ខេត្តរតនគិរី៖ ទូកដឹកថ្មមួយគ្រឿងជិះគ្នា៦នាក់បានជួបគ្រោះថ្នាក់ បណ្តាលឱ្យលិចកណ្តាលទន្លេ ធ្វើឱ្យបាត់ខ្លួនស្ត្រីម្នាក់ និងមនុស្ស៥នាក់ផ្សេងទៀតរួចផុតពីគ្រោះថ្នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ។
តាមរបាយការណ៍របស់ប៉ូលិសស្រុកបានអោយដឹងថា ជនរងគ្រោះដែលបាត់ខ្លួនឈ្មោះហ៊ួង ដែង ភេទស្រី អាយុ៣៧ឆ្នាំ ជាជនជាតិឡាវកាត់ខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា បើតាមការរៀបរាប់ពីសំណាក់ពីជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ពួកគាត់បានជិះទូក១គ្រឿងមានគ្នា៦នាក់ រួមទាំងប្រពន្ធ ប្តី និងកូនប្រុស២នាក់ ព្រមទាំងអ្នកភូមិ២នាក់ទៀតបានជិះទូកទៅត្រើយម្ខាង ដើម្បីទៅដឹកខ្សាច់ និងថ្មយកមកទុកលក់ ។
ពេលលើកខ្សាច់ និងថ្មដាក់ពេញទូកហើយក៏នាំគ្នាបញ្ឆេះម៉ាស៊ីទូកដើម្បីត្រឡប់មកផ្ទះវិញ លុះមកដល់ពាក់កណ្តាលទន្លេ ក៏មានខ្យល់ និងរលក រួមទាំងទឹកហូរកួចខ្លាំងផង បណ្តាលអោយលិចទូក ហើយភ្លាមនោះមានទូកប្រជាពលរដ្ឋបើកកាត់ចំនួន២គ្រឿងក៏បានធ្វើការជួយសង្គ្រោះបានមនុស្សចំនួន៥នាក់ ចំណែកស្ត្រីរងគ្រោះខាងលើ ពួកគេឃើញលើកដៃហៅអោយគេជួយដែរ ក៏ប៉ុន្តែពេលបើកទូកទៅជួយខ្វះតែ២ម៉ែត្រទៀតទៅដល់ ស្រាប់តែស្ត្រីរងគ្រោះបានលេចបាត់ស្រមោលតែម្តង រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅមិនទាន់រកឃើញសពស្ត្រីខាងលើនៅឡើយទេ។
ចំពោះការបាត់បង់ស្រី្តរងគ្រោះខាងលើនេះ ក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំងមិនគួរណាស្លាប់ចោលកូន៣នាក់ក្នុងបន្ទុក។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលលិចទូកនេះ គឺបណ្តាលមកពីដាក់ខ្សាច់និងថ្មច្រើនពេកទើបបណ្តាលអោយលិច៕
ចែករំលែកព័តមាននេះ