ខេត្តកំពង់ឆ្នាំង ៖ សកម្មភាពជីកយកអាចម៍ដីនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីយកមកចាក់លុបបឹង នៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានកើតឡើងជាច្រើនខែណាស់មកហើយ ។ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានច្បាប់ត្រឹមត្រូវនៅឡើយទេ ខណៈរណ្តៅដីបានរីកយ៉ាងធំមានជម្រៅស្ទើរដល់ក្បាលប្រេតទៅហើយ ចំណែកបឹងជាអាងស្តុកទឹកវិញបានបាត់អស់ ក្លាយជាដីកោះបណ្តើរៗហើយដែរ ។
គួរបញ្ជាក់ផងដែរថា ដីនៅចំណុចភូមិទី៧សង្កាត់ដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកយកអាចម៍ដី និងដីបឹងនៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង គឺសុទ្ឋសឹងតែជាដីស្ថិតក្នុងតំបន់ព្រៃលិចទឹក ដែលរដ្ឋបានហាមឃាត់ ប៉ុន្តែសកម្មភាពខុសនឹងច្បាប់នៅត្រូវបានក្រុមឈ្មួញធ្វើយ៉ាងរលូន ដោយគ្រាន់តែប្រាប់ថា ច្បាប់កំពុងរត់ការនៅឡើយ ប៉ុន្តែដល់ក្បាលប្រេតហើយ។
សកម្មភាពល្មើសច្បាប់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋរាយការមកថា គ្រឿងចក្រនិងរថយន្តដឹកជញ្ជូនដីជាច្រើនគ្រឿងខាងលើ គឺជារបស់លោក កែ រ៉ុន ដែលមានក្រុមហ៊ុន ជាមួយ អតីតស្នងការខេត្តកំពង់ស្ពឺចូលនិវត្តន៍ម្នាក់បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ព្រោះសំអាង អាងអ្នកធំដែលជាសាច់ញាតិនៅពីក្រោយខ្នង ។
ហេតុនេះហើយតាំងពីចាប់ផ្តើមធ្វើ សកម្មភាព មកដល់ពេលមានរយៈពេលរាប់ខែមកហើយ មិនទាន់មានមន្ត្រីជំនាញណា ចុះទៅពិនិត្យមើលសកម្មភាព ឬហាមឃាត់ឡើយ ។ ជុំវិញភាពមិនប្រក្រតីនេះ លោក កែ រ៉ុន ដែលជាម្ចាស់គ្រឿងចក្រខាងលើ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា ច្បាប់គឺកំពុងតែរត់ការនៅឡើយ ។ ព័ត៌មានពិស្តារមានផ្សាយនៅកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ