រាជធានីភ្នំពេញ ៖ រថយន្តលាយបេតុងក្រុមហ៊ុនជីធាន របស់កូរ៉េ១គ្រឿងបានបើកបរយ៉ាងលឿន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋនៅអមផ្លូវបណ្តាលឱ្យបាក់ជញ្ជាំង និងទ្រេតស្ទើររលំ ប៉ុន្តែសំណាងល្អ ចំពេលគ្មានមនុស្សនៅក្នុងផ្ទះទើបគ្មានរបួស ឬក៏អ្នកស្លាប់ តែអ្នកបើកបររថយន្ត បែរជាត្រូវរងរបួសធ្ងន់ធ្ងរដោយឈើបុកទម្លុះភ្លៅខាងស្តាំ ជាប់ឆ្កឹងតែម្តងត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២៨ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានទឹកថ្លា ភូមិទឹកថ្លា ខណ្ឌដង្កោ។ រថយន្តដែលបើកបុកផ្ទះប្រជាពលរដ្ឋនេះជារថយន្តលាយបេតុងរបស់ក្រុមហ៊ុនជីធានម៉ាកហ៊្វុយសូ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ5A បើកបរដោយបុរសម្នាក់ឈ្មោះឃីម អាយុ៣១ឆ្នាំ មានទីលំនៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានី
ភ្នំពេញ ។ អ្នកបើកបរដែលរងរបួសដោយសារឈើផ្ទះបុកទម្លុះភ្លៅខាងស្តាំជាប់ឆ្កឹងនោះគឺប្រជាពលរដ្ឋនាំគ្នាអារផ្តាច់ឈើនោះចេញទើបអាចទាញយកអ្នកបើកបរចេញពីកាប៊ីនរថយន្ត បាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ។
ចំណែកឯផ្ទះដែលរងគ្រោះដោយរថយន្តបើកបុកនោះសង់អំពីឈើប្រក់ស័ង្កសីមានម្ចាស់ឈ្មោះចាប រ៉ាវុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់កាហ្វេនៅភូមិកើតហេតុនោះដែរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តនោះបើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ។ លុះទៅដល់ចំណុចកើតហេតុខាងលើ មានផ្លូវវាង ព្រោះទីនោះកំពុងសាងសង់ស្ពានថ្មីមួយទៀត ហើយរថយន្តនោះកាច់ចង្កូតបត់មិនទាន់ក៏បានជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង ។ សមត្ថកិច្ចបានឱ្យដឹងថា បើតាមការត្រួតពិនិត្យលើរថយន្តនោះគឺមកពីអ្នកបើកបរ មិនត្រួតពិនិត្យរថយន្តមុនពេលបើកបរ ព្រោះរថយន្តនោះធ្លាយទុយោប្រេងបូមចង្កូត ទើបអ្នកបើកបរបញ្ជាលែងបានជួបគ្រោះថ្នាក់បែបនេះ ៕





ចែករំលែកព័តមាននេះ