​ថៃ Chen Luop ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ក្នុង​២​ទឹក​បើក​ឆាក​ដំបូង គេ​ឃើញ​ទេស ជីវ៉ា ទំនងជា​មាន​ប្រៀប​ជាង ប៉ុន្តែ​ឈាន​ដល់​៣​ទឹក​ចុង​ក្រោយ កីឡាករ​ថៃ​វាយ​សម្រុក​ធ្វើ​ឱ្យ​គេ​បាក់​មុខតែ​ម្ដង ។ ទោះជា​មានការ​បកស្រាយ​ថា កីឡាករ​ទាំង​ពីរ​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា ក៏​អ្នក​ទស្សនា​​សុទ្ធតែ​មើលឃើញ​ថា កីឡាករ​ថៃ​មាន​ប្រៀប​ល្អ​ជាង​រហូត​ដល់​៣​ទឹក​ក្នុង​ចំណោម​៥​ទឹក​។

ទោះបី​យ៉ាងណា លទ្ធផល​ចុង​ក្រោយ​គេ​ឱ្យ​កីឡាករ​ទាំង​២​ស្មើគ្នា ខណៈ​ដែល​លទ្ធផល​នេះ ភាគី​ម្ខាង​ៗ​ពេញចិត្ត ប៉ុន្តែ​កីឡាករ​ទេស ជីវ៉ា ក៏​ទទួលស្គាល់​ថា​ខ្លួន​ចាញ់​ប្រៀប​ដែរ​។

កីឡាករ​កម្ពុជា​បញ្ជាក់​ថា ខ្លួន​ពិតជា​មានការ​ចាញ់​ប្រៀប​កីឡាករ​ថៃ​នៅ​ក្នុង​ការ​ប្រកួត​នោះ​បន្តិច​មែន ប៉ុន្តែ​លោក​ថា លទ្ធផល​ចាញ់​ប្រៀប​មិន​ចាញ់​ក្នុង​ស​ន្ទ​ស្សន៍​ភាគច្រើន​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ខ្លួន​ក៏​វាយ​សម្រុកចូល​ថៃ​បាន​ច្រើន​ដែរ ។ លោក​ថា ខ្លួន​ភ័យ​ខ្លាច​លទ្ធផល​ចេញ​មក​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​កីឡាករ​ថៃ​វាយ​សម្រុក​បាន​ល្អ នៅ​២​ទឹក​ចុង​ក្រោយ ដែល​លោក​ទទួលស្គាល់​ថា​ចាញ់​ប្រៀប ។ លោក​ថា ហេតុផល​ដែល​លោក​វាយ​ស៊ី​កីឡាករ​ថៃ​មិន​បាន​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ដោយសារ​តែ​ថៃ​គេ​រឹង​ផ្នែក​ខាងលើ​បាន​ល្អ ហើយ​លោក​ព្យាយាម​វាយ​សម្រុក​ដើម្បី​ផ្ដួល​ខាងក្រោម​គឺ​វាយ​មិន​ចូល ។ កីឡាករ​ថៃ​ដ្បិតថា​វ័យក្មេង ហើយ​មាន​ប្រវត្តិ​ឡើង​រេញ​មិន​ច្រើន ប៉ុន្តែ​សមត្ថភាព​របស់​គេ​គឺ​ល្អ​ពិបាក
ទប់ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ គឺជា​ជំនួប​សងសឹក ទើប​ការ​ប្រកួត​មួយ​នេះ​មិន​ថា​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ សុទ្ធតែ​ប្រឹង​ប្រកួត​គ្នា ដោយ​កីឡាករ​កម្ពុជា​ត្រូវ​ការពារ​កិត្តិយស​ក្នុង​នាម​ជា​កីឡាករ​មានបទពិសោធន៍​យូរ ហើយ​កីឡាករ​ថៃ ត្រូវការ​ជ័យជម្នះ​ក្នុង​នាម​ជា​ជើង​ខ្លាំង​ម្នាក់ ។ មួយគូ​នេះ បើ​មើល​មួយ​ភ្លែត កីឡាករ​ថៃ សម​នឹង​ឈ្នះ​ច្រើន​ជាង ស្របគ្នា​ដែល​គេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន​។

ប៉ុន្តែ​លោក​ថា កីឡាករ​កម្ពុជា ដ្បិត​ថា​ធ្លាក់ដៃ​ក៏​ល្អ​ណាស់​ដែរ ទោះបី​វាយ​ចេញ​បាន​តិច និង​មិនសូវ​វាយ​សម្រុក​តប​ខ្លាំង ប៉ុន្តែ​មួយ​ដៃ​ៗ និង​មួយ​ជើង​ៗ​របស់​គេ ក៏​សុទ្ធតែ​ចំ​គោលដៅ ហើយ​មាន​ចំណុច​ទាក់ទាញ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​បាន​ត្រឹម​ស្មើគ្នា ។ លោក​ប្រកាស​ថា លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​គឺជា​ការ​ដោះស្រាយ​បញ្ហា​កុំឱ្យ​មាន​ទំនាស់​ថា អ្នក​នេះ​ល្អ​ជាង​ម៉េច​ក៏​ឱ្យ​ចាញ់ ហើយ​អ្នក​នោះ​មិន
សម​ចាញ់​ដែរ ម៉េច​ក៏​មិន​ឱ្យ​ឈ្នះ​ជាដើម ។

លោក​ថា លទ្ធផល​ស្មើ​ខ្លះ​ក៏​ជា​រឿង​ល្អ​សម្រាប់​កីឡាករ​ដែល​មាន​សមត្ថភាព​២​នាក់ ជា​ពិសេស​ស្ថិត​ក្នុង​ស្ថានភាព​ដែល​បង្គោល​ក្រហម​ក៏​ល្អ បង្គោល​ខៀវ​ក៏​ល្អ ខណៈ​ដែល​លទ្ធផល​នេះ​ក៏​ជួយ​ដោះ​ស្រាយ​ទំនាស់​រវាង​អ្នក​ភ្នាល់​និង​អ្នក​ភ្នាល់ កុំឱ្យ​ពុះកញ្ជ្រោល​នឹង​ការ​បង្ហាញ​ប្រតិកម្ម ។ លោក​និយាយ​ថា ការ​ពិត​លទ្ធ​ផល​ស្នើ​យើង​មិនមែន​ចេះ​តែ​ឱ្យ​ទេ ពេល​ខ្លះ​វា​ល្អ​ទាំង​សម្រាប់​កីឡាករ និង​ល្អ​ទាំង​សម្រាប់​គណៈកម្មការ ព្រោះ​ការ​ប្រកួត​ខ្លះ​តែ​ឱ្យ​មិន​ស្រួល​គឺ​មានរឿង​រញ៉េរញ៉ៃ​តែ​ម្ដង ។

លោក​និយាយ​បែប​នេះ​មិនមែន​សំដៅលើ​ការ​ប្រកួត​រវាង​កីឡាករ ទេស ជីវ៉ា និង​កីឡាករ​ថៃ​នៅ​ក្នុង​ថ្ងៃ​នោះ មិនល្អ ឬ​មាន​អ្នកទិញ​ដូរ​លទ្ធផល​ពីក្រោយ​ខ្នង ទើប​នាំ​ឱ្យ​ក្រុម​គណៈកម្មការ​ផ្ដល់​ពិន្ទុ​សម្រេច​ឱ្យ​ស្មើ​នោះ​ទេ ដោយ​គ្រាន់តែ​លោក​ឧទាហរណ៍ និង​ថា​ហេតុផល​នៃ​ការ​ឱ្យ​ស្មើ​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ដោយសារ​តែ​ឱ្យ​កីឡា​ករ​ថៃ​ឈ្នះ​ក៏​ស្ដាយ ហើយ​បើ​ឱ្យ​កីឡាករ​កម្ពុជា​ឈ្នះ​ក៏​ស្ដាយ​ប៉ុណ្ណោះ ។

លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ អ៊ីចឹង​លទ្ធផល​មិន​ឱ្យ​អ្នក​ណា​មាន​ពិន្ទុ​នាំ​មុខ​គឺជា​ជម្រើស​តែ​មួយ​គត់ ដើម្បី​ឱ្យ​កីឡាករ​ម្ខាង​ៗ​អស់ចិត្ត ។ លោក​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ជា​ថ្មី​ម្ដងទៀត តែ​រង់ចាំ​ឱ្យ​កីឡាករ​ថៃ និង​ទេស ជីវ៉ា បាន​ត្រៀមខ្លួន​ឱ្យ​គ្រប់គ្រាន់​សិន ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ម្ដងទៀត តើ​អ្នក​ណា​នឹង​ឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ