ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ស្នើ​បង្កើន​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្ដូរ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ វេ​ប​សាយ​ឃោសនា​កូរ៉េ​ខាងជើង URIMINZOKKIRI និង​MEARI កាលពី​ថ្ងៃ​ទី​១៤​ ខែមក​រា ឆ្នាំ​២០១៩ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​យ៉ាង​សកម្ម ដោយ​កត់​សម្គាល់ថា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ វេ​ប​សាយ​ឃោសនា​កូរ៉េ​ខាងជើង URIMINZOKKIRI និង​MEARI កាលពី​ថ្ងៃ​ទី​១៤​ ខែមក​រា ឆ្នាំ​២០១៩ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​យ៉ាង​សកម្ម ដោយ​កត់​សម្គាល់ថា ការ​ផ្លាស់​ប្ដូរ​គ្នា​គ្រប់​វិស័យ​នឹង​ពុំ​ផ្ដល់​ប្រយោជន៍​ឲ្យ​នរណា​ផ្សេង​ក្រៅពី​កូរ៉េ​ទាំង​២​ឡើយ​។

វេ​ប​សាយ​នោះ​បន្ត​ថា ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​សកម្ម​នានា​ត្រូវ​តែ​ធ្វើ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ផ្លាស់​ប្ដូរ​រវាង​កូរ៉េ​ទាំង​២ ក្នុង​គ្រប់​វិស័យ​។ គ្មាន​នរណា​ក្រៅពី​ប្រជាជន​យើង​ឡើយ​ដែល​ទទួលផល​ប្រយោជន៍ ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្ដូរ​ទាំងនេះ​។

វេ​ប​សាយ​នោះ​ក៏​រំឭក​ពី​គម្រោង​ផ្សេង​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ ដែល​កូរ៉េ​ទាំង​២​បាន​ធ្វើ កាលពី​ឆ្នាំទៅ​មិ​ញ​ក្នុង​វិស័យ​ផ្លូវដែក ផ្លូវថ្នល់ ព្រៃឈើ​ និង​សុខាភិបាល​ហើយ​បញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​ទាំងនោះ គឺ​សំដៅ​​ទៅ​រក​ការ​បង្រួបបង្រួម ​និង​សាមគ្គីភាព​រវាង​កូរ៉េ​ទាំង​២ ទោះបី​បានការ​រាំង​ខ្ទប់​យ៉ាង​ខ្លាំង​ពី​បណ្ដា​កម្លាំង​ខាងក្រៅ​ក៏​ដោយ​។

ចំណែក​វេ​ប​សាយ​ MEARI ជា​វេ​ប​សាយ​ឃោសនា​មួយទៀត​របស់​កូរ៉េ​ខាងជើង បាន​អំពាវនាវ​ឲ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ ដោយ​និយាយ​ថា ប្រសិនបើ​បណ្ដា​គម្រោង​កិច្ច​សហប្រតិបត្តិការ រវាង​​កូរ៉េ​ទាំង​២ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​សកម្ម នោះ​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​មិន​ស្ថិត​ក្នុង​សភាព​​ប្រឈម​​មុខ​នឹង​គ្រោះ​មហន្តរាយ​ដូច​បច្ចុប្បន្ន​ឡើយ​។

វេ​ប​សាយ​នោះ បាន​ចោទប្រកាន់​រដ្ឋាភិបាល​អភិ​រក្សនិយម​កូរ៉េ​ខាងត្បូង​មុន​ៗ​ថា បង្ក​ការ​ខូចខាត​យ៉ាង​ធំ​ធេង​ដល់​បណ្ដា​សហគ្រាស​កូរ៉េ​ខាងត្បូង និង​ប្រជាជន​កូរ៉េ​ខាងជើង ដោយសារ​ការ​ផ្អាក​បណ្ដា​គម្រោង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ទាំង​២ ដែល​សំដៅ​ធ្វើ​ឲ្យ​សម្រេច​ភាព​រុងរឿង​រួម​របស់​ប្រជាជន​។​

សារព័ត៌មាន​កូរ៉េ​ខាងជើង អំពាវនាវ​ឲ្យ​អនុវត្ត​ឡើង​វិញ​បណ្ដា​គម្រោង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​អះអាង​ថា​នោះ​ជា​ឆ​ន្ទះ​ម៉ឺ​ង​ម៉ាត់​របស់​មេដឹកនាំ​ជាន់ខ្ពស់​របស់​យើង​លោក​គី​ម​ជុង​អ៊ុ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ