ទីក្រុងវ៉ាស៊ីនតោន ៖ មនុស្សយន្តមួយដែលមានឈ្មោះថា Martyបានចាប់ផ្តើមធ្វើការក្នុងហាងលក់ទំនិញប្រមាណ៥០០កន្លែងនៅសហរដ្ឋអាមេរិក ។ នេះបើតាមការចេញផ្សារពីសារព័ត៌មានបាងកក ប៉ុស្ដិ៍ កាលពីថ្ងៃទី១៦ មករា កន្លងមក ។
លោក Tim Rowland នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Badger Technologies បាននិយាយថា មនុស្សយន្តដែលមានភ្នែកជាកាមេរ៉ានេះ នឹងឈប់ពេលដែលប្រទះឃើញការកំពប់ផលិតផលណាមួយលើឥដ្ឋ ប៉ុន្តែដើម្បីឲ្យដឹងច្បាស់ មនុស្សដែលធ្វើការនៅកន្លែងបញ្ជាក្នុងប្រទេសហ្វីលីពីន នឹងត្រួតពិនិត្យរូបភាពជាមុនសិន ។
លោកបានបន្ថែមថា មានមនុស្សយន្តចំនួន ២៥កំពុងធ្វើការក្នុងហាងទំនិញ Giant, Martin’s និង Stop & Shop ខណៈដែលមាន៣០ទៀត នឹងមកដល់ជារៀងរាល់សប្តាហ៍។ មនុស្សយន្តទាំងនេះប្រើ Sensor បែបLidar ក្នុងការស្កេនបរិយាកាសជុំវិញ ហើយវានឹងឈប់ពេលដែលអតិថិជនដើរកាត់ពួកគេ ។
ភ្នែកធំៗរបស់ពួកវាជាភ្នែកក្លែងក្លាយទេ ប៉ុន្តែមនុស្សយន្តទាំងនេះមានកាមេរ៉ាទាំងអស់ ៨ ដោយមានកាមេរ៉ាខ្លះបែរទៅឥដ្ឋ និងខ្លះទៀតបែរទៅធ្នើដាក់ទំនិញ ។
លោក Rowland បានបន្តថា មនុស្សយន្តរបស់លោកអាចនឹងត្រូវបានកែច្នៃឲ្យជួយត្រួតពិនិត្យទំនិញក្នុងស្តុករបស់ហាងថែមទៀតផង ។
មនុស្សយន្តខាងលើនឹងផ្តល់ដំណឹងដល់អ្នកធ្វើការក្នុងហាងទំនិញដទៃ ប្រសិនបើស្លាកតម្លៃបានជ្រុះ ឬមានការកំពប់ផលិតផលណាមួយ។ ពួកគេនឹងរង់ចាំនៅកន្លែងដែលមានការកំពប់រហូតដល់មានបុគ្គលិកចុចប៊ូតុងមួយបង្ហាញថាពួកគេបានដឹង និងបានសម្អាត ។
Marty មិនមែនជាមនុស្សយន្តតែមួយដែលក្លាយជាជំនួយការអតិថិជននៅអាមេរិកក្នុងឆ្នាំនេះទេ ។ ក្រុមហ៊ុន Walmart Inc និងSchnucks ក៏បានប្រើមនុស្សយន្តដើម្បីត្រួតពិនិត្យទំនិញក្នុងស្តុកដែរ ។
សហជីពមួយដែលតំណាងបុគ្គលិកហាងទំនិញ Giant និង Stop & Shop បាននិយាយថា ពួកគេកំពុងតែតាមដាន Marty ។
លោក Marc Perrone ប្រធានសហជីពនេះបាននិយាយថា ៖« ការលូតលាស់យ៉ាងលឿននៃការធ្វើស្វ័យប្រវត្តិកម្មក្នុងហាងទំនិញ គឺជាការគំរាមកំហែងសម្រាប់បុគ្គលិកជនជាតិអាមេរិករាប់លាននាក់ដែលជំរុញដល់វិស័យ និងអតិថិជនដែលពួកគេបម្រើផងដែរ »៕
ចែករំលែកព័តមាននេះ