ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយរឿងមេប៉ុស្តិ៍បា.ញ់គំរាម​​មេឃុំ… មិន​​ព្រមឱ្យបើកបន​ល្បែង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សំណុំរឿង​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់គំរាម​​លោក​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​បើក​ល្បែងស៊ីសង​មិន​បាន ហើយ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​អស់​រយៈពេល​១​ខែ​កន្លង​ទៅ​នោះ ពេល​នេះ បាន​បែកធ្លាយ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្នងការដ្ឋាន​ខេត្ត ខណៈ​លោក​ស្នងការ​រង​ទ​ទូល​បន្ទុក​បុគ្គលិកបាន​ប្រាប់កោះសន្តិភាព…

ខេត្តបាត់ដំបង ៖ សំណុំរឿង​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់គំរាម​​លោក​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​បើក​ល្បែងស៊ីសង​មិន​បាន ហើយ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​អស់​រយៈពេល​១​ខែ​កន្លង​ទៅ​នោះ ពេល​នេះ បាន​បែកធ្លាយ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្នងការដ្ឋាន​ខេត្ត ខណៈ​លោក​ស្នងការ​រង​ទ​ទូល​បន្ទុក​បុគ្គលិកបាន​ប្រាប់កោះសន្តិភាព ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា​ថា ពេល​នេះ​ថ្នាក់ដឹកនាំ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​របស់​អង្គភាព​ហើយ ។

ប្រភព​ពី​មន្ត្រី​ស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅបាញ់​គំរាម​លោក​មេឃុំ​ជ្រោយ​ស្ដៅ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ តែ​ត្រូវ​គេ​ព្យាយាម​បិទ​មិន​ឲ្យ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ បាន​ប្រើប្រាស​កាំភ្លើង​របស់​គាត់​បាញ់​មេឃ​ជា​ច្រើន​គ្រាប់ ខណៈ​ស្រវឹង​ជោកជាំ​ដែល​គេ​សង្ស័យ​ថា
ជា​សញ្ញា​គំរាមកំហែង​ដល់​លោក ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ ដោយសារ​មាន​វិវាទ​ជាមួយ​គ្នា ។

មន្ត្រី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា បើ​តាម​ព័ត៌មាន​ខ្សឹបខ្សៀវ​ត​ៗ​គ្នាមូលហេតុ​ដែល​នាំ​ឲ្យ​លោកនាយ​ប៉ុស្ដិ៍​ក្ដៅ​ក្រហា​យ រហូត​ឈាន​ដល់​ទាញ​កាំភ្លើង​បាញ់​មេឃ​ជា​ច្រើន​គ្រាប់​គំរាម​លោក​មេឃុំ​នេះ ដោយសារ​តែ​ខឹង​លោក​មេឃុំ «​មិន​អនុញាត​ឲ្យ​បើក​ល្បែងស៊ីសង​» ។

ជុំវិញ​ករណី​នេះ មេឃុំ​ជ្រោយ​ស្ដៅ លោក​ហ៊ី​ន ណាគ្រី បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា​ថា ពិតជា​មានរឿង​នេះ​កើតឡើង​ចំពោះ​រូប​លោក​មែន ។ លោក​មេឃុំ​ប្រាប់​ថា លោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​(​ផ្ទះ​នាយ​ប៉ុស្ដិ៍​) លុះ​ក្រោយ​ពេល​បាញ់​រួច នាយ​ប៉ុស្ដិ៍​រូប​នេះ​បាន​កាន់​កាំភ្លើង​មក​បង្ករឿង​និង​គំរាមកំហែង​រូប​លោក​ដល់​ផ្ទះ​ទៀត ទាំង​ខ្លួន​ស្រវឹងស្រា​ជោកជាំ​ ។

លោក ហ៊ី​ន ណាគ្រី បញ្ជាក់​ថា លោក ហែម សុ​ផុ​ន បាន​គំរាមកំហែង​និង​ប្រមាថ​រូប​លោក​គ្រប់​បែប​យ៉ាង ដោយសារ​ទំនាស់​រឿង​សុំ​បើក​ល្បែងស៊ីសង ។ នាយ​ប៉ុស្តិ៍​រូប​នេះ​បាន​ព្យាយាម​បង្ក​បញ្ហា​ជាមួយ​លោក តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​នាយ​រង​ប៉ុស្ដិ៍ និង​មន្ត្រី​នគរបាល​ប៉ុស្ដិ៍ប៉ុន្មាន​នាក់​ទៀត​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល
វេលា ។ បើ​មិន​ដូ​ច្នេ​ាះ​ទេ ប្រហែល​អាច​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។

លោក ហ៊ី​ន ណាគ្រី បាន​បញ្ជាក់​បន្ថែម​អំពី​ករណី​នេះ​ថា កន្លង​មក​នាយ​ប៉ុស្ដិ៍​រូប​នេះ​តែង​ស្នើ​សុំ​បើក​ល្បែង​ស៊ីសង​នៅ​ក្នុង​មូលដ្ឋាន តែ​លោក​មិន​អនុញ្ញាត ទើប​ធ្វើ​ឲ្យ​លោកនាយ​បុ​៉​ស្ដិ៍​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​បាញ់​មេឃ​គំរាមកំហែង​លោក​បែប​នេះ ។ លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក
និង​ខេត្ត​រួច​ហើយ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​។

នៅ​ថ្ងៃ​ដដែល​នោះ កោះសន្តិភាព​មិន​អាចស្វែងរក​ការ​ឆ្លើយ​តប​ពី​លោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក​មេឃុំ ពី​ករណី​ខាងលើ​នេះ ។ រីឯ​លោក ហៀ​ង ប៊ុ​ន​ថា អធិ​ការរង​នគរបាល​ស្រុក​ថ្មគោល​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ឆ្លើយ​បដិសេធ​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មិន​បានដឹង​​រឿង​នេះ​ទេ​» ។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត ទ​ទូល​បន្ទុក​ព្រហ្មទណ្ឌ មាន​ប្រសាសន៍​ថា ពិតជា​មានរឿង​ដូចនេះ​កើតឡើង​មែន ហើយ​ពេល​នេះ​ ខាង​ការិយាល័យ​ជំនាញ​កំពុង​តែ​ចាត់ការ ។ លោកស្នងការ​រង​រូប​នេះ​បញ្ជាក់​ថា ប្រ​សិន​ការ​ផ្ទុះអាវុធ​របស់​លោកនាយ​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅដោយ​សារ​តែ​រឿង​សុំបើក​ល្បែងស៊ីសង​មែន វា​ជា​កំហុស​ធ្ងន់​ណាស់​សម្រាប់​លោកនាយ​ប៉ុស្ដិ៍ ខណៈ​ខ្លួន​ជា​មន្ត្រី​នគរ​បាល​យុត្ដិធម៌ ។

លោក​បាន​រំឭក​ថា កន្លង​មក​លោកស្នងការ​ខេត្ត តែង​ដាក់​បទបញ្ជា​ជា​បន្តបន្ទាប់​ឲ្យ​សមត្ថកិច្ច​នៅ​តាម​មូល​ដ្ឋាន ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​រាល់​ល្បែងស៊ីសង​នានា ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​មាន​នាយ​ប៉ុស្ដិ៍​សុំ​បើក​ល្បែងស៊ីសង ដែល​នេះ​ជា​ទ​ង្វើ​មិន​សមរម្យ​ទេ ។ ប្រភព​ពី​មន្ត្រី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​និង​មន្ត្រីរាជការ​នៅ​ក្នុង​មូលដ្ឋាន​សុទ្ធតែ​បានដឹង​ករណី​បាញ់បោះ​នេះ តែ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ចាប់តាំងពី​មន្ត្រី​ប៉ុស្ដិ៍ មន្ត្រី​អធិការដ្ឋាន​ស្រុក រហូត​ដល់​មន្ត្រី​នៅ​ស្នងការដ្ឋាន​ខេត្ត​មួយ​ចំនួន សុទ្ធតែ​ដឹង​រឿង​នេះ​តែ​គេ​នាំ​គ្នា​បិទ​បាំង ព្រោះ​ការ​ផ្ទុះអាវុធ​របស់​លោកនាយ​ប៉ុស្ដិ៍ជ្រោយ​ស្ដៅ​នេះ​មិនមែន​ទើបតែ​លើក​ទី​១​ទេ គឺ​ញឹកញាប់​ពេក​ហើយ ជា​ពិសេស​ពេល​មន្ត្រី​រូប​នេះ​ស្រវឹងស្រា​ម្ដង​ៗ ។

ជុំវិញ​បណ្ដឹង​របស់​លោក ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ បើ​តាម​លោក​មេឃុំ​រូប​នេះ បាន​បញ្ជាក់​អំពី​ជំហរ​របស់​លោក​ថា លោក​ទាមទារឲ្យ​ថ្នាក់ដឹកនាំ​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​លោក ហែមសុ​ផុ​ន ចេញពី​ប៉ុស្ដិ៍​ជ្រោយ​ស្ដៅ ព្រោះ​លោក​មិន​អាច​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​រូប​នេះ​បន្ត​ទៀត​បាន​ទេ ។ លោក​មេឃុំ​ក៏​បាន​ទម្លាយ​ដែរ​ថា បច្ចុប្បន្ន​នេះ​ល្បែងស៊ីសង​បាន​កើតឡើង​ពេញ​មូលដ្ឋាន តែ​សមត្ថកិច្ច​មិន​បាន​អើពើ​ទប់ស្កាត់​ឬ​បង្ក្រាប​ទេ បើ​ទោះជា​លោក​បាន​ទទូច​ស្នើ​ឲ្យ​មានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ខ្លះ​ក្ដី ។

លោក​មេឃុំ​បាន​លើក​ឡើង​បែប​ជា​សំណួរ​ដូច្នេះ​ថា មិន​ត្រឹមតែ​មិន​បង្ក្រាប​ល្បែង​ទេ បែរជា​សុំ​បើក​ល្បែង​ស៊ីសង​បន្ថែម​ទៀត​…​តើ​ឯណា​ទៅគោលនយោបាយ​«​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ដែលជា​គោល​នយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល ? លោក ហ៊ី​ន ណាគ្រី បាន​បង្ហាញ​ពី​ឆន្ទៈ​របស់លោក​ថា «​ខ្ញុំ​ធ្វើ​ជា​មេឃុំ​ទើប​បាន​​១​ឆ្នាំ​ទេ តែ​គ្រប់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​ឃុំ ខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ល្អក់កករ​ឡើយ ។ ដូច្នេះ ក្នុង
សំណុំរឿង​នេះ បើ​ឃើញ​ថា​ខ្ញុំ​មាន​កំហុស ខ្ញុំ​សុខចិត្ត​ឲ្យ​ថ្នាក់លើ​ដក​ខ្ញុំ​ចុះ​…​តែ​ខ្ញុំ​មិន​អាច​យកតួនាទី​ខ្ញុំ​ទៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាមួយ​មន្ត្រី​ខិលខូច​ឡើយ​។ ខ្ញុំ​ត្រូវ​តែ​យក​តួនាទី​ខ្ញុំ​ទៅ​បម្រើពលរដ្ឋ​ដោយ​ស្មោះត្រង់ និង​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​» ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ លោក​ឧត្តម​សេនី​យ​ត្រី សៅ សា​ម៉ុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទ​ទូល​បន្ទុក​បុគ្គ​លិក បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា​ថា លោក​ទើបបាន​ដាក់​សំណុំ​រឿង​នេះ​(​សំណុំរឿង​នាយ​ប៉ុស្តិ៍​ជ្រោយ​ស្ដៅ​) ជួន​លោកស្នងការ​ដើម្បី​ពិនិត្យ និង​សម្រេច​ហើយ កាលពី​ថ្ងៃ​ទី​១០ ខែមករា​។ លោកស្នងការ​រង​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ថា ពេល​នេះ​ថ្នាក់លើ​ត្រូវការ​ឆ្លង​យោបល់​ក្រុម​ការ​ងារ​​ជា​មុន​សិន មុន​ពេលធ្វើការ​សម្រេច​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ចំពោះ​ចំណាត់ការ​លើ​លោក ហែម សុ​ផុ​ន នាយ​ប៉ុស្ដិ៍​នគរបាល​ជ្រោយ​ស្ដៅ​នេះ ថ្នាក់លើ​នឹង​មាន​វិធានការ​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ