រាជធានីភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសម រង្ស៊ី មានលោកស្រីមូរ សុខហួរ, សុន ឆ័យ, យឹម សុវណ្ណ និងអភិបាលខណ្ឌសែនសុខ លោកឃួង ស្រេង បានចុះទៅពិនិត្យមើលក្រុមហ៊ុន ធី & ភី (ក្រុមហ៊ុននាំពលករ-ពលការិនីទៅធ្វើការនៅក្រៅប្រទេស) ដែលធ្លាប់មានពលការិនីដេកស្លាប់ និងពលការិនីខ្លះទៀតលោតពីលើអគារ រងរបួសធ្ងន់ធ្ងរ និងការចុះពិនិត្យមើលក្រុមហ៊ុននេះផងដែរ គឺក្រុមតំណាងរាស្ត្រ និងលោកអភិបាលខណ្ឌបានស្វះស្វែងរំដោះក្មេងស្រីម្នាក់ (ពលការិនីមិនទាន់គ្រប់អាយុ) ចេញពីក្រុមហ៊ុននេះ ផងដែរ។
លោកអភិបាលខណ្ឌសែនសុខឃួង ស្រេង បានមានប្រសាសន៍ថា ការស្លាប់របស់ពលការិនី និងការលោតពីលើអគារបណ្តាលឱ្យរងរបួស គឺបង្ហាញច្បាស់ណាស់ថា ក្រុមហ៊ុនខ្វះ ការយកចិត្តទុកដាក់ចំពោះពលការិនីដែលស្នាក់នៅត្រៀមចេញទៅបម្រើការនៅក្រៅប្រទេស ។ ចំពោះការបិទអាជីវកម្មដំណើរការរបស់ក្រុមហ៊ុននេះ គឺអាជ្ញាធររង់ចាំការសម្រេចពីតុលាការ តែប៉ុណ្ណោះ។ លោកសុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសម រង្ស៊ី បានប្រាប់ថា ការចុះមកក្រុមហ៊ុន ភី & ធី នេះគឺដើម្បីរំដោះក្មេងស្រីដែលចង់ត្រឡប់ទៅផ្ទះវិញ បន្ទាប់មកពិនិត្យមើលលក្ខណសម្បត្តិរបស់ក្រុមហ៊ុននេះថា តើមានបរិស្ថានយ៉ាងម៉េច? ក្រុមហ៊ុនធ្វើការជាមួយពលការិនីដោយរបៀបម៉េច និងពិនិត្យទៅលើពលការិនីដែលមកស្នាក់នៅក្នុងក្រុមហ៊ុននេះ ។
លោកសុន ឆ័យ បានមានប្រសាសន៍ថា ការចុះមកអង្កេតរបស់ក្រុមអ្នកតំណាងរាស្ត្រនាពេលនេះគឺឃើញថា ក្រុមហ៊ុននេះមិនមានភាពប្រក្រតីទេ មានក្មេងស្រីមិនទាន់គ្រប់អាយុ និងមានការធ្វើរបងព័ទ្ធជុំវិញដូចជាគុកព្រៃ.ស។ ការស្លាប់របស់នារីម្នាក់កាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ គឺស្លាប់ដោយសារថប់ខ្យល់ច្រើនជាង ព្រោះពេលក្រុមអ្នកតំណាងរាស្ត្រចូលពិនិត្យបន្ទប់ស្នាក់នៅរកឃើញថា គ្រប់បន្ទប់មានមនុស្សដេក៣០នាក់ ហើយបន្ទប់នោះតូចចង្អៀត គឺមានក្លិនមិនល្អ ថប់ខ្យល់ អាចបណ្តាលឱ្យពលការិនីទាំងនោះពលបរិស្ថានសន្លប់ និងខ្យល់គរដួលស្លាប់ក៏មាន៕
ចែករំលែកព័តមាននេះ