ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​គិត​ថា​ទាល់តែ​មានទ្រព្យ​ច្រើន​ទើប​ធ្វើ​ទាន​បាន​ផល​ប្រសើរ​នោះ

5 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ចេតនា​ហំ ភិក្ខុ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ហ្នឹងហើយ​ជា​តួ​បុណ្យ​។ សេចក្តី​នេះ​សំដៅ​ន័យ​ថា ការ​ធ្វើ​ទាន​ដ៏​ច្រើន​យ៉ាងណា​ក៏​ដោយ តែបើ​ធ្វើ​ខ្វះ​បញ្ញា​ហើយ…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ចេតនា​ហំ ភិក្ខុ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ហ្នឹងហើយ​ជា​តួ​បុណ្យ​។ សេចក្តី​នេះ​សំដៅ​ន័យ​ថា ការ​ធ្វើ​ទាន​ដ៏​ច្រើន​យ៉ាងណា​ក៏​ដោយ តែបើ​ធ្វើ​ខ្វះ​បញ្ញា​ហើយ ទាន​នោះ​ក៏​ពុំ​សូវ​បាន​ផល​ដែរ​។ ផ្ទុយ​ទៅ​វិញ​បុគ្គល​ធ្វើ​ទាន​សូ​ម្បី​បន្តិចបន្តួច​ក៏​ដោយ តែ​ធ្វើ​ដោយ​បញ្ញា ធ្វើ​ដោយ​ចេតនា​ស្មោះ ធ្វើ​ដោយ​គោរព ទាន​របស់​អ្នក​នឹង​បាន​ផល​ច្រើន ។

តែ​មិន​ដូច្នោះ​ទេ អ្នកខ្លះ​មានគំនិត​ថា ខ្លួន​ក៏​ចង់​ធ្វើបុណ្យ​ទាន​នឹង​គេ​ដែរ តែ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ចង្ហាន់ និង​បច្ច័យ​សម្រាប់​ប្រគេន​ព្រះសង្ឃ​។ ការ​យល់​បែប​នេះ​ក៏​ម្យ៉ាងដែរ តែ​សម្រាប់​ទ្រឹស្តី​ពុទ្ធសាសនា​វិញ​លោក​មិន​បានឱ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ជា​ចម្បង​នោះ​ទេ គឺ​លើក​តម្លៃ​ផ្លូវ​ចិត្តជា​ធំ​ ។

ត្រង់នេះ​ចង់​បង្ហាញ​ថា មិនមែន​ទាល់តែ​មានទ្រព្យ​ច្រើន​ធ្វើបុណ្យ​ទើបបាន​បុណ្យ​ជា​អនេក​នោះ​ទេ ដោយ​ហោចទៅ​សូ​ម្បី​មាន​តែ​បាយកក បាយក្តាំង​ប្រគេន​លោក​ដោយ​តាំងចិត្ត​ស្មោះ​ចំពោះ​គុណព្រះរតនត្រៃ ក៏​បាន​បុណ្យ​ច្រើន​ដែរ​ ។

ដូច​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​និយាយ​អំពី​ទុរគត​ធីតា​ធ្វើ​ទាន​ត្រឹមតែ​បាយក្តាំង​ដែល​ខ្លួន​បរិភោគ​សល់ ហើយ​យក​បាយក្តាំង​នោះ​ទៅ​ដាក់​បាត្រ​ព្រះ​ក​ស្សបៈ ក៏​បាន​អានិសង្ស​ច្រើន លុះ​ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ជាន់​និម្មានរតី​ទេវលោក បរិបូណ៌​ដោយ​ទិព្វ​សម្បត្តិ មាន​សិរី​ខ្ចាត់​ផុត​ពី​គ្រោះភ័យ​គ្រប់យ៉ាង ។