រាជធានីភ្នំពេញ៖ តារាចម្រៀងកញ្ញាទេព បូព្រឹក្ស បានទទូចឲ្យមនុស្សមួយចំនួនឈប់ប្រើពាក្យឌឺដងរឿងសំណង១ម៉ឺនដុល្លារដល់នាងទៀត ដ្បិតរឿងរ៉ាវនេះបានចប់ហើយ ។ បូព្រឹក្ស មិនសប្បាយចិត្តចំពោះពាក្យផ្លែផ្កាដែលជះលើរូបនាង ដោយភ្ជាប់លុយនេះទៅនឹងបញ្ហាផ្សេងៗមិនត្រូវទំនង ។
ថ្មីៗកន្លងមកទេព បូព្រឹក្ស បានស្នើសុំថា «សុំឈប់ប្រើពាក្យឌឺដងខុសរបៀបដាក់ខ្ញុំទៀតទៅបងប្អូន រឿងលុយមួយមុឺនដុល្លារនោះទៀតទៅ ។ ខ្ញុំដើរលេងជាមួយគ្រួសារខ្ញុំក៏ថា ងាប់បានមួយម៉ឺនហើយ ហើយខ្ញុំទិញគ្រឿងអលង្ការពាក់ ក៏ថាដោយសារលុយហ្នឹង ។ អ៊ីចឹង ខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃជាង៧ឆ្នាំនេះមកយ៉ាងម៉េចវិញ ហើយ បងៗអត់ឃើញខ្ញុំយកលុយនោះទៅណាខ្លះទេឬ ? មានបានមើលព័ត៌មាននៅថាខ្ញុំធ្វើដូចពាក្យខ្ញុំនិយាយអត់ ជួយអង្គការ និងសិល្បករ ចាស់់ៗ និងមន្ទីរពេទ្យគន្ធបុប្ផា ហើយបានដល់បងអេ រដ្ឋា ដែរតើ ហើយបានទៅវត្តចូលបុណ្យធ្វើវិហារទៀតណាបង ។
បងប្អូនម៉េចបានអ៊ីចឹង ទាល់តែត្រូវរៀបរាប់ប្រាប់ម្តងហើយម្តងទៀត ។ យូរៗទៅបងប្អូនចង់កាន់ជើងមនុស្សខូចឬ ? ហើយសុំចប់ណាបងប្អូនសូមគិតពិចារណាផងមុននឹងបងប្អូនshare ឬ comment »។
ការទទូចរបស់ទេព បូព្រឹក្ស បន្ទាប់ពីមានការរិះ និងប្រើពាក្យឌឺដងពីមហាជនទៅលើរូបថតមួយសន្លឹកដែលគេបានបង្ហោះដោយភ្ជាប់ជាមួយនឹងខ្សែ.កមួយខ្សែដែលមានតម្លៃ ភ្ជាប់ទៅនឹងសំណង១ម៉ឺនដុល្លារដែលនាងបានទទួលពីរឿងរ៉ាវជះស្រាបៀរលើនាងកាលពីពេល ថ្មីៗកន្លងមក ។
រឿងជះស្រាបៀរនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ ខណៈពេលដែលទេព បូព្រឹក្សបានlive តាមហ្វេសប៊ុកទាមទាររកយុត្តិធម៌ពេលកើតហេតុ ភ្លាមៗ ។ បន្ទាប់ពីរឿងហេតុបានកើតឡើង ទេព បូព្រឹក្ស ក៏បានដាក់ពាក្យប្តឹងទាមទារឲ្យជនបង្កសុំទោសជាសាធារណៈ និងទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ។ បន្ទាប់ពីមានការសម្របសម្រួលគ្នាដោយសន្តិវិធីមកទេព បូព្រឹក្ស ទទួលបានការសុំទោសពីជនបង្ក និងទទួលបានសំណងត្រឹម១ម៉ឺនប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ