ខេត្តពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០១១ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តដឹកក្របីមួយគ្រឿងនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីប្រជាជនរាយការណ៍មកថា ពួកគាត់បាត់ក្របី៣-៤ថ្ងៃមកហើយ ដើររកគ្រប់ទិសទីមិនឃើញសោះ បែរជាទៅឃើញនៅលើរថយន្តយីឌុបទៅវិញ ។ រថយន្តយីឌុបនោះពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-0626 ដឹកក្របីចំនួន៣១ក្បាល និងគោ៤ក្បាល ដែលមានមេឈ្មួញឈ្មោះឌី រឿង ហៅប្រុស ជាមន្ត្រីសាលាស្រុកវាលវែង ។
លោកវរសេនីយ៍ត្រី ភួង សូឡី អធិការនគរបាលស្រុកវាលវែងឱ្យដឹងថា ប៉ុន្មានថ្ងៃមុនប្រជាជនភូមិផ្ចឹកជ្រុំ ឃុំប្រមោល បានប្តឹងសមត្ថកិច្ចអំពីការបាត់ក្របី ។ លុះនៅយប់ថ្ងៃទី២៧ មីនា មានរថយន្តយីឌុបខាងលើដឹកក្របីមកពីឃុំអូរសោម ចំនួន១៧ក្បាល ពេលមកដល់ឃុំប្រមោលបានដាក់ថែម១៨ក្បាលទៀត សរុប៣៥ក្បាល ក្នុងនោះមានគោចំនួន៤ក្បាល ។ ខណៈពេលឈប់លើកក្របីដាក់លើរថយន្តនោះ ប្រជាជនបាននាំគ្នាទៅមើលស្គាល់ក្របីរបស់គាត់ចំនួន៣ក្បាល ។ ពេលនោះសមត្ថកិច្ចទទួលបទបញ្ជាពីលោកអភិបាលស្រុកឱ្យធ្វើការឃាត់រថយន្តទុកមួយយប់សិន ដើម្បីពិនិត្យមើលលិខិតស្នាម និងផ្តល់ឱកាសឱ្យប្រជាជនដែលបាត់ក្របីមកមើលដោយផ្ទាល់ ។ ស្អែកឡើងថ្ងៃទី២៨ មីនា ប្រជាជនបាននាំគ្នាទៅមើលស្រាប់តែឃើញក្របីរបស់ពួកគាត់ចំនួន៦ក្បាលទៀត សរុប៩ក្បាល ។
លោកអធិការបានបន្តថា ដោយពិបាកមើលថែ យើងបានឱ្យម្ចាស់ធ្វើលិខិតស្នាមធានាយកទៅប្រើប្រាស់បណ្តោះអាសន្នសិន ហើយសមត្ថកិច្ចយើងកំពុងស៊ើបអង្កេតបន្ត។ នៅក្នុងលិខិតស្នាមរបស់ឈ្មួញសមត្ថកិច្ចពិនិត្យឃើញខ្លះចុះហត្ថលេខាត្រឹមមេភូមិ ខ្លះមេឃុំ និងខ្លះទៀតត្រឹមពេទ្យសត្វស្រុកប៉ុណ្ណោះ ហើយយើងក៏បានហៅឈ្មួញមកសួរនាំធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវរកអ្នកដែលលក់ក្របីឱ្យផងដែរ ។ មកដល់ថ្ងៃទី២៩ មីនា ពុំមានអ្នកស្គាល់គោក្របីរបស់ខ្លួនទៀតទេ ទើបយើងអនុញ្ញាតឱ្យឈ្មួញបន្តដំណើរទៅមុខទៀត ។
មន្ត្រីមន្ទីរកសិកម្មម្នាក់និយាយថា បើតាមច្បាប់មុននឹងទិញគោក្របីនៅភូមិ-ឃុំណា ឈ្មួញត្រូវមកសុំច្បាប់ពីពេទ្យសត្វខេត្តជាមុនសិន ។ ពេលទិញបានត្រូវមានស៊ីញ៉េដឹងឮពីភូមិ-ឃុំប៉ូលិសប៉ុស្តិ៍ ហើយពេទ្យសត្វស្រុកជាអ្នកអនុញ្ញាតឱ្យនាំចេញ ។ កន្លងមកច្បាប់មួយអាចដឹកដល់ទៅ៣លើកក៏មាន ហើយអ្នកត្រួតពិនិត្យចរាចរសត្វ គឺជាមន្ត្រីម្នាក់ដែលចូលនិវត្តន៍រយៈពេល៥ឆ្នាំមកហើយ ។ បើតាមសារាចរណែនាំរបស់ក្រសួង គឺអនុញ្ញាតឱ្យឡើងគោក្របីត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ បើឡើងមិនទាន់ទេ ត្រូវលើកទៅព្រឹកស្អែក ។ ប៉ុន្តែនៅខេត្តពោធិ៍សាត់ គេឃើញគោក្របីឡើងពេលយប់រហូត ហើយកន្លែងឡើងនោះគ្មានច្បាប់ពេទ្យសត្វទេ លុះពេលឡើងរួចទើបគេមកយកច្បាប់ពីមន្ត្រីចូលនិវត្តន៍ម្នាក់នោះនៅគល់ស្ពានថ្មស្ទឹងពោធិ៍សាត់ជារៀងរហូត ដោយមិនគិតថា គោក្របីនោះល្មើសច្បាស់ប៉ុន្មានក្បាល ឬប៉ះពាល់គោក្របីដែលចោរលួចពីប្រជាជនមកលក់ឱ្យឈ្មួញទេ ។
មន្ត្រីដដែលឱ្យដឹងទៀតថា ក្រសួងកសិកម្មបានយកខេត្តពោធិ៍សាត់ធ្វើជាកន្លែងអភិរក្សសត្វក្របីមិនឱ្យនាំចេញទេ ប៉ុន្តែកន្លងមកគេឃើញឈ្មួញមកទិញក្របីចេញរហូត។ នេះដោយសារពេទ្យសត្វខេត្តចេញច្បាប់ឱ្យខ្លួនឯង ត្រួតពិនិត្យខ្លួនឯង៕
ចែករំលែកព័តមាននេះ