ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារឯកជន​គ្រោង​អនុវត្ត​តាម​អនុ​សាសន៍​​របស់​ធនាគារជាតិ​នៃ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ ស្រប​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​និង​កំពុង​កើនឡើង​ខ្ពស់ ធនាគារិក​ឯកជន​បាន​ប្ដេជ្ញា​អនុវត្ត​តាម​អនុសាសន៍​ទាំងនោះ​ឲ្យ​បាន ដើម្បី​ការពារ​វិបត្តិ​ណា​ដែល​អាច​កើន​មាន​ដល់​សុខភាព​នៃ​វិស័យ​នេះ ពិសេស​គឺ​រឹត​បន្ដឹង​ការ​ផ្ដល់​កម្ចី ។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ ស្រប​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​និង​កំពុង​កើនឡើង​ខ្ពស់ ធនាគារិក​ឯកជន​បាន​ប្ដេជ្ញា​អនុវត្ត​តាម​អនុសាសន៍​ទាំងនោះ​ឲ្យ​បាន ដើម្បី​ការពារ​វិបត្តិ​ណា​ដែល​អាច​កើន​មាន​ដល់​សុខភាព​នៃ​វិស័យ​នេះ ពិសេស​គឺ​រឹត​បន្ដឹង​ការ​ផ្ដល់​កម្ចី ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា ធនាគារជាតិ​នៃ​កម្ពុជា គឺ​អាណាព្យាបាល​នៃប្រតិបត្តិ​ករ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ហើយ​បើសិនជា​អាណា​ព្យាបាល​បាន​ចេញ​សេចក្តី​ប្រកាស​ណាមួយ អ្នក​នៅ​ក្រោម​អាណាព្យាបាល​មិន​គួរ​រួញរា​ក្នុង​ការ​អនុវត្ត​តាម​នោះ​ទេ ព្រោះ​អាណាព្យាបាល​តែងតែ​ចង់​ឲ្យ​ប្រតិបត្តិ​ករ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មានដំណើរ​ការ​ល្អ និង​ទប់ស្កាត់​នូវ​ហានិភ័យ​ណាមួយ​ដែល​នឹង​កើតឡើង ។

លោក​បន្ត​ថា ធនាគារ​អេ​ស៊ី​លី​ដា បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​អនុវត្ត​តាម​នូវ​អនុសាសន៍​ទាំងនោះ ដោយ​ធនាគារ​នឹង​បង្កើន​ការ​រឹត​បន្តឹង​កម្ចី និង​ត្រូវ​ត្រួតពិនិត្យ​លើ​ប្រវត្តិ​ប្រតិបត្តិការ​ប្រើប្រាស់​ឥណទាន​របស់​អតិថិ​ជន ថា​តើ​អតិថិជន​ដែល​មក​រក​សេវា​ឥណទាន​របស់​អេ​ស៊ី​លី​ដា ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស់​ឥណទាន​នៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ដែរ​ឬទេ ហើយ​ក៏​ត្រូវ​មើល​ថា តើ​អតិថិជន​អាច​មាន​លទ្ធភាព​សង​ត្រលប់​មក​ធនាគារ​ឬ ស្ថាប័នហិរញ្ញវត្ថុ​ដែល​ពួក​គេ​បាន​ខ្ចី​បាន​ដែរ​ឬទេ ។

លោក​មាន​ប្រសាសន៍​ថា ៖« បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មាន​សេវាកម្ម​ផ្ដល់​ឥណទាន​ទៅ​អតិថិជន គួរតែ​កុំ​លោភលន់​ពេក និង​ត្រូវ​ឆែក​ពិនិត្យ​មើល​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​រូប​នោះ​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​ផ្ដល់​ឥណទាន​ជូន​ពួក​គាត់ ។ ការ​ធ្វើ​បែប​នេះ​គឺជា​ការ​ការពារ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ហើយ​ក៏​ជា​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​នៃ​សេចក្តី​ប្រកាស​របស់​ធនា​គារជាតិ​នៃ​កម្ពុជា​ផង​ដែរ » ។

លោក​បន្ថែម​ថា សម្រាប់​កម្ចី​គ្រប់​ប្រភេទ​ទាំងអស់ មិនមែន​តែ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នោះ​ទេ លោក​នឹង​ត្រូវ​ពិនិត្យ​ឲ្យ​ហ្មត់ចត់ មុន​នឹង​ផ្ដល់​ជូន បើ​ទោះបីជា​សេចក្តី​ប្រកាស​របស់​ធនាគារ​ហាក់​ផ្ដោត​ទៅ​លើ​តែ​កម្ចី ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏​ដោយ​ក្ដី ព្រោះ​វិស័យ​ហិរញ្ញវត្ថុ​នេះ វា​ពិតជា​មាន​សារ​សំខាន់​ណាស់ ដូច្នេះ​ហើយ​ត្រូវធ្វើ​យ៉ាងណា​ត្រូវ​ការពារ​វា​ឲ្យ​មាន​ស្ថាន​ភាពល្អ​ប្រសើរ និង​ត្រូវ​តាមដាន​វា​ឲ្យ​បាន​ច្បាស់លាស់ ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC)​បាន​ឲ្យ​ដឹង​ថា ការិយា​ល័យ​ឥណទាន​កម្ពុជា គឺជា​ស្ថាប័ន​មួយ​ផ្ទុក​នូវ​ទិន្នន័យ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​ប្រើប្រាស់​ឥណទាន ។ ការ​កត់​ទុក​នូវ​របាយការណ៍ និង​ទិន្នន័យ​ទាំងនោះ និង​ផ្ដល់​ជូន​ទៅ​បណ្ដា​ធនាគារ​វិញ គឺជា​កត្តា​សំខាន់​ណាស់ ដើម្បី​ឱ្យ​ធនាគារ​អាច​មាន​សិទ្ធិ​សម្រេច​ថា តើ​គួរ​ឲ្យ​អតិថិជន​នោះ​ខ្ចី​បន្ថែម​ទៀត ឬ យ៉ាងណា ។

លោក​បន្ត​ថា ការិយាល័យ​ឥណទាន​កម្ពុជា នឹង​ធ្វើការ​ទៅ​តាម​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​មិន​មានការ​ស៊ី​សំណូក​ជាមួយ​អតិថិជន​ពី​ការ​លាក់បាំង​នូវ​របាយការណ៍​ណាមួយ​ឡើយ ហើយ​រាល់​របាយការណ៍ និង​ទិន្នន័យ​របស់​បុគ្គល​ក៏​ស្ថាប័ន​នេះ ក៏​ទទួល​បាន​ពី​បណ្ដា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​ដែរ ។ ដូចនេះ រាល់​របាយការណ៍​ទាំងអស់​គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ពីរ​ស្ថាប័ន ទើប​អាច​ជា​ផ្លូវការ និង​បញ្ជូន​បន្ត​ទៅ​បណ្ដា​ធនាគារ​ផ្សេង​ៗ​ដែល​បាន​ស្នើ​សុំ ។

បើ​តាម​លោក ឃាង ពុ​ទ្ធី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​លើក​ឡើង​កន្លង​មក​ថា ខណៈ​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុង​មាន​កំណើន​ដូច្នេះ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គួរតែ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុង​ការ​ផ្ដល់​កម្ចី​ជូន​អតិថិជន សម្រាប់​ប្រើប្រាស់​ទិញ​អចលនទ្រព្យ ។ លោក​ថា ៖« គ្រប់​បណ្ដា​ធនាគារ គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​វិបត្តិ​នូវ​ហិរញ្ញវត្ថុ​ដែល​កើត​ឡើង​ពី​ការ​ផ្ដល់​ឥណទាន​ច្រើន​លើសលប់ » ។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា វិស័យ​ធនាគារ​បាន​បន្ត​ចាក់​ឫស​ទៅ​ក្នុង​សេដ្ឋកិច្ច​យ៉ាង​រឹង​មាំ​ដដែល ដោយ​បាន​ជំរុញ​ឲ្យ​ភាព​ស៊ីជម្រៅ ផ្នែក​ហិរញ្ញវត្ថុ​កើនឡើង​៧៨​ភាគរយ ធៀប​នឹង​៧៣​ភាគរយ​នៅ​ឆ្នាំ​២០១៧ ក្នុង​នោះ​ទ្រព្យសកម្ម​សរុប​បាន​កើនឡើង​ដល់​១៧៤%​នៃ​ផ​.​ស​.​ស​។ ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ បាន​កើនឡើង​ដល់​៩១%​នៃ​ផ​.​ស​.​ស ខណៈ​ឥណទាន​ឯកជន​បាន​កើនឡើង​ដល់​១០២%​នៃ​ផ​.​ស​.​ស ដែល​បាន​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ