ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៊ិ​ន ឈិ​ន ៖ វប្បធម៌​ក៏​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​សង្គ្រាម និង​កសាង​សន្តិភាព

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ វប្បធម៌​ក៏​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​សង្គ្រាម និង​ក្នុង​ការ​កសាង​សន្តិភាព ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិ​ន ឈិ​ន ឧបនាយក​រដ្ឋ មន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។…

ខេត្តសៀមរាប ៖ វប្បធម៌​ក៏​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​សង្គ្រាម និង​ក្នុង​ការ​កសាង​សន្តិភាព ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិ​ន ឈិ​ន ឧបនាយក​រដ្ឋ មន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ថ្លែង​ក្នុង​ពិធី​បិទ​ប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា​សុខា លោក ប៊ិ​ន ឈិ​ន បាន​លើក​ឡើង​ថា វប្បធម៌​រាប់​បញ្ចូល​នូវ​សមា សភា​គជា​ច្រើន​ដែល​រួម​មាន​ដូច​ជា សាសនា គំនិត ទំនៀមទម្លាប់ ប្រពៃណី របាំ ចម្លាក់ របៀបរបប​រស់នៅ និង​ឥរិយា​បទ​សង្គម ដែល​មាន​លក្ខណៈ​ខុស​ៗ គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ពី​ជនជាតិ​មួយ​ទៅ​ជនជាតិ​មួយ ។ ក៏​ប៉ុន្តែ​ភាព​ខុស​គ្នា​នេះ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​រវាង​វប្បធម៌ និង​វប្បធម៌ និង​ការ​កសាង​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​ឡើយ ។

ផ្ទុយ​ទៅ​វិញ​ភាព​ខុស​គ្នា​នេះ គឺជា​មូលហេតុ​ចម្បង​ដែល​យើង​ត្រូវ​មានការ​សន្ទនា និង​កិច្ចសហការ​នឹង​គ្នា ដើម្បី​ការ​យោគយល់​គ្នា​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ការ​គោរព​គ្នា​សុ​ខុ​ដុម​នី​យ​កម្ម និង​ការ​រីក​ចម្រើន​ជាមួយ​គ្នា ។ ម្យ៉ាងវិញទៀត គឺ​ភាព​ខុស​គ្នា​នេះ​ហើយ ដែល​ញ៉ាំង​ឱ្យ​ពិ ភព​លោក​យើង​មាន​ភាព​ចម្រុះ​ដ៏​រស់​រវើក​ដែល​ជា​មូលដ្ឋាន​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌​ក៏​ដូច​ជា វិស័យ​ទេសចរណ៍​សម័យ​ទំនើប​នេះ ។

លោក​បាន​បន្ត​ថា ប្រជាជន​កម្ពុជា​មានភ័ព្វ​សំណាង ដោយ​យើង​មាន​វប្បធម៌ និង​អរិយធម៌​ដ៏​ចំណាស់ និង​សម្បូរ​បែប​ដែល​ត្រូវ​បាន​ផ្ទេរ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ពី​បុព្វបុរស​កម្ពុ​ជាម ក​ប្រជាជន​យើង បច្ចុប្បន្ន​ជា​ពិសេស​ពី​ស្ថាបនិក​ដ៏​ប៉ិនប្រសព្វ​ដែល​បាន​កសាង​ប្រាសាទ​ដ៏ មហិមា​នៅ​ក្នុង​ឧទ្យាន​បុរាណវិទ្យា​អង្គរ​នេះ ។ ទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា​តែងតែ​គោរព និង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​វប្បធម៌​ដទៃ ។

លោក​បញ្ជាក់​ថា​« យើង​ចង់​ស្វែង​យល់​អំពី​វប្បធម៌​នៃ​ជាតិ​សាសន៍​ដទៃ ហើយ​យើង​ក៏​ចង់ឱ្យ ជាតិ​សាសន៍​ដទៃ​ស្វែង​យល់​អំពី​វប្បធម៌​របស់​កម្ពុជា​ដែរ ។ នេះ​ជា​ប្រការ​ចាំបាច់ ដើម្បី​ទាំងអស់​គ្នា​អាច​រួមរស់ និង​ធ្វើការ​ជាមួយ​គ្នា​ប្រកបដោយ​សុខដុមរមនា​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​វិបុលភាព​ជាមួយ​គ្នា​» ។ លោក​បាន​គូសបញ្ជាក់​ទៀត​ថា ខ្ញុំ​ក៏​សូម​ទាញ​ការ​យកចិត្តទុកដាក់​របស់​អង្គពិធី​ទាំងមូល​មក​ពិចារណា​រួម​គ្នា​បន្តិច​អំពី​អន្តរ​ទំនាក់ទំនង​រវាង​វប្បធម៌ និង​សង្គ្រាម ។

នៅ​ក្នុង​សង្គ្រាម​ភាគី​ទាំងអស់​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ដើម្បី​ឈ្នះ​ដូច្នេះ​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​ទាំង​រូបី និង​អរូបី​ជា​រឿយ​ៗ មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ឡើយ​» ។ លោក​បន្ថែម​ថា លទ្ធផល​សង្គ្រាម​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នូវ​វត្ថុ​បុរាណ និង​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​មនុស្សជាតិ​ជា​ច្រើន​ដូចដែល​យើង​បានឃើញ​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​មួយ សង្គ្រាមលោក​លើក​ទី​ពីរ សង្គ្រាម​នៅ​អា​ហ្វ​ហ្គា នី​ស្ថាន​ដែល​ព្រះពុទ្ធ​បដិមា បា​មី​យ៉ា ន​សតវត្ស​ទី​៦ ត្រូវ​បាន​កម្ទេច​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ដែល​ប្រាសាទ និង​វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​ជ្រុលនិយម «​រដ្ឋ​អ៊ី​ស្លា​ម (Islamic State)» សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី ដែល​ទីក្រុង​បុរាណ​អា​ឡេ​ប៉ូ ជា​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង និង​តាម បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក ។

ចំណែក​នៅ​កម្ពុជា​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​បាន​ដុត​បំផ្លាញ​គម្ពីរ​ធម៌​ចាប់​ព្រះសង្ឃ​ផ្សឹក និង​ហាមឃាត់​មិន​ឱ្យ​មានការ​គោរព​សាសនា ។ វត្ត​អារាម វិហារ​សាសនា​គ្រឹ​ស្ត​វិហារ​សាសនា​អ៊ី​ស្លា​ម និង​ទី​សក្ការៈបូជា​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​បំផ្លិចបំផ្លាញ ។ លោក​ក៏​បាន​គូសបញ្ជាក់​ជាមួយ​គ្នា​នេះ​វប្បធម៌​ក៏​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​សង្គ្រាម និង​ក្នុង​ការ​កសាង​សន្តិភាព​ផង​ដែរ ។

ការ​យល់​ដឹង​អំពី​វប្បធម៌ និង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អាច​រួមចំណែក​ដល់​ការ​រក្សា​អត្តសញ្ញាណ​របស់​ក្រុម​មនុស្ស ដូច្នេះ​វប្បធម៌​ប្រៀប​ដូច​ជា ថ្នាំ​បង្ការ​សង្គ្រាម​យ៉ាង​មាន​ប្រសិទ្ធភាព ។ នៅ​ពេល​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​បាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន​ក្រុម​នេះ​តែង​មាន​ទំនាស់​ជាមួយ​ក្រុម​ផ្សេង​ទៀត​» ។

លោក​បន្ថែម​ថា ការ​ស្ដារ​ឡើង​វិញ​នូវ​បេតិកភណ្ឌ​វប្បធម៌​បន្ទាប់​ពី​សង្គ្រាម គឺជា​ធាតុ​ផ្សំ​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​ដំណើរការ​ផ្សះផ្សា និង​កសាង​សហគមន៍​ឡើង​វិញ ឱ្យ​មានការ​រីក​ចម្រើន ជា​កម្លាំង​ជំរុញ​ឱ្យ​មានការ​សន្ទនា និង​ប្រែក្លាយ​ជម្លោះ​ទៅ​ជា​ការ​យោគយល់​គ្នា​ការ​គោរព​ស្រឡាញ់​គ្នា និង​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ប៊ិ​ន ឈិ​ន ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​សុ​ទិ​ដ្និ​និយម​ថា ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​ស្ពាន​ក្នុង​ការ​លើកកម្ពស់​ពហុភាព​នៃ​វប្បធម៌ ការ​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី និង​សម្បត្តិ​បេតិកភណ្ឌ​ក៏​ដូច​ជា ការ​សន្ទនា​អន្តរ​ជំនឿ និង​សាសនា រវាង​ប្រជាជន​នៅ​ក្នុង​ទ្វីបអាស៊ី ហើយ​ប្រើប្រាស់​វប្បធម៌​ជា​យាន​សម្រាប់​ជំរុញ​ការ​កសាង​សន្តិភាព ការ​ផ្សះផ្សា សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​» ។

លោក​បន្ថែម​ទៀត​ថា ជាមួយនឹង​សក្តានុពល​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្លួន​កម្ពុជា​រីករាយ​ជា​និ ច្ច​ក្នុង​ការ​ចូលរួម និង​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ទ្វីបអាស៊ី តាម​រយៈ​គម្រោង និង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​នៅ​ក្នុង​វិស័យ​វប្បធម៌ អប់រំ វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ