ក្រុងប៉ោយប៉ែត ៖ ទីតាំងផលិត-ចែកចាយគ្រឿងញៀន២កន្លែង កណ្តាលក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងប៉េអឹមលើផ្ទៃប្រទេសឆ្មក់ចូលបង្ក្រាបកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ មីនា ២០១១ ក្របួចបានជនពាក់ព័ន្ធ៣នាក់ ក្នុងនោះស្ត្រីម្នាក់ជាជនជាតិសៀម ព្រមទាំងរឹបអូសបានឧបករណ៍កែច្នៃផលិតថ្នាំញៀនមួយចំនួនធំ និងថ្នាំញៀនប្រភេទយ៉ាម៉ា WY ជាង១ម៉ឺនគ្រាប់។
ជនពាក់ព័ន្ធដែលកម្លាំងប៉េអឹមធ្វើការឃាត់ខ្លួនរួមមាន ១-ឈ្មោះលី សេងឡា អាយុ៣៨ឆ្នាំ មានស្រុកកំណើតស្រុកទ្រាំង ខេត្តតាកែវ ២-ឈ្មោះដាក់រ៉ូនី ខាន់តាក់គិរី ជាជនជាតិសៀម ប្រពន្ធរបស់ឈ្មោះលី សេងឡា និង៣-ឈ្មោះឆេង ដឺលីន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។ ពួកគេទាំង៣នាក់ស្នាក់នៅបន្ទប់ជួលម្ខាងផ្លូវពីគ្នា ដោយឈ្មោះឆេង ដឺលីន នៅបន្ទប់ជួលផ្សេងពីឈ្មោះលី សេងឡា និងស្ត្រីជនជាតិសៀម ។ ការបង្ក្រាបទីតាំងកែច្នៃ ផលិត ចែកចាយថ្នាំញៀនទាំង២កន្លែងនេះ សមត្ថកិច្ចរឹបអូសបានឧបករណ៍កែច្នៃ ផលិតច្រើនមុខ មានទាំងម៉ាស៊ីនសម្ងួត សារធាតុផ្សំជាច្រើនមុខ ជញ្ជីងសម្រាប់ថ្លឹង និងថ្នាំញៀនជាង១ម៉ឺនគ្រាប់ ។
ក្នុងបន្ទប់របស់ពួកគេទាំង២កន្លែង គេឃើញមានប្រភេទម្សៅលាយហើយពុំទាន់ផលិតជាច្រើនដាក់ក្នុងចានទៀតផង ហើយក៏មានគ្រាប់កាំភ្លើងអាកាមួយបង់២៥គ្រាប់ ក្នុងបន្ទប់របស់ប្តីប្រពន្ធនោះផងដែរ ។ ប្រតិបត្តិការបង្ក្រាបនេះ គេឃើញមានវត្តមានលោកថាច់ ចាន់បូរ៉ុម នាយរងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជាច្រើនទាំងខេត្ត ទាំងក្រុងចូលរួមផងដែរ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.


ចែករំលែកព័តមាននេះ