ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញដីកាឃុំខ្លួនសកម្មជនបក្សប្រឆាំងរូបនេះ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែមករាលោក​ចៅក្រម ម៉ុង មុនី​សោភា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក គង់ ម៉ាស់ សកម្មជនគណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែមករាលោក​ចៅក្រម ម៉ុង មុនី​សោភា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក គង់ ម៉ាស់ សកម្មជនគណបក្សប្រឆាំង បន្ទាប់​ពី​លោក អ៊ុំ សុភ​ក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែមករា បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​សម្តេច​តេ
ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ញុះញង់​បង្កចលាចល​ក្នុង​សង្គម ។

លោក លី សុ​ផា​ន់​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា លោក គង់ ម៉ាស់ ត្រូវ​បាន​ចោទប្រកាន់​ពី​«​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រមាថ​» តាម​មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ ។ យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួន លោក គង់ ម៉ាស់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​សាកសួរ ។ តាម​ការ​ស្រាវជ្រាវ​វត្ថុ​តាង​ក្នុង​កុំព្យូទ័រ គឺ​មាន​ឯកសារ​សំខាន់​ៗ​ជា​ច្រើនដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល សម រ​ង្សុ​ី ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា​កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល គង់ ម៉ាស់ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃក្រសួង​មហា​ផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ ពី​បទ​ធ្វើ​សកម្មភាព​ប្រមាថ
ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើខ្សែអាត់​វី​ដេ​អូ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក​តាមប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម បង្ក​ជា​ភាព​ចលាចល អសន្ដិ​សុខ​ក្នុង​ប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុ​គង់ ត្រូវ​បាន​ដកស្រង់​សម្តី​ដោយវិទ្យុ​ក្រៅ​ស្រុក​ថា ការ​ចោទប្រកាន់​កូនក្តី​របស់លោក​បែប​នេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​កូនក្តី​របស់​លោក​គ្រាន់តែ​ប្រើ​ប្រាស់​​​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ប៉ុណ្ណោះ ។ លោក​បន្ត​ថា តុលាការ​ផ្អែក​លើ​សារ​របស់​លោក គង់ ម៉ាស់ ដែល​បាន​សរសេរ​នៅ​តាម​បណ្ដាញ​សង្គម រិះគន់​ពី​តម្លៃ​កសិផល​ចុះថោក និង​ការ​រំលោភសិទ្ធិ​មនុស្ស​ជាដើម មក​ដាក់បន្ទុក​លើ​កូនក្តី​លោក ។

តាម​ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស លោក គង់ ម៉ាស់ បាន​សរសេរ​លិខិត​មួយ​ច្បាប់​បញ្ជាក់​អំពី​គោល​ជំហរ​របស់​លោក​ថា កិច្ចការ​ដែល​លោក​ធ្វើ​កន្លង​មក គឺ​ដើម្បី​ប្រទេស​ជាតិ ហើយ​លោក​នៅ​តែ​មាន​ជំហរ​រឹង​មាំ​ដដែល ។ ក្នុង​លិខិត​នោះ លោក គង់ ម៉ាស់ បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​ផ្ដល់​កម្លាំងចិត្ត និង​សេដ្ឋកិច្ច​ដល់​គ្រួសារ​របស់​លោក​ផង ព្រោះ​ពេល​នេះ​លោក​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​នោះ​ទេ ៕ ​