សម្តេច​តេ​ជោ ៖ អ្នក​សារព័ត៌មាន​គួរ​ផ្សាយ​ពី​ព្រឹត្តិការណ៍​និង​កុំ​កាត់សេចក្តី


រាជធានី​ភ្នំពេញ ៖ ជំនួប​ប្រចាំឆ្នាំ​លើក​ទី​៣ រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​អ្នក​សារព័ត៌មាន បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ កាលពីរសៀល​ថ្ងៃ​ទី​១១ ខែមករា ក្រោម​ការ​រៀប​ចំ​របស់​ក្រសួងព័ត៌មាន ​។ បើ​តាម​ការ​ថ្លែង​បើក​កម្មវិធី​របស់​លោករដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ ថា អ្នក​សារ​ព័ត៌មាន​ប្រមាណ​ជិត​៥.០០០​នាក់​ចូលរួម ។

ជំនួប​លើក​ទី​៣​នេះ​​អាច​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ប្រ​វត្តិ​សាស្ត្រ​មួយ​ ក្នុង​វិស័យ​សារព័ត៌មាននៅ​កម្ពុជា ហើយ​ក៏​ជា​ឱកាស​មួយ​ឱ្យ​​អ្នក​សារព័ត៌​មានបាន​ជួប​ពិភាក្សា​គ្នា និង​ចែករំលែក​បទ​ពិសោធន៍​ឱ្យ​​គ្នា​ទៅ​វិញ​
ទៅ​មក​។

ក្រោយ​ពី​សុន្ទរកថា​ ស្វាគមន៍​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​នូវ​សង្កថា​ដ៏​មាន​ខ្លឹមសារ​មួយ​ចំនួន​ ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​នេះ ។

សម្តេច​តេ​ជោ​ថ្លែង​ថា គ្មាន​ជោគជ័យ​ណាមួយ​ អាច​សម្រេច​ទៅ​បាន​នោះ​ទេ បើ​ខ្វះ​ការ​ចូលរួម ។ សម្តេច​
តេ​ជោ បាន​វាយតម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​១​ឆ្នាំ​កន្លង​មក​របស់​អ្នក​សារព័ត៌មាន ដែល​បាន​ផ្សារ​ភ្ជាប់​ពី​រដ្ឋ​ទៅ​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​ទៅ​រាជរដ្ឋាភិបាល ។ ចំពោះ​បញ្ហា​ប្រឈម​សម្តេច ​បាន​បង្ហាញ​ថា ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ​មិន​អាច​ជា​រឿង​ដាច់​ដោយឡែក ឬ​របស់​តួអង្គ​ណាមួយ​ទេ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​មានការ​ពិនិត្យ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ កាលពី​ឆ្នាំ​១៩៩៥ ដែល​គប្បី​ធ្វើ​វិសោធនកម្ម​ជាមួយ​គ្នា​នេះ ច្បាប់​២​ទៀត​ គឺ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ច្បាប់​ស្តី​ពី​បទល្មើស​បច្ចេកវិទ្យា ។ ជា​ការ​ពិត សម្តេច​តេ​ជោ​បាន​ថ្លែង​ថា អ្នក​សារព័ត៌មាន ​គឺជា​កញ្ចក់​ឆ្លុះ​សង្គម តែបើ​កញ្ចក់​បែក​ធ្លុះធ្លាយ​មើល​មិនឃើញ​ទេ ។ យើង​មិន​ត្រូវការ​ព័ត៌មាន​ល្មើស​ ឬ​ព័ត៌មាន​ខុស​ទេ ។

ជំនួប​ប្រចាំឆ្នាំ​លើក​ទី​៣​នេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹង​អ្នក​សារព័ត៌មាន ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ប្រកាន់​យក​មាគ៌​៌ា​ប្រជាធិ​ប​តេ​យ្យ សេរី​ពហុបក្ស ហើយ​ដែល​សារព័ត៌មាន ក៏​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​រក្សា​បាន​សន្តិភាព ស្ថិរភាព​ នយោបាយ ដែល​ជា​ឱកាស​មាស​ សម្រាប់​កសាង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម កសិកម្ម ពិសេស គឺ​វិស័យ​ទេសចរណ៍​ដែល​ជា​ប្រភព​ចំណូល​ជាតិ ជំរុញ​កំណើនសេដ្ឋកិច្ច ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០ ខែមករា បាន​លើក​ឡើង​ក្នុង​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ពិត​ណាស់​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម របស់​អ្នក​សារព័ត៌​មានបាន​ឡើយ ។ កម្ពុជា​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជា​ច្រើន​ឆ្នាំមក​ហើយ ​ដោយសារ​សង្គ្រាម ។ ក្រោយ​ពី​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ កម្ពុជា​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នក​វិនិយោគទុន​បរទេស​ជា​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ។ «​ដូច្នេះ ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​​វិនិយោគិន​បរទេស ។

ទន្ទឹមគ្នា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរ​គុណ​ដល់​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ទាំងអស់ រួម​ទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ ទៅ​កាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​លឿន​ទៅ​មុខ​» ។

យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៨ កម្ពុជា​មាន​សារព័ត៌មាន​ជាតិ​ចំនួន​៣៥៣​អង្គភាព ទស្សនាវដ្ដីជាតិ​មាន​​ចំនួន​១២៦​អង្គភាព ព្រឹត្តិបត្រ​ចំនួន២១​អង្គភាព កាសែត​អន្តរជាតិ​៤៤​អង្គភាព ទស្សនាវ​ដ្ដី​អន្តរជាតិ​ចំនួន​៦១​អង្គភាព សមាគម​អ្នក​សារព័ត៌មាន​ចំនួន​៤០​អង្គភាព ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ចំនួន​១៨​អង្គភាព រោង​ពុម្ព​និង​គ្រឹះស្ថាន​បោះពុម្ព​១២៤​អង្គភាព ។ ដោយឡែក ស្ថានីយទូរទស្សន៍​មាន​ផ្សាយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២២​ស្ថានីយ ផ្សាយ​បន្ត​ពីរាជធានី​ភ្នំពេញ​ទៅ​ខេត្ត​មាន​ចំនួន​១៣២​ស្ថានី​យ ។ ទូរទស្សន៍​ខ្សែកាប​ទាំង​នៅ​រាជធានី ខេត្ត មាន​ចំនួន​១៣៣​ស្ថានីយ និង​ស្ថានីយ​វិទ្យុ FM នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៨០​ស្ថានីយ នៅ​តាម​ខេត្ត​មាន​២៥៤​ស្ថានីយ និង​ស្ថានីយ​វិទ្យុ​AM មាន​ចំនួន​១​ស្ថានីយ ។

ទាំង​អស់នេះ ពិតជា​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ហើយ​អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ គឺ​អ្នក​សារព័ត៌​មានបាន​ទទួល​នូវ​ធាតុ​ចូល​បាន​លឿន​រហ័ស​ផងដែរ ខណៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​គាំទ្រ និង​បង្ហោះ​ផ្សាយ​ខ្លឹមសារ​ជា​ច្រើន​ជា​ជំហរ​របស់​រាជរដ្ឋាភិបាល ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​សារព័ត៌មាន​ស្រង់​យក​ទៅ​ចុះ​ផ្សាយ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ចេញ​សារ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ថែម​ទាំង​ចាត់វិធានការ​ភ្លាម​ៗ​តាម​ហ្វេ​ស
​ប៊ុ​ក​ផេ​ក​ទៀត​ផង ដើម្បីឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ផ្តោត​ជា​អាទិភាព​ការ​ផ្តល់​សេវា​សាធារណៈ​បាន​លឿន​រហ័ស តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មីហ្វេ​ស​ប៊ុ​ក ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ