ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​គិត​ថា​ប្តី​មិន​ហ៊ាន មួយសន្ទុះ​អ្នក​ជិតខាង​មក​ប្រាប់​…​រត់​ទៅ​មើល​សល់​តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ និង​ដុត​ផ្ទះសម្បែង បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ ហើយ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ពួក​ធ្វើការ​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តសៀមរាប ៖ ប្តី​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ និង​ដុត​ផ្ទះសម្បែង បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ ហើយ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ពួក​ធ្វើការ​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​តា​ស្នែ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។

តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ពេ​ទ ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​រហូត​ឈាន​ដល់​ដុត​ផ្ទះសម្បែង​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់​ទៀត​ផង ។

ពេល​នោះ​លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​របស់​អធិការ​ស្រុក ចេញ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ជា​អកុសល ដោយសារ​ផ្ទះ​នោះ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ទើប​ជួយ​មិន​ទាន់ ណាមួយ​នៅ​ឆ្ងាយ​ពី​ស្រុក​ផង​។

លោក​បាន​បន្ត​ថា ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ស្លឹក​ប្រក់​ស័ង្កសី រួម​ទាំង​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​ដែល​រង​ការ​ខូចខាត​មួយ​ចំនួន​រួម​មាន ប្រាក់​ចំនួន​២០០​ដុល្លារ ស្រូវ​៣​កា​រ៉ុ​ង អង្ករ​១​កា​រ៉ុ​ង សរុប​អស់​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៥​លាន​រៀល​។

លោក​បាន​បញ្ជាក់​ទៀត​ថា ជន​បង្ក​ជា​ប្តី​ឈ្មោះ ស៊ិ​ន នុយ អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ប្រពន្ធ​ឈ្មោះ កែវ ឡុ​ក អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ មានកូន​២​នាក់ (​ក្នុង​នោះ​កូនប្រុស​អាយុ​១២​ឆ្នាំ និង​កូនស្រី​អាយុ​២​
ឆ្នាំ​) ។ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រយៈពេល​ប្រហែល​១០​ឆ្នាំ​មក ហើយ ដែល​រូប​គាត់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ទេ បច្ចុប្បន្ន មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ រស់នៅ​ជុំ​គ្នា ប៉ុន្តែ​គាត់​និង​ប្តី​មិនសូវ​ចុះសម្រុង​នឹង​គ្នា​នោះ​ទេ ។

តាំងពី​ពួក​គាត់​ចាប់ដៃ​គ្នា​មក ពេល​ប្តី​របស់​ត្រឡប់​មក​ពី​ផឹក​ស្រវឹង​វិញ​ម្តង​ៗ​តែងតែ​រករឿង​គាត់​មិន​ចេះ​ចប់ រហូត​ហ៊ាន​លើកដៃ​វាយ​គាត់ និង​កូន ហើយ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទៀត​ផង ប៉ុន្តែ​គាត់​ក៏​មិន​បាន​ប្តឹងផ្ត​ល់​អ្វី​ឡើយ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​បន្ត​ថា មុន​ថ្ងៃ​កើតហេតុ គាត់​កំពុង​អង្គុយ​លេង​នៅផ្ទះ​អ្នក​ជិតខាង​ជាប់​របង​ជាមួយគ្នា​ ពេល​នោះ​ឃើញ​ប្តី​របស់​គាត់​មក​ពី​ផឹក​ស្រវឹង​ដើរ​សំដៅ​ទៅ​ផ្ទះ ហើយ​ចូល​ទៅ​ស្រែក​ជេរ​រករឿង​គាត់ ស្រាប់តែ​ឈ្លោះប្រកែក​គ្នា រួច​បាន​ប្រវាយប្រតប់​គ្នា​ដួល​ទៅ​លើ​ដី​ទាំង​២​នាក់ រួច​គាត់​ក៏​រត់​ចេញ​ទៅ​ផ្ទះ​អ្នក​ជិតខាង​។

បន្ទាប់​មក​ប្តី​របស់​គាត់​ដើរ​បណ្តើរ និយាយ​ថា «​អញ​ទៅ​រក​ដុត​ផ្ទះ​ចោល​» ហើយ​គាត់​ក៏​មិន​បាន​តាម​មើល​នោះ​ទេ ព្រោះ​គិត​ថា ប្រហែលជា​ប្តី​របស់​គាត់​មិន​ហ៊ាន​ទេ ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក អ្នក​ជិតខាង​បាន​មក​ប្រាប់​គាត់​ថា «​ប្តី​ឯង​ដុត​ផ្ទះ​ឆេះ​អស់ហើយ រួច​គេចខ្លួន​បាត់​»​ពេល​នោះ​គាត់​ក៏​រត់​ទៅ​មើល​ស្រាប់តែ​ឃើញ​ផ្ទះ​នៅ​សល់​តែ​គ្រោងឆ្អឹង​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​គេចខ្លួន​បាន​រយៈពេល​១​ថ្ងៃ ជនសង្ស័យ​ក៏​វិល​មក​ផ្ទះ​វិញ ឃើញ​ភ្លាម​ៗ​ប្រពន្ធ​ក៏​បាន​ប្តឹង​មក​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ឃាត់ខ្លួន​​ភ្លាម​ៗ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​​ជា​ប្តី​ទៅ​តុលាការ ។

បច្ចុប្បន្ន ជនសង្ស័យ​​ជា​ប្តី ត្រូវ​បាន​លោកស្រី គឹ​ម សុ​គុ​ន្ធា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀម
រាប សម្រេច​ឱ្យ​សមត្ថកិច្ច​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ