ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ខាំង​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ«វិ​ុ​ចតូ​រៀ»​​បង្ហាញ​បញ្ហា​ចាក់ស្រេស​​​ក្នុង​វិស័យ​សុខា​ភិបាល​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​បាន​កើត​មាន​ឡើង បន្ទាប់​​ពី​មាន​បង្ខាំង​មនុស្ស​នៅ​មន្ទីរពេទ្យ«វិ​ុ​ចតូ​រៀ» នៅ​ពេល​ថ្មី​ៗ​នេះ​ ។ មនុស្ស​ជា​ច្រើន​ចោទសួរ​ថា​ ហេតុ​អ្វី​បានជា​មន្ទីរពេទ្យ​ចិន​មួយ​នេះ​ ហ៊ាន​ធ្វើ​ខ្លាំង​ដៃដល់​ដល់​ម្លឹ​ង ​។ ចាក់សោ បង្ខាំង​មនុស្ស​…

ការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​បាន​កើត​មាន​ឡើង បន្ទាប់​​ពី​មាន​បង្ខាំង​មនុស្ស​នៅ​មន្ទីរពេទ្យ«វិ​ុ​ចតូ​រៀ» នៅ​ពេល​ថ្មី​ៗ​នេះ​ ។

មនុស្ស​ជា​ច្រើន​ចោទសួរ​ថា​ ហេតុ​អ្វី​បានជា​មន្ទីរពេទ្យ​ចិន​មួយ​នេះ​ ហ៊ាន​ធ្វើ​ខ្លាំង​ដៃដល់​ដល់​ម្លឹ​ង ​។ ចាក់សោ បង្ខាំង​មនុស្ស​ ព្រោះ​ចង់បាន​លុយ​ពី​អ្នកជំងឺ វា​មិន​ខុស​ពី​ការ​ចាប់ជម្រិត​នោះ​ទេ​ ។ ជាមួយនឹង​ស្ថានភាពធ្ងន់ ធ្ង​រ​​បែប​នេះ ក្រសួងសុខាភិបាល​ក៏​បាន​សម្រេចចិត្ត​បិទ​មន្ទីរពេទ្យ​មួយ​នេះ​ ។ នេះ​ជា​ការ​សម្រេចចិត្ត​មូ​យ ដែល​​ត្រឹមត្រូវ ​ហើយ​ក៏​ធ្វើ​អោយ​មានការ​ស្ងប់ចិត្ត​បន្តិច​ នៅ​ក្នុង​ចំណោម​សាធារណជន​ដែល​ផ្តល់​ការ​អាណិត​ដល់​គ្រួសារ​អ្នកជំងឺ​ ដែល​ត្រូវ​គេ​បង្ខាំង ​។

បញ្ហា​នៅ​មន្ទីរពេទ្យ​ចិន​មួយ​នេះ​ គ្រាន់តែ​ចំណែក​តូច​មួយ​នៃ​បញ្ហា​ដ៏​ចាក់ស្រេះ​ នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ​ដែល​តម្រូវ​អោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​សុខាភិបាល កាត់​បន្ថយ ការ​ស្លាប់​របស់​មនុស្ស និង​កាត់​បន្ថយ​ការ​ចា​កចេញ​របស់​ប្រជាជន​កម្ពុជា​ទៅ​ស្វែងរក​សេវា​សុខភាព នៅ​ក្រៅប្រទេស​។

វា​មិនមែន​ជា​រឿង​ថ្មី​ឡើយ​ ដែល​ថា​ប្រជាជន​ជា​ច្រើន​បាន​ត្អូញត្អែរ​ និង​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​សេវាកម្ម​នៅ​តាម​មន្ទីរពេទ្យ​ និង​គ្លីនិក​មួយ​ចំនួន ​ដែល​ធ្វើការ​រកស៊ី​ហួស​ជ្រុល​ចេញ​ក្រមសីលធម៌​ ។ បញ្ហា​ទាំងនោះ ​រួម​មានការ​បកសម្បក​ថ្នាំ​​ចេញ ​ដោយ​ធ្វើ​អោយ​អ្នកជំងឺ​មិន​ទាំង​ដឹង​ថា ​ពួក​គេ​លេបថ្នាំ​អ្វី​ផង ការ​ទាមទារ​ចាក់​ថ្នាំ ​ដោយ​មិន​ចាំបាច់ ការ​ទារ​ថ្លៃ​ហួសហេតុ សម្តី​គ្មាន​សីលធម៌ និង​បញ្ហា​គុណភាព សេ​វា​កម្ម​ព្រម​ទាំង​ប្រ​សិ​ទ្ធិ​​ភាព​នៃ​ការ​ព្យាបាល​ជំងឺ​ ។

អ្នក​ប្រកបរ​ខាង​សេវាកម្ម​សុខភាព​ទាំងអស់​ ត្រូវ​ទាមទារ​ឱ្យ​​មាន​យល់​ច្បាស់​ថា ​បញ្ហា​សុខភាព​វា​មិន​ត្រូវ​ចាត់ទុកជា​កា​រកស៊ី​កេ​ង​​ចំណេញ​ទៅ​លើ​សុខភាព​ និង​ជីវិត​មនុស្ស​នោះ​ឡើយ​ ។ វា​ចាំបាច់​ណាស់ ​ដែលត្រូវ​មានការ​ថ្លឹងថ្លែងដ៏​ប្រយ័ត្នប្រយែង​ ដោយ​ផ្តល់​តម្លៃ​ដល់​ជីវិត​មនុស្ស​ ជា​ជាង​ការ​ចំណេញ លុយ​ប៉ុន្មាន រយ​ដុល្លារ ​។

ឧបមា​ថា​ មាន​អ្នកជំងឺ​ម្នាក់​ចូល​មក​មន្ទីរពេទ្យ​មួយ មន្ទីរពេទ្យ​នោះ​មិនមាន​លទ្ធ​​ភាព​ព្យាបាល គេ​ចាំបាច់ ត្រូវ​​រួសរាន់​បញ្ជូន​អ្នកជំងឺ​ ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ ដែល​មាន​សមត្ថភាព​ និង​បច្ចេកវិទ្យា​ខ្ពស់ជាង ​ដោយ​មិន​ត្រួ​វ​ព្យាយាម​រក​វិធី ​ដូច​ជា​ដាក់​សេរ៉ូម ​ឬ​ក៏​ប្រើ​ថ្នាំមិន​ចាំបាច់​ ដើម្បី​បាន​លុយ​ពី​អ្នកជំងឺ​ឡើយ ពីព្រោះ​ពេល​វេលា​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​សង្គ្រោះ​ជីវិត​មនុស្ស​ ។

ការ​ធ្វើ​ដូច្នេះ​បាន​ន័យ​ថា ​មន្ទីរពេទ្យនោះ ​បាន​ប្រតិបត្តិ​ប្រកប ដោយ​សីលធម៌​ដោយ​អោយតម្លៃ​ដល់​ជីវិត​មនុស្ស​ជាងការ​រក​លុយ​ប្រកបដោយ​អ​សីលធម៌​ម​ ដោយ​ធ្វើការ​ព្យាបាល​ដែល​មិន​ចាំបាច់​ និង​គ្មាន​ប្រ​សិ​ទ្ធ​​ភាព​ ដើម្បី​ចំណេញ​លុយ​ ។

វា​មាន​សារសំខាន់​ជាង​​អាយុជីវិត ដែល​ត្រូវមាន​ការ​អប់រំ​អ្នក​ប្រក​របរ​បើក​មន្ទីរពេទ្យ​ទាំងអស់​ ឱ្យ​​មាន ផ្នត់គំនិត​ប្រកបដោយ​សីលធម៌​ ដោយ​តម្កល់​ជីវិត​មនុស្ស​ និង​សុខភាព​របស់​មនុស្ស​ជា​ធំ​ជាង​ការ​ចំណេញ​លុយកាក់​ ។

វា​គួរ​អោយ​ខ្មាស​អៀន​ និង​វិប្បដិសារី​ធ្ងន់ធ្ងរ​ណាស់ កាលបើ​សិ​ិ​ន​ជា​មនុស្ស​ម្នាក់​ ត្រូវ​ស្លាប់ ឬ​ត្រូវឈឺ​រឹតតែ​ធ្ងន់ ដោយសារ​តែ​មន្ទីរពេទ្យ​ ឬ​គ្លីនិក​ចង់បាន​លុយ​ប៉ុន្មាន​រយ​ដុល្លារ​ពី​អ្នកជំងឺ​ ។ ផ្ទុយ​មក​វិញ​ មន្ទីរពេទ្យ​ឬ​គ្លីនិក​ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ និងជួយ​ព្យាបាល​សុខភាព​អ្នកជំងឺបានជា​សះ​ស្បើ​ុ​យ​នឹង​ទទួល​បានការ​គោរព​និង​ទុកចិត្ត​ខ្លាំង​ពី​សាធារណជន​ ។ ដូច្នេះ ​គេ​នឹង​អាច​ធ្វើ​អោយ មន្ទីរពេទ្យ​ឬ​គ្លីនិក​ដំណើរការ​បាន​ល្អ​សម្រាប់​រយ​:​ពេល​វែង​ ។

សារ​គន្លឹះ​មួយ​ សម្រាប់​មន្ទីរពេទ្យ​ឬ​គ្លីនិក គឺ «គេ​ត្រូវ​តែ​លូតលាស់​លើ​ផ្លូវ​សេដ្ឋកិច្ច ជាមួយនឹង​ការ​សង្គ្រោះ ជីវិត​មនុស្ស​ និង​ព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រ​សិ​ទ្ធ​​ភាព» ។ គេ​ត្រូវ​តែ​ចៀសវាង​អោយ​បានការ​លូតលាស់ ផ្នែក​សេដ្ឋកិច្ច ជាមួយនឹង​ការ​លះបង់​ជីវិត​មនុស្ស​ ឬ​សុខភាព​ប្រជាជន​។

ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ពិសេស​ក្រសួងសុខាភិបាល​ ត្រូវ​តែ​មាន​វិធានការ​គ្រប់គ្រាន់​ ដើម្បី​ធានា​ថា​គ្មាន​មនុស្ស​ណា​ស្លាប់​ ដោយសារ​មិន​បាន​ទទួល​ការ​ព្យាបាល ​ឬ​ក៏​ទទួល​ការ​ព្យាបាល​ដែល​ខុសឆ្គង​ឡើយ​។

ផ្ទុយ​ទៅ​វិញ​ ត្រូវ​តែ​ធានា​អោយ​បាន​ច្រើន​បំផុត​ថា ​មន្ទីរពេទ្យ​ និង​គ្លីនិក​ជា​កន្លែង​ ដែល​អាច​សង្គ្រោះ​ជីវិត​មនុស្ស​​បាន​ច្រើន​បំផុត​ ៕ (ដោយ៖ ប្រេ​វី​ន)

អត្ថបទសរសេរ ដោយ