ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទោះ​តា​ពិការ​ភ្នែក​​ក៏​​មិន​ដើរ​សុំទាន​គេ​​…​ស៊ូ​រក​​របរ​​ឡើង​​ត្នោត​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មានកូនក៏​ដូច​ជា​អត់​កូន ។ នេះ​ជា​ពាក្យ​របស់​លោកតា​ពិការ​ភ្នែក​ទាំង​សងខាង ដែល​តស៊ូ​ឡើងត្នោត​ ត្រង​យក​ទឹក​មក​ធ្វើទឹកត្នោតជូរ ដើម្បី​លក់​យក​កម្រៃ​ចិញ្ចឹមជីវិត ។ ទោះជា​យ៉ាងណា​ក្តី…

ខេត្តកំពង់ស្ពឺ ៖ មានកូនក៏​ដូច​ជា​អត់​កូន ។ នេះ​ជា​ពាក្យ​របស់​លោកតា​ពិការ​ភ្នែក​ទាំង​សងខាង ដែល​តស៊ូ​ឡើងត្នោត​ ត្រង​យក​ទឹក​មក​ធ្វើទឹកត្នោតជូរ ដើម្បី​លក់​យក​កម្រៃ​ចិញ្ចឹមជីវិត ។ ទោះជា​យ៉ាងណា​ក្តី ការ​លក់​ទឹក​ត្នោតជូរ​នេះ​ មិនបាន​កម្រៃ​ច្រើន​ទេ សម្រាប់​លោកតា​គឺ​បាន​ត្រឹម​២.០០០ ​ទៅ​៣.០០០​រៀល​ប៉ុណ្ណោះ សម្រាប់​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោកតា​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​គាត់​ថា គាត់​ឈ្មោះ ទួន សូត បច្ចុប្បន្ន​អាយុ​៦៧​ឆ្នាំ រស់នៅភូមិ​ស្លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ មាន​ប្រពន្ធ​ឈ្មោះ វ៉ែន យឺន អាយុ​៦៧​ឆ្នាំ និង​មានកូន​៧​នាក់​(​ស្រី​៥​ប្រុស​២) តែ​បាន​បែក​ផ្ទះ​ទៅ​ធ្វើការ​រក​សុ​ី​រៀង​ៗ​ខ្លួន​អស់ហើយ ។ សព្វថ្ងៃ គាត់​​រស់នៅ​តែ​២​នាក់​ប្រពន្ធ ដោយ​ប្រ​ព​ន្ឋ​ដើរ​សុ​ី​ឈ្នួល​គេ ។ ចំណែក​គាត់​ឡើងត្នោត​យក​ទឹក​មក​ធ្វើ​ទឹកត្នោតជូរ​លក់ គ្រាន់​បាន​លុយ​ទិញ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ ។

គាត់​និយាយ​ទៀត​ថា រយៈពេល​៥៤​ឆ្នាំ​មក​ហើយ ដែល​គាត់​មិន​បាន​មើលឃើញ​ពិភពលោក​មួយ​នេះ​ទេ គឺ​ងងឹត​ឈឹង​។ ជាមួយ​នេះ ដោយសារ​តែ​ឪពុក​ម្តាយ​ជា​គ្រួសារ​កសិករ​ក្រីក្រ ទើប​លោកតា​មិន​ដែល​បាន​ហូប​ឆ្ងាញ់​ម្តងណា​ទេ ។ លោកតា​បាន​រំឭក​ថា នៅ​ពេល​គាត់​អាយុ១៣​ឆ្នាំ ភ្នែក​គាត់​ចាប់ផ្តើម​ស្រវាំង​ក្រោយ​ពេល​កើត​ជំងឺ​កញ្ជ្រឹល ។ លុះ​ពេល​ធំ​ពេញវ័យ ឪពុក​ម្តាយ​ក៏​រៀបចំ​ឲ្យ​មានគូស្រករ​ដូច​ក​ម្លោះ​ដទៃទៀត​ក្នុងភូមិ​ដែរ ។

ក្រោយ​ពី​រៀប​ការ​រួច គាត់​ប្រកប​របរ​ធ្វើស្រែ​ដូច​អ្នក​ភូមិ​ផ្សេង​ទៀត តែ​ភ្នែក​ក៏​ចាប់ផ្តើម​ងងឹត​មើល​លែង​ឃើញ​​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ បើ​ទោះជា​ភ្នែក​ងងឹត​ក៏​គាត់​ខិតខំ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ប្រពន្ធ​កូន ​ដោយ​គ្មាន​រា​ថយ​ឡើយ រហូត​ដល់​កូន​ធំ​ពេញវ័យ​ មាន​ប្តី​ប្រពន្ធ​បែក​ទៅ​រស់នៅ​រៀង​ៗ​ខ្លួន​អស់​ទៅ ។ រៀងរាល់ថ្ងៃ​នេះ ទោះបីជា​ពិការ​ភ្នែក​មែន​ ក៏​គាត់​មិន​ដើរ​សុំទាន​គេ​ដែរ គឺ​បាន​ប្រកប​របរ​ឡើងត្នោត​ធ្វើ​ទឹកត្នោតជូរ ដើម្បី​លក់​យក​កម្រៃ​ចិញ្ចឹមជីវិត​ចុង​ក្រាយ​របស់​គាត់ ។

ពេល​សួរ​ថា ហេតុ​អ្វី​បានជា​លោកតា​ដើរ​ត្រូវផ្លូវ ហើយ​ដឹង​ទៀត​ថា ​ដើម​ត្នោត​នៅឯណា ខណៈ​ភ្នែក​ងងឹត​មើល​មិនឃើញ​នោះ? លោកតា​ប្រាប់​ថា នៅ​ពេល​គាត់​ដើរ​ គឺ​ហាក់បីដូចជា​មាន​ទេវតា​មក​បង្ហាញផ្លូវ​ឲ្យ​គាត់​មើលឃើញ​ផ្លូវ​ដើរ និង​ដឹង​ថា ​មាន​ដើម​ត្នោត​នៅ​កន្លែង​ណាខ្លះ ។ អ្វី​ដែល​គាត់​គិត​ថា ខ្លួនឯង​មានជីវិត​ថ្លៃ គឺ​ថ្ងៃមួយ​ នៅ​ពេល​បម្រុង​ឡើង​យក​បំពង់​ទៅ​ត្រងទឹក​ត្នោត ស្រាប់តែ​ដើម​ត្នោត​នោះ​ ត្រូវ​ខ្យល់​គួ​ច​បោកបក់​បណ្តាល​ឲ្យ​រលំ​តែ​ម្តង ។

ចំពោះ​រឿង​នេះ​ គាត់​គិត​ថា​ទេវតា​បាន​ជួយ​ឃាត់​ផ្លូវ​គាត់ ព្រោះ​នៅ​ពេល​គាត់​ដើរទៅ​ជិត​ដល់​ដើម​ត្នោត​នោះ គឺ​ហាក់ដូចជា​មាន​មនុស្ស​មក​ចាប់ដៃ​គាត់​ឲ្យ​ឈប់ ហើយ​ស្រាប់តែ​មាន​ខ្យល់បោកបក់​យ៉ាង​ខ្លាំង ។ ពេល​នោះ​គាត់​ឮ​សូរ​សំឡេ​ង​ប្រឹប​ៗ ស្រាប់តែ​ដើម​ត្នោត ​រលំ​គ្រាំ​ង​តែ​ម្តង​។ គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​និយាយ​រឿង​នេះ​ ប្រាប់​ប្រពន្ធ​ឲ្យ​ដឹង​ទៀត​ផង ។ គាត់​និយាយ​ថា បើសិនជា​ឧប្បត្តិ​ហេតុនេះកើត​ឡើង​ពេល​គាត់​កំពុង​ឡើង ឬ​អង្គុយ​លើចុង​ត្នោត ប្រហែលជា​គាត់​ត្រូវ​ជួប​គ្រោះ​អកុសល​ជាក់​ជា​មិន​ខាន ។

ថ្វីបើ​ជីវិត​គាត់​រស់​ក្នុង​ភាព​អន្ធការ​លំបាក​បែប​នេះ​ក្តី ក៏​គាត់​មិន​បន្ទោស​កូនចៅ​ឡើយ ធ្វើ​ម៉េច​កើតមក​ជា​អ្នកស្រែ​ហើយ​ក្រ ធ្វើ​យ៉ាងណា​ សូមឱ្យ​​កូន​រស់នៅ​ក្នុង​សេចក្តីសុខ​ទៅ​ចុះ ចំណែក​គាត់និង​យាយ​ អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន​ហើយ​ស៊ី​អត់​ស៊ី​ឃ្លាន​តាម​ដំណើរ​ទៅ ។

ជា​ចុង​ក្រោយ លោកតា​បាន​សំណូមពរ​ដល់​អស់លោក​អ្នក​សប្បុរស បើ​អាណិត​គាត់​សូម​មេត្តា​ផ្តល់​ម្ហូប​អាហារ​ណា ​ដែល​ឆ្ងាញ់​ឲ្យ​គាត់​មាន​ស្គាល់​រសជាតិ នា​ជីវិត​ចុង​ក្រោយ​មួយ​នេះ​​ផង​ចុះ ព្រោះថា​ អស់​រយៈ​ពេល​៥៤​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ងងឹតភ្នែក​មក មិន​ដែល​ស្គាល់​អ្វី​ដែល​មានឱជារស​ឆ្ងាញ់​ម្តងណា​នោះ​ទេ ។

លោក ឈឹ​ម យៀង មេ​ភូមិ​ស្លែងបាន​ប្រាប់អ្នក​យក​ព័ត៌មាន​ដែរ​ថា ថ្វី​ដ្បិតតែ​គាត់​ពិការ​ភ្នែក​ក៏​ពិតមែន តែ​គាត់​មិន​ដែល​ដើរ​សុំទាន​គេ​ទេ គឺ​នៅ​ពេល​ត្រងទឹក​ត្នោត​បាន​មក​គាត់​យកមក​ត្រាំ​ធ្វើ​ទឹកត្នោតជូរ ហើយ​រែក​លក់​ក្នុងភូមិរហូត​អស់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លោក​មេ​ភូមិ​ក៏​សរសើរ​លោកតា​ដែរ ដោយសារ​តែ​គាត់​អាច​ដើរ​ក្នុងភូមិ​ដូច​មនុស្ស​ភ្នែក​ភ្លឺធម្មតា​បាន ។

អ្វី​ដែល​រឹតតែ​អស្ចារ្យ​ទៀត​នោះ គឺ​បង្អោង​ឡើងត្នោត​គាត់​ចង​ដោយ​ខ្លួនឯង គ្មានអ្នក​ណា​មក​ជួយ​ចង​ឲ្យ​គាត់​ទេ ។ រាល់ថ្ងៃ​លោកតា​ឡើងត្នោត​ជុំវិញ​ផ្ទះ​ចំនួន​៤​ដើម ។ ទោះបីជា​បែប​នេះ​ក្តី ភ្នែក​ងងឹត ហើយ​ប្រកប
មុខរបរ​ឡើងត្នោត​ទៀត​នោះ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ មាន​អ្នក​ឡើងត្នោត​មិន​តិច​ទេ ដែល​ស្លាប់​ដោយសារ​តែ​ការ​ធ្លាក់ សូ​ម្បី​នៅ​ជំនាន់អាណានិគមនិយម​បារាំង ដែល​រឹត​បន្តឹង​ឲ្យ​ពលរដ្ឋ​ធ្វើ​កាត​ខ្មៅ​កាន់ ក៏​រដ្ឋបាល​បារាំង​មិន​ធ្វើ​កាត​ឲ្យ​អ្នក​ឡើងត្នោត​ដែរ ព្រោះថា​អ្នក​ប្រកប​របរឡើងត្នោត​នេះ មិនដឹង​ស្លាប់​ថ្ងៃ​ណា ។ សូម​បួងសួង​ដល់​លោកតា​ងងឹតភ្នែក​រូប​នេះ បាន​ជួប​តែសំណាងល្អ​ផង​ចុះ ៕

អត្ថបទសរសេរ ដោយ