ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិក​បាន​បន្ត​មរតក​ត្បាញ​បង្គី​ពី​ដូនតា ពិតជា​កម្រ​មាន​ណាស់​បច្ចុប្បន្ន​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​រស់នៅ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​បន្ត​មរតក​ត្បាញ​បង្គី​ពី​ដូនតា​រហូត​ដល់​សព្វថ្ងៃ ដើម្បី​ទ្រទ្រង់​ជីវភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។ យ៉ាងនេះ​ក្តី​ពួក​គាត់​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​ហើយ​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​រស់នៅ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​បន្ត​មរតក​ត្បាញ​បង្គី​ពី​ដូនតា​រហូត​ដល់​សព្វថ្ងៃ ដើម្បី​ទ្រទ្រង់​ជីវភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។ យ៉ាងនេះ​ក្តី​ពួក​គាត់​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​ហើយ​ដែរ ព្រោះ​ទីតាំង​ដែល​គាត់​ត្រូវ​ទៅ​បោច​ដើម​រំពា​ក់មក​ត្បាញ​បង្គី​ត្រូវ​បាន​គេ​ឈូស​ឆាយដី​ព្រៃ​អស់​ទៅ​ហើយ ។

ស្ត្រី​ឈ្មោះ សុខ នី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​ត្បាញ​បង្គី​នេះ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដើម្បី​ដោះស្រាយ​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ជា ថ្លៃ​កូន​ទៅ​រៀន​ជាដើម ។ ក្នុង​មួយ​ថ្ងៃជា​មធ្យម​គាត់​ត្បាញ​បាន​បង្គី​៤​ទៅ​៦​បង្គី ឬ​ច្រើន​ជាង​នេះ បើ​គាត់​ខំ ។

ចំណែកឯ​ស្ត្រី​ឈ្មោះ​ក្រួច ញ៉ អាយុ​៤៦​ឆ្នាំ​វិញ​ក៏​បាន​និយាយ​អោយ​ដឹង​ថា គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ បើ​មាន​ដើម​រំ​ពាក់​គ្រប់គ្រាន់ ក្នុង​មួយ​ថ្ងៃ​ត្បាញ​បាន​រហូត​ទៅ​ដល់​១០​សម្រាប់ ឬ​ស្មើនឹង​២០​បង្គី​ឯណោះ ។ បង្គី​១​លក់​បាន​តម្លៃ​៣​បាន់​រៀល ។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រ​ដើម​រំ​ពាក់​ណាស់ គាត់​មិន​អាច​ត្បាញ​បាន​ច្រើន​ទៀត​ទេ ព្រោះ​ទៅ​បោច​រំពា​ក់មួយ​ថ្ងៃ​យក​មក​ត្បាញ​បាន​តែ​២​ថ្ងៃ គឺ​អស់ហើយ ។

ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ឈ្មោះ ម៉ៅ គ​ន្ធា អាយុ​៣៧​ឆ្នាំ ក៏​បាន​និយាយ​ឱ្យ​ដឹង​ដែរ​ថា ព្រៃ​ដែល​គាត់​ទៅ​បោច​ដើម​រំ​ពាក់ គឺ​ដល់​ភូមិ​ប្រ​ស្នឹ​ប​ឯណោះ ដែល​ត្រូវ​ចេញ​តាំងពី​ព្រឹក​រហូត​ដល់​យប់​បាន​មក​ដល់​ផ្ទះ​វិញ ដោយ​វេចបាយ​កញ្ចប់​ទៅ ហើយ​ពេល​យក​ដើម​រំ​បាក់​មក​ត្បាញ​បាន​តែ​២​ថ្ងៃ​ក៏​អស់​ទៅ​ហើយ ទើប​នាំ​គ្នា​ចេញ​ទៅ​បោច​ម្តងទៀត ។ ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា មុខរបរ​ត្បាញ​បង្គី​លក់ គឺ​មិន​មាន​ចំណាយ​ដើមទុន​នោះ​ទេ​គ្រាន់តែ​អស់​ថ្លៃ​ជិះ​គោ​យន្ត ប៉ុណ្ណោះ​ទៅ​មួយ​ជើង​គេ​យក​ម្នាក់​៣​ពាន់​រៀល ក្រៅពី​នោះ​វត្ថុធាតុដើម​មាន​ដើម​រំ​ពាក់ និង​កូន​ឈើ ធ្វើ​ធ្នង់​បង្គី គឺ​កាប់​ពី​ព្រៃ​មក​ទាំងអស់ ។ យ៉ាងនេះ​ក្តី​ស្រី្ត​រូប​នោះ​បាន​បញ្ជាក់​ថា ដើម​រំ​ពាក់​ក្រៅ​តែ​ពី​គេ​ឈូស​ឆាយដី​ព្រៃ​ក៏​នៅ​មាន​អ្នក​ជីក ឬ​ស រំ​ពាក់ យក​មក​ធ្វើ​ថ្នាំ​ថែរ ទើប​ដើម​រំ​ពាក់​ចេះ​តែ​ក្រ​ទៅ​ៗ ។

សូម​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​ប៉ាត​ឡា​ង ភូមិ​ក្រាំង​លាវ ស្ថិត​ក្នុង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ជាង​៨០​ភាគរយ សុទ្ធតែ​អ្នក​ប្រកប​របរ​ត្បាញ​បង្គី​គ្រប់​ៗ​គ្នា ដែល​ជា​មុខរបរ​បន្ទាប់បន្សំ ក្រៅពី​ការងារ​ស្នូល គឺ​ស្រែ​ចម្ការ ហើយ​មុខរបរ​មួយ​នេះ ពួក​គាត់​បាន​ប្រក​បរយូ​ឆ្នាំ​ណាស់​មក​ហើយ ដែល​បន្ត​មរតក​ពី​ដូនតា ។

ប្រជាពលរដ្ឋ​ទាំងនោះ​បានអោយ​ដឹង​ដែរ​ថា ក្នុង​ម្នាក់​ជា​មធ្យម​គាត់​បាន​ពី​៦​ទៅ​១០​បង្គី ក្នុង​បង្គី​មួយ​លក់​ថ្លៃ​៣​ពាន់​រៀល ដូច​ច្នេះ​គាត់​អាច​រក​ចំណូល​បាន​ពី​២​ទៅ​៣​ម៉ឺន​រៀល ដោយ​មិន​ចំណាយ​ទុន​ច្រើន​នោះ​ទេ ហើយ​ចំណូល​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ប្រចាំ​ថ្ងៃ ក្រៅពី​ចំណូល បាន​ពី​ស្រែ​ចម្ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ