ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 ផល​ត្រី​កើន​ប្រមាណ​2% ខណៈ​ពូជ​ត្រី​មួយ​ចំនួន​ជិត​ផុត​ពូជ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ស្ថិតិ​នៃ​ការ​តាមដាន​លទ្ធផល​នេសាទ​ត្រី​ឆ្នាំ​២០១៨​កន្លង​មកនេះ បាន​បង្ហាញ​ថា ផល​នេសាទ​មានការ​កើនឡើង​ប្រមាណ​២​ភាគរយ ឬ​ស្មើនឹង​៦.៤៦៧​តោន បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ។ ទោះបី​យ៉ាងណា ស្ថិតិ​នេះ​បាន​អះអាង​ថា…

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ស្ថិតិ​នៃ​ការ​តាមដាន​លទ្ធផល​នេសាទ​ត្រី​ឆ្នាំ​២០១៨​កន្លង​មកនេះ បាន​បង្ហាញ​ថា ផល​នេសាទ​មានការ​កើនឡើង​ប្រមាណ​២​ភាគរយ ឬ​ស្មើនឹង​៦.៤៦៧​តោន បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ។

ទោះបី​យ៉ាងណា ស្ថិតិ​នេះ​បាន​អះអាង​ថា ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​កំពុង​ថមថយ​ដែល​ស្ទើរ​ឈាន​ទៅ​ជិត​ផុត​ពូជ​ទៅ​ហើយដោយ​សារ​តែ​ការ​នេសាទ​ហួស​កម្រិត និង​ការ​ប្រព្រឹត្ត​បទ​ល្មើ​នេសាទ ។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា អ្នកនេសាទ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ជិត​ផុត​ពូជ ដោយសារ​តែ​អ្នកនេសាទ​ខ្លះ​លួច​នេសាទ​នៅ​តាម​អន្លង់​អភិរក្ស​បង្ក​ផល​ប៉ះពាល់​ដល់​ពូជ​ត្រី ពិសេស​ការ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ បាន​បញ្ជាក់​ថា ៖« ទន្លេ​លើ​ជា​ជម្រក​ត្រី​បន្ត​ពូជ ដូច​ជា ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​នាគ ត្រី​ផ្ទក់ ពិសេស​ត្រី​ប៉ា​វ៉ា និង​ត្រី​ប៉ា​សេ​អី​ុ ដែល​មានឈ្មោះ​ល្បី​នៅ​ខេត្តស្ទឹងត្រែង​ភាគ​ឦសាន ក៏​ប៉ុន្តែ​ធនធាន​ជលផល​ទាំងនេះ​វា​កំពុង​ថមថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះ​ទើប​តម្រូវ​ឱ្យ​យើង​ទាំងអស់​គ្នា​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ និង​ជំនាញ ព្រមទាំង​អ្នក​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ទៀត​រួម​គ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ធ្វើ​ម៉េច​កុំឱ្យ​ធនធាន​ទាំង​អស់នេះ​ថមថយ ឬ​ក៏​ឈាន​ទៅ​ដាច់​ពូជ »​។
មន្ត្រី​អង្គការ​សេ​ប៉ា​ប្រចាំ​ខេត្តស្ទឹងត្រែង​លោក ផល លុយ បាន​លើក​ឡើង​ផង​ដែរ​ថា ករណី​នេះ​អង្គការ​ជា​ដៃគូ​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្មភាព​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ប្រជា​សហគមន៍ និង​ប្រជា​កសិករ​ឲ្យ​បង្កើត​មុខរបរ​ប្រចាំ​គ្រួសារ ។ លោក​បន្ដ​ថា ៖« ដើម្បី​ឲ្យ​ពួក​គាត់​ងាក​ចេញពី​ការ​នេសាទ យើង​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​ឲ្យ​គាត់​មានមុខរ​បរដូច​ជា ការ​ចិញ្ចឹម​ត្រី បង្កើត​សួន​បន្លែ​ប្រចាំ​គ្រួសារ​ជាដើម​សម្រាប់​ជួ​ួ​យ​គាត់​ឲ្យ​ងាក​មក​ប្រកប​របរ​នេះ​វិញ ទើប​យើង​អាច​ការពារ​ធនធាន​មច្ឆជាតិ​នេះ​បាន »​។

លោក ឆែម ប៊ុ​ន​ធឿ​ន ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​កម្រ​បាន​ជួប​ប្រទះ​ត្រី​សំខាន់​ៗ​ណាស់ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់បង់​ទៅ​ៗ​ពូជ​ត្រី​ទាំងនោះ​ជា​បន្ដបន្ទាប់ ។

លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់​គ្នា​ឱ្យ​បាន​គ្រប់​រដូវ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់​មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ដែល​ឧបករណ៍​លក្ខណៈ​គ្រួសារ និង​ត្រូវ​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​ឬ​ទៅ​នេសាទ​នៅ​កន្លែង​អន្លង់​អភិរក្ស​ជាដើម ។ លោក​មាន​ប្រសាសន៍​ថា ៖« ប្រសិនបើ​យើង​មាន​ឆន្ទៈ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា នោះ​ត្រី​មេ​ពូជ​ដូច​ជា ត្រី​ប៉ា​សេ​អី​ុ ត្រី​គល់រាំង នឹង​សម្បូរ​ឡើង​វិញ ហើយ​សូម​ឈប់​ប្រើប្រាស់​ឧ​បក​ណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ឆក់​បំពុល គប់​គ្រាប់ និង​រួមចំណែក​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​នេសាទ​ត្រី​មេ​ពូជ នៅ​ក្នុង​ទន្លេ​និង​ជួយ​អភិរក្ស​ទាំងអស់​គ្នា »​។

លោក គង់ ធា ប្រជា​នេសាទ​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​និយាយ​ថា ៖« បើសិនជា​យើង​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ផល​ត្រី​នឹង​សម្បូរ​បែប​ឡើង​វិញ​តែ​បច្ចុប្បន្ន​បងប្អូន​ភាគច្រើន​ធ្វើ​អាជីវកម្ម​នេសាទ​ដែល​បង្ករ​អោយ​ធនធាន​មួយ​នេះ​ធ្លាក់​ចុះ »​។ លោក​បន្ត​ថា ៖« ក្រៅពី​នោះ​ទៀតបទល្មើស​នេសាទក៏​ចេះ​តែ​កើត​មាន ហើយ​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ