ទីក្រុងហូជីមិញ ៖ អ្នកតំណាងវៀតណាមនៅក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន បានឲ្យដឹងថា វិស័យសម្លៀកបំពាក់និងវាយនភ័ណ្ឌរបស់វៀតណាម នឹងទទួលរងការប៉ះពាល់ខ្លាំងជាងគេពីវិធានដើមកំណើតទំនិញក្រោមកិច្ចព្រមព្រៀងស៊ីជម្រៅ និងដំណើរការទៅមុខសម្រាប់ភាពដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក(CPTPP) ។ នេះតាមការចេញផ្សាយពី Viet Nam News កាលពីថ្ងៃទី១៩ មករា កន្លងមក ។
លោក Bui Kim Thuy អ្នកតំណាងរូបនេះបន្ដថា កិច្ចព្រមព្រៀង CPTPP ដែលចាប់មានប្រសិទ្ធភាពក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន នឹងផ្តល់ឱកាស ក៏ដូចជាឧបសគ្គជាច្រើនដល់ប្រទេសវៀតណាមដែរ ប៉ុន្តែវត្ថុធាតុដើមសម្រាប់សម្លៀកបំពាក់ និងវាយនភ័ណ្ឌអាចនឹងមានបញ្ហាច្រើន ។
លោក Truong Van Cam អនុប្រធាសមាគមន៍វាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាមបានឲ្យដឹងថា ៖« អ្នកណាក៏និយាយថាវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់នឹងទទួលបានអត្ថប្រយោជន៍ច្រើនដែរ ព្រោះតែCPTPP ប៉ុន្តែប្រសិនបើមិនមានការគាំទ្រគ្រប់គ្រាន់ទេនោះ ឱកាសអាចក្លាយទៅជាឧបសគ្គវិញ។
គួរបញ្ជាក់ដែរថា វិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌវៀតណាមជាប់ចំណាត់ថ្នាក់លេខពីរលើពិភពលោកក្នុងផ្នែកប្រាក់ចំណូលពីការនាំចេញដែលស្មើ៣៦,១ប៊ីលានដុល្លារកាលពីឆ្នាំ២០១៨ កន្លងមកនេះ ។ ទោះជាយ៉ាងនេះក្ដី ប្រទេសវៀតណាមត្រូវនាំចូល៨០%នៃវត្ថុធាតុដើមសម្រាប់ផលិតកម្ម ។
លោក Cam បាននិយាយថា តម្រូវការវត្ថុធាតុដើមទាំងនេះបានក្លាយទៅជាបញ្ហាដ៏ធំមួយសម្រាប់វិស័យនេះ ។
បច្ចុប្បន្ននេះ វៀតណាមនាំចូលកប្បាសដល់ទៅ៩៩% អំបោះ៧០% និងក្រណាត់ដល់ទៅ ៨០%ពីបរទេស ។ យោងទៅតាមអនុប្រធានខាងលើនេះ បញ្ហាធំជាងគេគឺវៀតណាមនាំចូលក្រណាត់តែ១០%ប៉ុណ្ណោះពីប្រទេសជប៉ុន និងប្រទេសដទៃដែលជាសមាជិក CPTPP ។ លើសពីនេះទៀត វៀតណាមមិនមានសមត្ថភាពក្នុងការផលិតក្រណាត់សម្រាប់ការនាំចេញឡើយ ។
លោក Cam បានបន្ថែមថា ដើម្បីទាញអត្ថប្រយោជន៍ពី CPTPP សហគ្រាសវៀតណាមគួរតែយល់ដឹងបន្ថែមពីវិស័យនេះ ចំណុចខ្លាំងរបស់វា និងទីផ្សារក្នុង CPTPP ជាដើម ៕
ចែករំលែកព័តមាននេះ