ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​គ្រោង នឹង​ចេញ​ជា​ផ្លូវការ​ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ឬ​ហៅ​ថា E-Commerce សម្រាប់​ប្រទេស​កម្ពុជា នឹង​ចេញ​ជា​រូបរាង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយ​ចំនួន​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ជូន ហើយ​ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់​អ្នកលក់…

រាជធានី​ភ្នំពេញ ៖ ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ឬ​ហៅ​ថា E-Commerce សម្រាប់​ប្រទេស​កម្ពុជា នឹង​ចេញ​ជា​រូបរាង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយ​ចំនួន​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ជូន ហើយ​ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ ។

ថ្លែង​នៅ​ក្នុង​សិក្សា​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ មក​រា ម្សិលមិញ នៅ​សណ្ឋាគារ​សាន់​វេ លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ដែល​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​ចងក្រង​ឡើង អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិនិត្យ​កម្រិត​ជំនាញ​នៅ​គណៈ​រដ្ឋមន្ត្រី ។

លោក​ថ្លែង​ថា ៖« ពេល​នេះ ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​ជំរុញ និង​ព​ន្លឿ​ន​ច្បាប់​នេះ ឲ្យ​ចេញ​រូបរាង​ឆាប់​ៗ ដើម្បី​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ទាំងអស់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក »​។ លោក​បន្ត​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​មាន​សារសំខាន់​ណាស់ សម្រាប់​ការ​ពង្រីក​សក្ដានុពល​ទំនិញ និង​ផលិតផល​មួយ ។ ជាក់ស្ដែង​នៅ​ប្រទេស​ចិន ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នេះ គេ​អាច​លក់​បាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ ដោយ​មិន​ចាំបាច់​ទៅ​ជួប​អ្នកទិញ​ឡើយ ដោយ​អ្នកទិញ​គ្រាន់តែ​ផ្ញើ​ប្រាក់​មក​អ្នកលក់ ហើយ​អ្នកលក់​ផ្ញើ​ទំនិញ​មក​កាន់​អ្នកទិញ​វិញ​ប​ណ្ណោះ ។ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បែប​នេះ​កាន់តែ​ទូលាយ​នៅ​កម្ពុជា ព្រោះ​វា​ចំណេញ​ច្រើន​ទាំង​អ្នកទិញ និង​អ្នកលក់ ។

លោក​បន្ថែម​ថា ៖« នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ នោះ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ទាំង​អ្នកលក់​និង​អ្នកទិញ នឹង​ត្រូវ​កាត់​បន្ថយ​កាន់តែ​ច្រើន ហើយ​អ្នក​ស្វែងរក​ទំនិញ​នៅ​តាម​អន​ឡាញ​ក៏​កាន់តែ​យល់​ដឹង​ថា វែ​ប​សាយ​មួយ​ណា​មាន​ស្របច្បាប់ មួយ​ណា​មិន​ស្របច្បាប់ ហើយ​ទីបំផុត អ្នក​ដែល​រកស៊ី​គ្មាន​ច្បាប់ទម្លាប់​នឹងរ​ត់ទៅ​រក​ច្បាប់​ដោយ​ខ្លួនឯង » ។

អនុរដ្ឋលេខាធិការ​រូប​នេះ​បាន​បន្ថែម​ថា ដោយសារ​តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​នេះ ទើបតែ​ចាប់ផ្ដើម បញ្ហា​ប្រឈម​នោះ​គឺ​ពលរដ្ឋ​មួយ​ចំនួន​ធំ មិន​ទាន់​យល់​ដឹង​ច្បាស់​ពី​ការ​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត ហើយ​ការ​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន​ក៏​ដើម្បី​តែ​ការ​សប្បាយ​កម្សាន្ត​ប៉ុណ្ណោះ មិន​ទាន់​មានការ​យល់​ដឹង​ពី​ការ​ប្រាស់​ប្រាស់​ដើម្បី​ប្រយោជន៍​នោះ​ទេ ដូចនេះ​ទាមទារ​ឲ្យ​មានការ​ចុះ​ទៅ​ដល់​សហគមន៍​ជនបទ ដើម្បី​ពន្យល់​ពី​ការ​ប្រើប្រាស់​អន​ឡាញ​ដើម្បី​លក់ទំនិញ​ដែល​ខ្លួន​ផលិត​បាន​វិញ ជា​ពិសេស​ផលិតផល​កសិផល​របស់​ប្រជា​កសិករ​នៅ​តាម​តំបន់​ជនបទ ។

លោក​បញ្ជាក់​ថា កន្លង​មក សម្រាប់​កសិផល​របស់​កម្ពុជា មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ជឿជាក់​ថា ក្រោយ​ពេល​វិស័យ​E-Commerce​ត្រូវ​បាន​សាយភាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​នឹង​ចាប់ផ្ដើម​មាន​ទីផ្សារ​ទូលាយ​ដូច​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដែរ ។ លោក​ថា ៖« កាលពីមុន​ទំនិញ​របស់​កម្ពុជា មួយ​ចំនួន ត្រូវ​បាន​វែ​ប​សាយ​របស់​ចិន​អនុញ្ញាត​ឲ្យ​ដាក់​លក់​នៅ​លើ​វែ​ប​សាយ​របស់​គេ ដើម្បី​ស្វែងរក​ទីផ្សារ​ជូន ក៏​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ទូលាយ​នៅឡើយ​ដែរ ហើយ​សម្រាប់​ពាណិជ្ជកម្ម​អន​ឡាញ​វិញ នៅ​បណ្ដា​ប្រទេស​អាស៊ាន ឃើញ​ថា​មាន​តែ​កម្ពុជា​ទេ ដែល​បាន​ចាប់ផ្ដើម​ក្រោយ​គេ ខណៈ​ប្រទេស​ដទៃ​ទៀត គេ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ »​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« យើង​ដឹង​ហើយ​ថា ពា ណិ​ជ្ជ​កម្ម​អន​ឡាញ​វា​មាន​សារសំខាន់​ណាស់ ក៏​ប៉ុន្តែ​ត្រូវ​សួរ​ថា កម្ពុជា​មាន​ធនធាន ហើយ​ប្រជាជន​មានការ​យល់​ដឹង​កម្រិត​ណា​ពី​វិស័យ E-Commerce ដូច្នេះ​បើ​នៅ​ជនបទ​វិញ គួរតែ​មាន​គ្រូ​បង្គោល​មួយ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ពី​ការ​ប្រើប្រាស់​បណ្ដាញ​អុ​ី​ន​ធើ​រ​ណេ​ត ជា​ពិសេស​ពី​របៀប​ដាក់​លក់ទំនិញ​ទៅ​ក្នុង​អន​ឡាញ »​។ លោក​បន្ត​ថា ដើម្បី​ឲ្យ​អាជីវកម្ម​របៀប​នេះ​ទទួល​បាន​ជោគជ័យ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក៏​គួរតែ​គិតគូរ​ពី​វិធីសាស្ត្រ ងាយស្រួល​សម្រាប់​ការ​ទូទាត់​ការ​ដឹក​ជញ្ជូន ក្នុង​នោះ​ដូច​ជា ការ​ទូទាត់​តាម QR Code ហើយ​ការ​ដឹក​ជញ្ជូន​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​ការ​ជញ្ជូន​ទំនិញ ។

លោក​ឧកញ៉ា ងួ​ន ម៉េ​ង​តិច អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា កន្លង​មករ​ហូត​ដល់​បច្ចុប្បន្ន ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ការ​ទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅ​ដល់ទី​តាំង​ទំនិញ​ផ្ទាល់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ខាត​ពេលវេលា និង​ខាត​ប្រាក់​កាស​ផង​ដែរ ហើយ​ជា​ពិសេស​វា​នឹង​បង្ក​ជា​ហានិភ័យ​សម្រាប់​អ្នកលក់​និង​អ្នកទិញ​។ ក៏​ប៉ុន្តែ​បើសិនជា​ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ និង​ការ​ទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ នៅ​ក្នុង​ប្រទេស​កម្ពុជា វា​នឹង​ជំរុញ​ឲ្យ​សកម្មភាព ពាណិជ្ជកម្ម​កាន់តែ​ផុសផុល​ឡើង ជា​ពិសេស​នឹង​ជំរុញ​ឲ្យ​ទំនិញ​ក្នុងស្រុក​កាន់តែ​មាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ