ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តរុណី​កីឡា​ចំបាប់​ឡឹម គី​ម​លៀង និង​ឡឹម គី​ម​ឡៃ បង្ហាញ​ក្ដី​ស្រមៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​មានចិត្ត​ស្រឡាញ់ កីឡា​ខ្លាំង និង​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​ឪពុក​ម្ដាយ​ផង​នោះ ធ្វើ​ឱ្យ​តរុណី​កីឡា​ចំបាប់​២​នាក់​បងប្អូន​គឺ​កញ្ញា​ឡឹម គី​ម​លៀង និង​ឡឹម គី​ម​ឡៃ បង្ហាញ​កី្ត​ស្រមៃ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​មានចិត្ត​ស្រឡាញ់ កីឡា​ខ្លាំង និង​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​ឪពុក​ម្ដាយ​ផង​នោះ ធ្វើ​ឱ្យ​តរុណី​កីឡា​ចំបាប់​២​នាក់​បងប្អូន​គឺ​កញ្ញា​ឡឹម គី​ម​លៀង និង​ឡឹម គី​ម​ឡៃ បង្ហាញ​កី្ត​ស្រមៃ
របស់​ខ្លួន​គឺ​ការ​ដណ្ដើម​មេដាយ មាស​ជូន​ជាតិ​ឱ្យ​បាន​ពី​ព្រឹត្តិការណ៍​ប្រកួត អន្តរជាតិ​នានា តាម​រយៈ​ការ​ប្រឹងប្រែង​ហ្វឹកហាត់ ជាប់​ជា​ប្រចាំ​ជាមួយ​គ្រូបង្វឹក​ដែល​មាន​ជំនាញ ខ្ពស់​នៅ​ក្នុង​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កីឡាការិនី​ទាំង​២​នាក់​បងប្អូន បាន​ប្រាប់​ថា​នាង​ស្រឡាញ់​កីឡា​ចំបាប់​តាំងពី​តូច​ៗ​ពោល​គឺ​តាំង ពី​នាង​រស់នៅ​ឯ​ទឹកដី​កម្ពុជា​ក្រោម​ម្ល៉េះ ។ ជា​ពិសេស​នៅ​ពេល​ពួក​នាង​បាន​មើល​ទូរទស្សន៍ ឃើញ​គេ​ប្រកួត​ចំបាប់​កាន់តែ​ធ្វើ​ឱ្យ​នាង​មាន ចិត្ត​ពុះកញ្ជ្រោល​ចង់​ហ្វឹកហាត់​កីឡា​មួយ​នេះ កាន់តែ​ខ្លាំង ។

ពួក​នាង​និយាយ​ថា ពី​ដំបូង​ចង់​ហ្វឹកហាត់​ទុក​គ្រាន់​ការពារ​ខ្លួន​ប៉ុណ្ណោះ លុះ​ចូល​ហ្វឹកហាត់​ស៊ប់​ពួក​នាង​បែរជា​ចង់​ក្លាយជា​កីឡាការិនី​ខ្លាំងពូកែ​ដើម្បី​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​នានា ។ សម្រាប់​ការ​ហ្វឹកហាត់​រយៈពេល​ជាង​៤​ខែ​មកនេះ នាង​ទទួលស្គាល់​ថា មានការ​កើនឡើង​ផ្នែក​កម្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទោះបី​ផ្នែក​បច្ចេកទេស​នៅ​ខ្សោយ​ក្ដី ក៏​ពួក​នាង​បាន​តាំងចិត្ត​ពុះពារ​ជម្នះ​រាល់​ការ​លំបាក ខិតខំ​ហ្វឹកហាត់​រហូត​សម្រេច​គោលដៅ​នា ពេល​ខាង​មុខ ។ ដោយ​មាន​កាយសម្បទា​រឹង​មាំ​គួប​ផ្សំ​នឹង​ការ​មាន​មហិច្ឆតា​ខ្ពស់​ផង​ធ្វើ​ឱ្យ​កីឡាការិនី​២​នាក់​បងប្អូន​នេះ​កំពុង​ក្លាយជា​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​របស់​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធកីឡា​ចំបាប់​កម្ពុជា បានឱ្យ​ដឹង​ថា ពេល​លោក​បានឃើញ​នាង​ឡឹម គី​ម​លៀង​និង​ឡឹម គី​ម​ឡៃ លោក​នឹកឃើញ​ដល់​បងប្អូន​ស្រី​ភ្លោះ​២​នាក់ ជនជាតិ​រុ​ស្សុ​ី ដែល​មាន​សមត្ថភាព​ខ្ពស់​អាច ដណ្ដើម​បាន​មេដាយមាស​អូ​ឡាំ​ពិ​ក និង​មេដាយ មាស​ពិភពលោក​ជា​ច្រើន​ជំនាន់ ។

ដូច្នេះ​នេះ​គឺជា​ក្ដី​ស្រមៃ​របស់​លោក​ដែល​មាន​ជា​យូរ​មក​ហើយ ទោះបី​ពួក​នាង​មិន​អាច​ដណ្ដើម​បាន​មេ​ដាយមាស​អូ​ឡាំ​ពិ​ក ឬ​ពិភពលោក​ដូច​គេ​ក្ដី​បើ​បាន​ត្រឹមតែ​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​ក៏​លោក​សុខចិត្ត​ដែរ ។ លោក​បន្ត​ថា សព្វថ្ងៃ​ពួក​នាង​នៅ​ខ្ចី ត្រូវការ​ពេលវេលា​យូរ​ឆ្នាំ​ដើម្បី​ហ្វឹកហាត់​លត់​ដំ​ខ្លួន​ពង្រឹង​ទាំង​កម្លាំង​និង​បច្ចេកទេស ។

សម្រាប់​ពួក​នាង​ប្រហែលជា​គ្មាន​អ្វី​ត្រូវ​ពិបាក​នោះ​ទេ ព្រោះ​ពួក​នាង​មាន​អ្វី​ដែល​យើង​ចង់បាន​រួច​ទៅ​ហើយ ព្រោះ​គោលការណ៍​អ្នក​ដែល​ចង់​ហាត់​កីឡា ក៏​ដូច​ជា​ចង់​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ខ្លាំងពូកែ​ត្រូវ​តែ​មាន​៣​ចំណុច​សំខាន់​គឺ​ទី​១-​ឆ​ន្ទះ​ចង់​ហាត​ពិតប្រាកដ​មិន​ខ្លាច​ការ​លំបាក ទី​២-​កាយសម្បទា​រឹង​មាំ​ពី​កំណើត និង​ទី​៣-​ទទួល​បានការ​គាំទ្រ​និង​ជំរុញ​លើកទឹកចិត្ត​ពី​ឪពុក​ម្ដាយ ។ សព្វថ្ងៃ ពួក​នាង​ត្រូវ​បាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដោយ​បាន​ផ្ដល់​ទីកន្លែង​ស្នាក់​នៅ ហូប​ចុក រៀនសូត្រ​យ៉ាង​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​នាង​ដែល​ផ្ដាំផ្ញើ​មានការ​កក់ក្ដៅ ។

គួរ​បញ្ជាក់​ថា កីឡាការិនី​ពីរ​នាក់​បងប្អូន​នេះ​នាង​ឡឹម គី​ម​លៀង មាន​អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ និង​ឡឹម គី​ម​ឡៃ អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៦ នៅ​សាលា​បាក់​ទូក​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ