ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​កង់​បី​ចាប់ផ្តើម​ធ្លាក់​ថ្លៃ ខណៈ​ការ​នាំ​ចូល​មាន​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កង់​បី​ឥណ្ឌា ឬ​ហៅ​ថា​ឡាំ​ប្រឺ​តា នៅ​ដើមឆ្នាំ​២០១៩​នេះ ចាប់ផ្ដើម​ធ្លាក់​ថ្លៃ​បន្ដិច​ម្ដង​ៗ​ហើយ ដោយសារ​តែ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ និង​ការ​នាំ​ចូល​ច្រើន​ជាង​តម្រូវការ ។ បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កង់​បី​ឥណ្ឌា ឬ​ហៅ​ថា​ឡាំ​ប្រឺ​តា នៅ​ដើមឆ្នាំ​២០១៩​នេះ ចាប់ផ្ដើម​ធ្លាក់​ថ្លៃ​បន្ដិច​ម្ដង​ៗ​ហើយ ដោយសារ​តែ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ និង​ការ​នាំ​ចូល​ច្រើន​ជាង​តម្រូវការ ។ បច្ចុប្បន្ន នៅ​តាម​ដងផ្លូវ និង​វិ​ថី​នានា គេ​ឃើញ​មាន​កង់​បី​ជា​ច្រើន​ម៉ាក​ដូច​ជា TVS, Bajaj(Re), Piaggio, APE City និង​ម៉ាក​Angkor ជាដើម ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ផលិតផល​មួយ​នេះ​ហាក់​ចង្អៀត​បន្ដិច ។ ចំណែក​អ្នក​ប្រកប​មុខរបរ​នេះ​ក៏​ចាប់ផ្ដើម​ត្អូញត្អែរ​បន្ដិច​ម្ដង​ៗ​ដែរ ដោយសារ​តែ​ទីណា​ក៏​មាន​កង់​បី​ដែរ ។

បើ​តាម​អ្នក​រត់​កង់​បី​ម៉ាក​Bajaj(Re) ឈ្មោះ សយ សុ​ភ័​ណ បាន​ប្រាប់​កោះសន្ដិភាព​ថា កង់​បី​ឥណ្ឌា​នេះ​លោក​ទើបតែ​ទិញ​កាលពី​ខែធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ​ក្នុង​ថ្លៃ​៣.៥៥០​ដុល្លារ ។ លោក​ថា ៖« ម៉ាក​នេះ​កាលពី​ឆ្នាំ​២០១៧ ថ្លៃ​ប្រហែល​៣.៧០០​ឬ​៣.៨០០​ដុល្លារ ជិត​ស្មើ ឬ​លើស​តម្លៃ​រថយន្ដ​កូ​រ៉ូ​ឡា ស៊េរី​៩០​ជាង​ទៅ​ហើយ »​។

លោក​បន្ត​ថា ៖« តម្លៃ​កង់​បី​ម៉ាក​BAJA ធ្លាក់​មក​៣.៥៥០​ដុល្លារ ហើយ​ម៉ាក​ផ្សេង​ទៀត ក៏​ប្រែប្រួល​ដែរ ដូច​ជា​ម៉ាក​របស់​អីុ​តា​លី​កាលពីដើម​៣.៨៥០​ដុល្លារ តែ​ឥឡូវ​ចុះថ្លៃ​មក​នៅ​៣.៧០០​ដុល្លារ​ប៉ុណ្ណោះ​។

ការ​ធ្លាក់​ថ្លៃ​នេះ បើ​តាម​លោក​សយ សុ​ភ័​ណ យល់​ឃើញ​ថា​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ច្រើន​លើស​តម្រូវការ ខណៈ​ដែល​សព្វ​ថ្ងៃនេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​ចូល​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដូច​ជា ឥណ្ឌា អុ​ី​តា​លី​ជាដើម ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​នាំ​មក​ដំឡើង​នៅ​ក្នុងស្រុក​ផង​ដែរ ។

លោក​និយាយ​ថា ៖« កាលពី​មុនគេ​សម្រុក​ទិញ​ច្រើន ទើប​វា​ឡើងថ្លៃ ថ្នាក់​ដល់​១​គ្រឿង​តម្លៃ​៣.៨០០​ដុល្លារ តែ​ខ្ញុំ​គិត​ថា​កង់​បី​ស៊េរី ២០១៨​គ្រប់​ម៉ាក អាច​នឹង​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត ព្រោះ​ទីផ្សារ​វា​មានការ​ប្រកួតប្រជែង​គ្នា​ច្រើន ហើយ​អ្នក​ប្រកប​របរ​មួយ​នេះ​រក​ចំណូល​មិនសូវ​បាន ពិសេស​អ្នក​ដែល​ខ្ចី​លុយ​គេ​យក​មក​ទិញ​ម៉ូតូ​កង់​បី​ជួប​បញ្ហា​ច្រើន​ក្នុង​រក​ប្រាក់​សង់​ទៅ​ម្ចាស់បំណុល »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក លាង ហួរ អ្នក​រត់​កង់​បី​បំពាក់​បច្ចេកវិទ្យា​ដែល​ភាគច្រើន​ប្រចាំការ​នៅ​ផ្លូវ​២៧១ បាន​និយាយ​ថា សព្វ​ថ្ងៃនេះ លោក​រត់​បាន​ប្រមាណ​តែ​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ដោយសារ​តែ​ទីណា​ក៏​មាន​កង់​បី​ដែរ ។ លោក​និយាយ ៖« ពី​មុន​ខ្ញុំ​អា​ចរក​បានជា​ធ​ម្យ​ម​ពី​៦​ទៅ​៨​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ តែ​ឥឡូវ​សល់​បាន​ត្រឹមតែ​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​យ៉ាងណា​វា​ល្អ​ជាង​កាលដែល​ខ្ញុំ​រត់​កង់​បី​ខ្មែរ ដែល​ស្ទើរ​រក​ប្រាក់​បង់ថ្លៃ​ឈ្នួល​ផ្ទះ​មិន​បាន »​។

ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​នៃ​ក្រុមហ៊ុន Piaggio Commercial Vehicles ដែល​នាំ​ចូល​នូវ​ម៉ូតូ​កង់​បី​ម៉ាក APE City លោក ហៀ​ក ម៉េ​ង​ហ៊​ត បានឱ្យ​ដឹង​ថា ៖« នៅ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​មានការ​នាំ​ចូល​កង់​បី​ច្រើន​ម៉ាក ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​នាំ​ចូល​នីមួយ​ៗ​បាន​ទម្លាក់​ថ្លៃ​រៀង​ៗ​ខ្លួន​នូវ​ស៊េរី​ចាស់ អីចឹង​ទាំង​ខ្ញុំ​ទាំង​គេ មានការ​ទម្លាក់​ថ្លៃ​ទាំងអស់ ដោយ​រង់ចាំ​ស៊េរី​ឆ្នាំ​២០១៩​មក​ដល់ »​។

លោក​បញ្ជក់​ថា ៖« ការ​ទម្លាក់​ថ្លៃ​នេះ​ក្នុង​គោលបំណង​បញ្ចេញ​ស៊េរី​ចាស់​ឱ្យ​អស់ពី​ស្ដុក ហើយ​ម្យ៉ាងទៀត វា​ក៏​ជា​ការ​ប្រកួតប្រជែង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​នីមួយ​ៗ​ដែរ »​។ លោក​លើក​ឡើង​ថា កាលពី​ក្រុមហ៊ុន​លោក​នាំ​ចូល​គ្រា​ដំបូង​តម្លៃ​កង់​បី ថ្លៃ​៣.៤០០​ដុល្លារ តែ​មក​ដល់​ខែ​៦​ឆ្នាំ​២០១៨ បាន​ឡើងថ្លៃ​៣.៨៥០​ដុល្លារ​ក្នុង​១​គ្រឿង ហើយ​ម៉ាក​ផ្សេង​ទៀត​ក៏​មាន​ឡើងថ្លៃ​ដូច​គ្នា​ដែរ ប៉ុន្តែ​ក្រោយមក ក៏​ទម្លាក់​មក​នៅ​ត្រឹម​៣.៧៥០​ដុល្លារ វិញ ។

លោក​បញ្ជាក់​ថា ៖« នៅ​រយៈពេល​២​ឬ​៣​ខែ​ខាង​មុខ អាច​នឹង​ទម្លាក់​ថ្លៃ​មក​ត្រឹម​៣.៧០០​ដុល្លារ​ក្នុង​១​គ្រឿង ហើយ​ស៊េរី​ថ្មី​២០១៩ ខាង​ក្រុមហ៊ុន​អាច​នាំ​មក​នៅ​ស​ប្តា​ហ៍​ក្រោយ ដែល​មាន​តម្លៃ​ប្រហែល​៣.៨៥០​ដុល្លារ »​។

ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​លោក ឯ សុភា​ស់ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​អ្នក​ប្រកប​របរ​រត់​កង់​បី ឬ​រ៉ឺ​ម៉ក​កង់​បី​នៅ​ទូ​ទាំង​ប្រទេស​មាម​ប្រមាណ​៥​ម៉ឺន​គ្រឿង ក្នុង​នោះ​នៅ​ក្រុងភ្នំពេញ​មាន​៤​ម៉ឺន​គ្រឿង ហើយ​នៅ​ក្នុង​១​ថ្ងៃ​ៗ អ្នក​ប្រកប​មុខរបរ​នេះ​អាច​រក​ចំណូល​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល តែ​សម្រាប់​អ្នក​រត់​រ៉ឺ​ម៉ក​ខ្មែរ​មានការ​ធ្លាប់​ចុះ បើ​ប្រៀបធៀប​ពេល​មុន​ៗ ។

លោក​លើក​ឡើង​ថា ៖« ទីផ្សារ​មុខរបរ​ផ្ដល់​សេវា​មួយ​នេះ សព្វថ្ងៃ​មាន​លក្ខណៈ​ចង្អៀត​បន្តិច ហើយ ដូច្នេះ​បើ​ពលរដ្ឋ​ផ្សេង​ចង់​ប្រកប​របរ​នេះ គួរ​សិក្សា​របរ​ផ្សេង​វិញ ប៉ុន្ដែ​ជា​រួម ពួក​គាត់​នៅ​តែ​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន ដោយ​ផ្អែក​លើ​ភ្ញៀវ និង​ការ​ទំនាក់ទំនង​របស់​ខ្លួន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ