រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងដែលគេអះអាងថា អ្នកបើកងក់បានក្រឡាប់ចាក់ឥដ្ឋចោលនៅតាមផ្លូវជាតិលេខ៦A បណ្តាលឱ្យកម្មករឈ្មោះខុន ហាប់ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅក្នុងខេត្តកំពង់ស្ពឺ រងរបួសបាក់ជើង។ គ្រោះថ្នាក់ចរាចរណ៍នោះសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ មីនា នៅតាមផ្លូវជាតិលេខ៦A មុខសាលាបឋមសិក្សាព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ។ រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ដឹកឥដ្ឋ ពាក់ស្លាកលេខភ្នំពេញ 3A-2258 បើកបរដោយឈ្មោះព្រឿង សារិន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តដឹកឥដ្ឋនោះធ្វើដំណើរតាមផ្លូវជាតិលេខ៦A ចូលរាជធានីភ្នំពេញ។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងស្តាំដៃធ្លាក់ផ្លូវ ហើយអ្នកបើកបរទាញចង្កូតមកវិញក៏ក្រឡាប់ចាក់ឥដ្ឋចោលតែម្តង។ នៅក្នុងគ្រោះថ្នាក់នោះអ្នកបើកបរពុំរងរបួសឡើយ តែរបួសកម្មករម្នាក់បាក់ជើង។ ប្រភពព័ត៌មានឱ្យដឹងថា ហេតុដែលក្រឡាប់នោះដោយសារតែអ្នកបើកបរងក់បណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវ លុះពេលទាញចង្កូតមកវិញក្រឡាប់តែម្តង។ នៅរសៀលនោះអ្នកបើកបរបានទាក់ទងហៅរថយន្តមកសាងឥដ្ឋ និងស្ទូចយករថយន្តដោយខ្លួនឯង៕


ចែករំលែកព័តមាននេះ