ខេត្តសៀមរាប ៖ ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានអះអាងថា វេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក បានចួលរួមបង្កើតចក្ខុវិស័យច្បាស់លាស់មួយក្នុងការកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ ។
ការថ្លែងបែបនេះ ខណៈដែលសម្តេច ហេង សំរិន ទទួលបានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូ ប្រទេសសមាជិកវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូដែលអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ APPF ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា និងសាលសន្និសីទនាខេត្តសៀមរាប ។
សម្តេចប្រធានបានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPF បាននាំមកនូវសមិទ្ធផលជាច្រើនដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPFទាំងអស់ ហើយសមិទ្ធផលទាំងនោះបានបង្ហាញឲ្យឃើញនូវសុខដុមនីយកម្មនៃប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក ទាំងមូល ។ សម្តេចបានបន្ថែមថា បេសកកម្មរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងរង្វង់គ្រួសារ APPFប៉ុណ្ណោះទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់លាស់មួយក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ ។
សូមជម្រាបថា វេទិកាសភាអាស៊ីប៉ា-ស៊ីហ្វិក បានបង្កើតនៅឆ្នាំ១៩៩៣ ក្នុងប្រទេសជប៉ុនដែលរហូតមកដល់ពេលនេះមានសមាជិកចំនួន២៧ប្រទេស ។ សភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកមួយរបស់ APPF បានកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភានេះនៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។
ក្នុងនាមសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរី ករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិក AAPPF ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា វត្តមានរបស់គ្រួសារ APPF នៅលើទឹកដីអង្គរនាឱកាសនេះបានផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំពេលនេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងការរួមវិភាគទានដ៏មានតម្លៃក្នុងការពង្រឹងប្រសិទ្ធភាពនៃការពិភាក្សាស្វែងរកដំណោះស្រាយរួមរបស់តំបន់ជាពិសេស សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់គ្រួសារ APPF ៕
ចែករំលែកព័តមាននេះ