ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រម​ព្រៀង​ BREXIT

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខណៈ​សល់​ពេល​មិន​ដល់​៣​ខែ​ទៀត​ផង ដល់​ថ្ងៃ​កំណត់​ចាប់ផ្ដើម​អនុវត្ត​ការ​ចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប​ហៅ ​BREXIT កាលពី​ថ្ងៃ​ទី​១៥​មក​រា​បណ្ដា​សមាជិក​សភា​អង់គ្លេស បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​បំផុត បដិសេធ​កិច្ចព្រមព្រៀង​BREXIT នេះ…

ប្រទេស​អង់គ្លេស ៖ ខណៈ​សល់​ពេល​មិន​ដល់​៣​ខែ​ទៀត​ផង ដល់​ថ្ងៃ​កំណត់​ចាប់ផ្ដើម​អនុវត្ត​ការ​ចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប​ហៅ ​BREXIT កាលពី​ថ្ងៃ​ទី​១៥​មក​រា​បណ្ដា​សមាជិក​សភា​អង់គ្លេស បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​បំផុត បដិសេធ​កិច្ចព្រមព្រៀង​BREXIT នេះ ដែល​នោះ​ជា​បរាជ័យ​ធំ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​នាយក​រដ្ឋមន្ត្រី​លោកស្រី​ THERESA MAY​។ បែប​នោះ​ញ៉ាំង​ឲ្យ​គណ​បក្ស​ប្រឆាំង ដាក់​ញត្តិ​សម្ដែង​ការ​មិន​ទុកចិត្ត​។

សភា​អង់គ្លេស​បាន​បោះ​ឆ្នោត​បដិសេធ​កិច្ចព្រមព្រៀង​នេះ​ដោយ​៤៣២​សំឡេង ហើយ​មាន​២០២​សំឡេង​ប៉ុណ្ណោះ​គាំទ្រ​។ នោះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត របស់​មេដឹកនាំ​អង់គ្លេស​១​រូប​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩២០​មក ដែល​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់លាស់​ថែម​ទៀត​។

មាន​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​សភាពការណ៍​នោះ ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក​JEAN CLAUDE JUNCKER​វាយតម្លៃ​ថា គ្រោះថ្នាក់​BREXIT​មួយ ដោយ​គ្មាន​កិច្ចព្រមព្រៀង​មានការ​កើនឡើង​។ ខ្ញុំ​អំពាវនាវ​ដល់​ចក្រភព​អង់គ្លេស​ឲ្យ​បំភ្លឺ ពី​បណ្ដា​ចេតនា​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពេលវេលា​ហាក់​កាន់តែ​រសាត់​ផុត​ទៅ​ហើយ​។

ក្រោយ​ពី​ដឹង​លទ្ធផល​ភ្លាម​ប្រមុខ​គណបក្ស​ការងារ​ជា​គណបក្សប្រឆាំង លោក​JEREMY CORBYN ដែល​ទាមទារ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ឲ្យ​មានការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ បាន​ដាក់​ភ្លាម​ញត្តិ​សម្ដែង​ការ​មិន​ទុកចិត្ត​មួយ​ប្រឆាំង​រដ្ឋាភិបាល​អភិរក្សនិយម ដោយ​ចាត់​ទុក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ថា ជា​គ្រោះ​មហន្តរាយ​មួយ​។

ការ​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រៀង​នេះ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​សម្រាប់​ពួក​អ្នកគាំទ្រ​BREXIT​ទាំង​ពួក​អ្នក​ដែល​ចង់​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​។ លោកស្រី​MAY​ពេល​នេះ​ត្រូវ​ពិនិត្យ​លើ​ផែនការ​B​។ មានការ​ជ្រើសរើស​ច្រើន​សម្រាប់​លោកស្រី ឬ​មួយ​វិល​ទៅ​ចរចា​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល ឬ​ស្នើ​សុំ​ពន្យារពេល BREXIT​ដែល​កំណត់​ត្រឹម​ថ្ងៃ​ទី​២៩​មីនា​។ ម្យ៉ាងទៀត​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​១៥​មក​រា ក៏​បើក​លទ្ធភាព​ផង​ដែរ​ការ​ចែកផ្លូវ​គ្នា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ពុំ​ចាំបាច់​មាន​កិច្ច​ព្រៀង​ព្រម ដូច​ការ​លើក​ឡើង​របស់​លោក​JUNCKER ជា​សេណា​រី​យ៉ូ​មួយ​មានការ​សង្ស័យ​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​។

ក្រោយ​ការ​បោះ​ឆ្នោត​លោកស្រី​MAY​និយាយ​ថា សភា​បាន​បញ្ចេញ​សំឡេង ហើយ​រដ្ឋាភិបាល​នេះ​នឹង​ត្រូវ​ស្ដាប់ ដោយ​លោកស្រី​ស្នើ​ឲ្យ​មានការ​ពិភាក្សា​គ្នា​រវាង​គណបក្ស​នានា ដើម្បី​កំណត់​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​។

ទោះបី​នោះ​ជា​បរាជ័យ​ធំ​មួយ តែ​អ្នកនាំពាក្យ​ម្នាក់​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​DONALD TUSK​ថ្លែង​ថា ប្រទេស​ទាំង​២៧​នៃ​សហភាព​អឹ​រ៉ុ​ប​នឹង​នៅ​តែ​រួបរួម​គ្នា​។ ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON​យល់​ថា ការ​គាបសង្កត់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ស្ថិត​លើ​ពួក​អង់​គ្លេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ