ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​តេក្វាន់​ដូ​​ក្រប​ខណ្ឌ​យុវ​ជន​អាស៊ាន​លើក​ទី​១១

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​តេក្វាន់​ដូ​​ក្រប​ខណ្ឌ​យុវ​ជន​អាស៊ាន​លើក​ទី​១១ ដែល​ការ​ប្រកួត​​នឹង​ប្រព្រឹត្ត​​​​ធ្វើ​​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩ មេសា ខាង​មុខ​ ។ លោក​ហែម សំណាង អគ្គ​លេខា​ធិការ​ខេមរ​​សហ​ព័ន្ធ​កីឡា​តេក្វាន់​ដូ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​​ថ្ងៃ​នេះ​ក្រៅ​ពី​កម្ពុជា​​ជា​ម្ចាស់​ផ្ទះ​មាន​ប្រទេស​ចំនួន​៦​ហើយ ដែល​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ ​​​សរុប​កីឡា​ករ កីឡា​ការិនី​ទាំង​អស់​មាន​២៧៧​​នាក់ ក្នុង​នោះ​កម្ពុជា​មាន​៥៩​នាក់ ហ្វ៊ី​លី​ពីន​មាន​៤៦​នាក់ សិង្ហបុរី​មាន​២២​​នាក់ ម៉ាឡេ​ស៊ី​មាន​១២​នាក់​ វៀត​ណាម​មាន​១២០​នាក់ ឡាវ​មាន​១២​នាក់ និង​ប្រទេស​ថៃ​មាន​​៦​នាក់​។ ​ចំណែក​​​​ឯវិញ្ញា​សា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​ផ្នែក​​ប្រយុទ្ធ​យុវ​ជន​​អាយុ​ក្រោម​១៧​ឆ្នាំ បុរស​-​នារី ​ផ្នែក​ប្រយុទ្ធ​យុវ​ជន​អាយុ​ក្រោម​១៧​ឆ្នាំ បុរស​-នារី វិញ្ញា​សា​សម្តែង​​យុវ​ជន​​​អាយុ​១៧-១៩​ឆ្នាំ និង​វិញ្ញា​សា​សម្តែង​មនុស្ស​ចាស់​អាយុ​៣១​ឆ្នាំ​ឡើង ។ រីឯ​មេ​ដាយ​ដែល​ត្រៀម​សម្រាប់​ផ្តល់​ឱ្យ​មាន​មេ​ដាយ​មាស​៧០ មេដាយ​ប្រាក់​៧០ និង​សំរឹទ្ធិ​១៤០​ សរុប​ទាំង​អស់​២៨០​មេដាយ ។

​លោក​ហែម ​សំណាង បាន​បន្ត​​ថា បច្ចុ​ប្បន្ន​​យើង​ក៏​មាន​ជួប​ការ​​លំបាក​ខ្លះៗ​ដែរ​ចំពោះ​​រឿង​ថវិកា​​ព្រោះ​យើង​នៅ​ពុំ​ទាន់​មាន​គ្រប់​គ្រាន់​​នៅ​ឡើយ​​​ទេ ប៉ុន្តែ​យើង​បាន​ការ​ជួយ​ឧបត្ថម្ភ​​​មួយ​ចំនួន​ពី​លោក​ថោង ខុន រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍​ និង​​មួយ​ចំនួន​​ទៀត​ពី​​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ហើយ​ទោះ​បី​ជា​យ៉ាង​ណា​​បញ្ហា​នេះ​មិន​បាន​​រំខាន​ដល់​ការ​ប្រកួត​ទេ ។ ដោយ​ឡែក​ខាង​សហ​ព័ន្ធ​​កីឡា​តេក្វាន់​ដូ​អាស៊ាន​​វិញ គេ​ក៏​បាន​ជួយ​ជំរុញ​មាន​ការ​ចូល​រួម​ប្រកួត​ឱ្យ​បាន​ច្រើន​​ពី​បណ្តា​ប្រទេស​ផ្សេងៗ ។ ​ម្យ៉ាង​ទៀត​​ក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​​ទាំង​អស់​ ប្រទេស​វៀត​ណាន​មិន​ត្រឹម​តែ​​បញ្ជូន​កីឡា​ករ កីឡា​ការិនី​របស់​ខ្លួន​មក​ចូល​រួម​ប្រកួត​​​ច្រើន​ជាង​​គេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចាត់​បញ្ជូន​អ្នក​ជំនាញ​៥​នាក់ មក​ជួយ​រៀប​ចំ​ខាង​​​បច្ចេក​ទេស​ ជួយ​ផ្តល់​​ម៉ាស៊ីន​ផ្តល់​​ពិន្ទុ និង​អាវ​ពាក់​ប្រកួត​ដែល​មាន​ប្រព័ន្ធ​អេឡិច​ត្រូ​និក​ទៀត​ផង ។ ​ចំណែក​ប្រទេស​ដែល​អវត្ត​មាន​ គឺ​​មាន​​​ទីម័រ​ខាង​​កើត ព្រុយ​ណេ មីយ៉ាន់​ម៉ា និង​ឥណ្ឌូ​ណេស៊ី ប៉ុន្តែ​ឥណ្ឌូ​ណេ​ស៊ីគេ​បាន​ចាត់​បញ្ជូន​អាជ្ញា​កណ្តាល​​ និង​ចៅ​ក្រម​របស់​គេ​មក​ជួយ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ។ ចំពោះ​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​កាត់​ក្តី​​គឺ​មាន​ចម្រុះ ។ ​

លោក​​ហែម សំណាង បាន​បន្ត​​​​ទៀត​ថា តាម​ពិត​ឥណ្ឌូ​ណេ​ស៊ី​ក៏​ត្រូវ​មក​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​ដែរ ប៉ុន្តែ​ដោយ​សារ​តែ​គេ​ជាប់​រវល់​ធ្វើ​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សហ​ព័ន្ធ​កីឡា​តេក្វាន់​ដូ​របស់​គេ ហើយ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​គណៈ​កម្ម​ការ​​ប្រតិ​បត្តិ​​មិន​ទាន់​រួច​រាល់​ ទើប​មាន​ការ​អាក់​ខាន​បែប​នេះ ។ លោក​ប្រាប់​ទៀត​ថា ​ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​នេះ​មាន​ការ​រអាក់​រអួល​បន្តិច​ ដោយ​សារ​តែ​បណ្តា​ប្រទេស​នីមួយៗ​ទើប​តែ​រៀប​ចំ​ធ្វើ​មហា​សន្និ​បាត​ហើយ ៕