រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ហាញពីជោគជ័យរបស់ខ្លួន ចាប់តាំងពីបង្កើតដំបូង រហូតក្លាយជាក្រុមហ៊ុនដែលមានអ្នកធ្វើដំណើរការច្រើនជាងគេមួយនៅលើពិភពលោក ។ សម្រាប់កម្ពុជាវិញ ក្រុមហ៊ុននេះបានតភ្ជាប់ពីកម្ពុជា រហូតដល់ ១៣០គោលដៅនៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ីទាំងមូល ។
ថ្លែងនៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី១៧ មករា ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ ១ លោកស្រី Laddawan Meesupwatana ប្រធានផ្នែកផលិតផលប្រចាំទីផ្សារឥណ្ឌូចិនបានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តផ្ដល់សេវាលំដាប់ថ្នាក់ពិភពលោក និងបន្ថែមការតភ្ជាប់ទៅកាន់ថ្មីៗទៀតទូទាំងអាស៊ីអាគ្នេយ៍។ ហើយបច្ចុប្បន្ននេះ ប្រទេសថៃនៅតែជាគោលដៅកំពូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការដើរទិញឥវ៉ាន់ និងម្ហូបអាហារ ចំណែកប្រទេសម៉ាឡេស៊ីវិញគឺជាគោលដៅពេញនិយមសម្រាប់ឱកាសពាណិជ្ជកម្ម និងវិនិយោគ ។
លោកស្រីបន្តថា ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម មានសក្តានុពល ដ៏អស្ចារ្យ ហើយយើងគួរតែមើលឃើញផ្លូវថ្មី និងសកម្មភាពសប្បាយរីករាយជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅកម្ពុជា ។ យើងសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន AirAsia បានអោយដឹងផងដែរ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន៣ នៃប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅចំនួន៦ គោលដៅពី ក្រុងភ្នំពេញ – បាងកក (ដនមឿង),ក្រុង ភ្នំពេញ – កូឡាឡាំពួរ, ពីខេត្តសៀមរាប – បាងកក (ដនមឿង), ខេត្តសៀមរាប – កូឡាឡាំពួរ, ខេត្តសៀមរាប – ភូកេត និង ខេត្តព្រះសីហនុ – កូឡា ឡាំពួរ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានផ្តល់នូវការតភ្ជាប់ជាងជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតរហូតដល់១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះបាលី ហុងកុង និងសិង្ហបុរី ជាដើម ។
នៅឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ១.២៦លាននាក់ទៅនិងមកកាន់ប្រទេសកម្ពុជា ដោយរក្សាបាននូវកត្តាផ្ទុកជាមធ្យម ៧៨% ដែលបានបង្ហាញសុទ្ធតែសញ្ញានៃការកើនឡើងនៃអ្នកដំណើររបស់ខ្លួនបានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង៣ រួមមានប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ។ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន AirAsia បានដឹកអ្នកដំណើររហូតដល់ ជាងកន្លះកោដិនាក់ ៕
ចែករំលែកព័តមាននេះ