ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​កំពុង​សប្បាយចិត្ត​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ថៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ដក​ស្ថាប័ន​មួយ​ចំនួន​ចេញពី​ច្រក​ទ្វារ​ព្រំដែន​នោះ ពេល​នេះ​ឈ្មួញ​ក្នុងស្រុក​កំពុង​សប្បាយ​រីករាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ ពិសេស​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​មិនសូវ​មានការ​រំខាន​ពី​មន្ត្រី​នានា​ឡើយ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ដក​ស្ថាប័ន​មួយ​ចំនួន​ចេញពី​ច្រក​ទ្វារ​ព្រំដែន​នោះ ពេល​នេះ​ឈ្មួញ​ក្នុងស្រុក​កំពុង​សប្បាយ​រីករាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ ពិសេស​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​មិនសូវ​មានការ​រំខាន​ពី​មន្ត្រី​នានា​ឡើយ ជា​ពិសេស​មន្ត្រី​កាំកុងត្រូល ។

បើ​តាម​ឈ្មួញ​ដែល​ដឹក​កសិផល​ចេញពី​ទឹកដី​ខេត្ត​ប៉ៃលិន​ទៅ​លក់​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា ជា​រៀង​រាល់​លើក នៅ​ពេល​អ្នកស្រី​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ម្តង​ៗ គឺ​ត្រូវ​បង់​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ ដោយ​ក្នុង​១​ជើង​ៗ​អស់​ជាង​១០​ម៉ឺន​រៀល​, បង់ថ្លៃ​រថយន្ដ​បើ​ប្រភេទ​ទួ​រី​ស អស់​២០​ម៉ឺន​រៀល ហើយ​បើ​រថយន្ដ​ច្នៃ​ធំ​ត្រូវ​បង់​៤០​ម៉ឺន​រៀល ។

អ្នកស្រី​ម៉ៅ ដែល​ជា​ឈ្មួញ​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា ៖« ពេល​នេះ​ទាំង​គេ​ទាំង​ខ្ញុំ​មាន​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពិសេស​ក្រោយ​ពី​សម្ដេច​តេ​ជោ បញ្ជា​ឲ្យ​ដក​ស្ថាប័ន​មួយ​ចំនួន​ដោយ​ទុក​តែ​២​ស្ថាប័ន​នោះ ហើយ​សង្ឃឹមថា ពេល​ក្រោយ​នឹង​នៅ​សល់​ត្រឹម​២​ស្ថាប័ន​ប្រចាំការ​នៅ​ច្រក​ទ្វារ​ប៉ុណ្ណោះ ហើយ​ការ​បង់ពន្ធ​ក៏​មិនសូវ​អស់​ច្រើន​ដូច​សព្វមួយដង​ដែរ »​។

ទោះ​យ៉ាងណា​ក្ដី អ្នកស្រី​ថា ៖« រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៤ ខែមករា​ហើយ ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ហាក់ដូចជា​អត់​មានការ​ប្រែប្រួល​អ្វី​នោះ​ទេ ដោយ​សង្កេត​ឃើញ ខាង​ស្ថាប័ន​កាំកុងត្រូល​នៅ​តែ​ប្រចាំការ​ដដែល ហើយ​ពួក​ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា ស្ថាប័ន​មួយ​នេះ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ដែល​សម្តេច​ប្រកាស​នោះ នឹង​រុះរើ​ចេញ​ឆាប់​ៗ ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​បង់​ជូន​ពួក​គេ​ទាំងនោះ​ផង​ដែរ »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ កសិករ​ម្នាក់​ដែល​សុំ​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​តែង​ដឹក​ស្វាយកែវ​រមៀត​ពី​ខេត្តកំពត​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ​រាល់ដង ។
លោក​បន្ដ​ថា ការ​រកស៊ី​របស់​គាត់​មិនសូវ​ចំណេញ​ទេ ដោយសារ​តែ​ត្រូវ​បង់​តាម​ប៉ុស្ដិ៍​គ្រប់កន្លែង​ទាំង​ខាង​ភាគី​ខ្មែរ និង​ថៃ ហើយ​តម្លៃ​ទីផ្សារ​ប្រែប្រួល​ចុះឡើង​ទៀត ។ លោក​និយាយ​ថា ៖« នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ ខ្ញុំ​ត្រូវ​បង់​គិត​ទាំង​ខាង​ខ្មែរ និង​ថៃ ក្នុង​១​រថយន្ត​ច្នៃ​ធំ មាន​ទម្ងន់​ជាង​២០​តោន អស់​ទឹកប្រាក់​៤០​ម៉ឺន​រៀល ហើយ​បើ​ឈ្មួញ​ថៃ​ឲ្យ​ថ្លៃ​ខ្ពស់ ខ្ញុំ​អាច​ចំណេញ​បាន​ខ្លះ ប៉ុន្តែ​មាន​ពេល​ខ្លះ ក៏​ខាតដើម​ខាតចុង​ដែរ ព្រោះ​ទិញ​ចូល​ថ្លៃ បូក​រួម​ទាំង​ការ​ចំណាយ​ល​ល​ដើរ​ទិញ​តាម​ចម្ការ​របស់​ប្រជាពលរដ្ឋ »​។

ទោះបី​យ៉ាងណា ក្រោយ​ពេល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កន្លង​មក​នោះ លោក​ដែល​ជា​ឈ្មួញ​តូចតាច​មាន​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា​ស្ថាប័ន​ទាំងនោះ​នឹង​រុះរើ​ឆាប់​ៗ​តាម​បទបញ្ជា ដោយ​ទុក​តែ​ស្ថាប័ន​គយ និង​ប៉ូលិស​អន្តរ​ប្រវេសន៍ ដើម្បី​ធ្វើ​កិច្ចការ​តាម​ព្រំដែន ។

សូម​រំ​ឭ​ថា ក្នុង​ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បញ្ជា​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ដ្រី​ដែល​ត្រូវ​ដាក់​ប្រចាំការ​ស្របច្បាប់​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ទូ​ទាំង​ប្រទេស គឺ​មាន​តែម​ន្ដ្រី​គយ និង​មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​បញ្ជា​ឲ្យ​ដក​ចេញ ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​បាន​សម្រេច​អម្បាញ់មិញ មាត់ច្រក​នៅ​តាម​តាម​ព្រំដែន​ក្នុង​ការ​នាំ​ចេញ​នាំ​ចូល អត់​មាន​តម្រូវ​ស្ថាប័ន​ណា​ក្រៅ​តែ​ពី​អន្ដោប្រវេសន៍ និង​គយ មាន​តែ​២​នេះ ក្រៅពី​នោះ​ដក​ចេញ​ឲ្យ​អស់ ទាំង​អា​កាំកុងត្រូល ទាំង​ស្អី​ដក​ចេញ​ឲ្យ​អស់​។ អាហ្នឹង​វា​កើត​ទៅ​ជា​ឧបសគ្គ នៃ​ការ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទេ ។ អីចឹង បើ​ទុក​វា​នាំ​តែ​ខាត​ដដែល ទុក​តែ​ប៉ូលិស​អន្ដោប្រវេសន៍ អាហ្នឹង​វា​ត្រូវ​វៃ​ត្រា និង​គយ​បាន​ហើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ