យោងតាមគាថាគម្ពីរធម្មបទ ព្រះពុទ្ធទ្រង់សម្តែងថា បុគ្គលណាជាអ្នកធ្វើបាបកម្ម ទោះជាចូលទៅពួនសម្ងំនៅក្នុងអាកាសក្តី នៅនាកណ្តាលសមុទ្រក្តី ទៅសម្ងំនៅក្នុងរូងភ្នំក្តី ក៏មិនអាចរួចចាកពីអំពើអាក្រក់នោះបានឡើយ ព្រោះគ្មានភូមិ ប្រទេសណាដែលបុគ្គលបាបឋិតនៅហើយអាចរួចចាកបាបកម្មបានទេ ។
ទ្រឹស្តីនេះព្រះអង្គចង់បញ្ជាក់ថា បាបជាអំពើអាក្រក់ ដែលបុគ្គលគួរខ្លាចរអា ចៀសឱ្យឆ្ងាយ និងមិនគួរមើលងាយថាបាបមានប្រមាណតិចតួចនឹងមិនឲ្យផលដូច្នេះទេ ប្រៀបដូចបំពង់ទឹករមែងពេញដោយតំណក់ទឹកដែលស្រក់ចុះមកម្តងមួយតក់ម្តងមួយតក់បាន យ៉ាងណាមិញ បុគ្គលល្ងង់ខ្លៅកាលសន្សំបាបសូម្បីតែបន្តិចម្តងៗក៏គង់នឹងពេញដោយអំពើអាក្រក់បានក៏យ៉ាងនោះដែរ ។ ឯបុគ្គលដែលខ្លាចបាបរមែងចៀសវាងនូវបាបទាំងឡាយ ប្រៀបដូចបុរសប្រាថ្នារស់ដោយមិនពាល់ថ្នាំពិសក៏ដូច្នោះដែរ ។
ពិតហើយបើបាតដៃមិនមានដំបៅទេ បុគ្គលគប្បីកាន់យកថ្នាំពិសដោយដៃទទេបាន ហើយថ្នាំពិសនោះនឹងមិនអាចជ្រាបចូលទៅក្នុងបាតដៃដែលគ្មានដំបៅបានឡើយ យ៉ាងណាមិញបាបរមែងមិនមានដល់បុគ្គលដែលមិនបានប្រព្រឹត្តអាក្រក់ក៏យ៉ាងនោះដែរ ។
ចែករំលែកព័តមាននេះ