ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋភ័យខ្លាចការធ្វើសំណង់ថ្មីលើអគារចាស់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ជិត​ខាង​ជាប់​នឹង​អតីត​សណ្ឋា​គារ​ស បច្ចុប្បន្ន​ដាក់​ឈ្មោះ​សណ្ឋា​គារ​អេស៊ា​ភេ​លេស​​ស្ថិត​នៅ​វិថី​ហ្សា​ហ្សាលដឺ​ហ្គោល​កាច់​ជ្រុង​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា បាន​ទូរ​ស័ព្ទ​​មក​សំដែង​ការ​​ព្រួយ​បារម្ភ​របស់​ខ្លួន​ដល់​កោះ​សន្តិ​ភាព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ថា ប្រជា​ពល​រដ្ឋ​រាប់ សិប​គ្រួសារ​ដែល​មានផ្ទះ​​នៅ​ជាប់​សណ្ឋា​គារ​នោះ​បាន​​ធ្វើ​ពាក្យ​បណ្តឹង​​រួច​ហើយ

រាជ​ធានី​ភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ជិត​ខាង​ជាប់​នឹង​អតីត​សណ្ឋា​គារ​ស បច្ចុប្បន្ន​ដាក់​ឈ្មោះ​សណ្ឋា​គារ​អេស៊ា​ភេ​លេស​​ស្ថិត​នៅ​វិថី​ហ្សា​ហ្សាលដឺ​ហ្គោល​កាច់​ជ្រុង​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា បាន​ទូរ​ស័ព្ទ​​មក​សំដែង​ការ​​ព្រួយ​បារម្ភ​របស់​ខ្លួន​ដល់​កោះ​សន្តិ​ភាព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ថា ប្រជា​ពល​រដ្ឋ​រាប់ សិប​គ្រួសារ​ដែល​មានផ្ទះ​​នៅ​ជាប់​សណ្ឋា​គារ​នោះ​បាន​​ធ្វើ​ពាក្យ​បណ្តឹង​​រួច​ហើយ​ដាក់ជូន​ទៅ​សាលា​ខណ្ឌ​ក៏​ដូច​ជា​សាលា​រាជ​ធានី​ភ្នំពេញ​ប្តឹង​ពី​ម្ចាស់​សណ្ឋា​គារ​ដែល​​សាង​សង់​បន្ទប់​ និង​អគារ​បន្ថែម​លើ​សំណង់​អគារ​ចាស់​និង​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ​។

ប្រជា​ពល​រដ្ឋ​​ឱ្យ​ដឹង​ថា អតីត​សណ្ឋា​គារ​ស​មាន​កំពស់​៧​ជាន់​ តែ​ឥឡូវ​នេះ​ត្រូវ​​គេ​សង់​បន្ថែម​ទៅ​លើ​១​ជាន់​កន្លះ​ទៀត​ រី​ឯ​ដំបូល​លើ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជាប់​សណ្ឋា​គារ​ពី​ចំហៀង​ខាង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​វិញ​ត្រូវ​​ថៅ​កែសណ្ឋា​គារ​​សាង​សង់​​សំណង់​ថ្មី​ធ្វើ​ជា​បន្ទប់​បណ្តោយ​រហូត​ដល់​កាច់​ជ្រុងវិថី​សុក​ហុក​ និង​ដាក់​បង្គោល​ប្រព័ន្ធ​ទូរ​ស័ព្ទ​យ៉ាង​ធំ​ដែល​មាន​ ទម្ងន់​ធ្ងន់​១​គ្រឿង​ផង​ដែរ​។ ប្រជា​ពល​រដ្ឋ​និយាយ​ថា សំណង់​ថ្មី​ទាំង​អស់​នេះ​ជា​សំណង់​ធ្វើ​ឡើង​​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត​ទេ ព្រោះ​ពិត​ជា​គ្មាន​អាជ្ញា​ធរ​ ឬ​ស្ថាប័ន​ជំនាញ​ណា​​មួយ​ហ៊ាន​អនុញ្ញាត​ឱ្យ​គេ​ធ្វើ​បែប​នេះ​លើ​សំណង់​អគារ​ចាស់​ទេ​។ បើ​ទោះ​បី​គេ​មាន​ច្បាប់​ ឬ​ក៏​អត់​ច្បាប់​យ៉ាង​ណា​ក្តី​នោះ​ជា​រឿង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​មូល​ដ្ឋាន​​ តែ​រឿង​ធំ​បំផុត​ពួក​គាត់​​មាន​ការ​ភ័យ​ខ្លាច​សំណង់​ទាំង​នោះ​បាក់​ធ្លាក់​សង្កត់​លើ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​។

ប្រជា​ពល​រដ្ឋ​​ធ្វើ​ពាក្យ​បណ្តឹង​ដាក់​ជូន​ទៅ​សាលា​ខណ្ឌ​ និង​សាលា​រា​ជ​ធានី​នោះ​សុំឱ្យ​ជួយ​អន្តរា​គមន៍​វាយ​កំទេច​សំណង់​ថ្មី​ចោល​វិញ​។ ទាក់​ទិន​ករណីនេះ​ លោក​ចៅ​សង្កាត់​អូរ​ឫស្សី​ទី​៤​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​អត់​បាន​ដឹង​ទេ​ព្រោះ​ពេល​គេ​សាង​សង់​លួច​ដឹក​សំភារសំណង់​មិន​ឱ្យ​សង្កាត់​ដឹង​ទេ​។ លោក​សោម សុវណ្ណ​ អភិ​បាល​ខណ្ឌ​៧​មករា មាន​ប្រសាសន៍​ដូច​គ្នា​នេះ​ដែរ​ថា ពេល​​បាន​ដឹង​ព័ត៌​មាន​នេះ​លោក​ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​ ព្រោះ​ការ​សាង​សង់​រហូត​មាន​ព័ត៌​មាន​ថា ប្រជា​ពលរដ្ឋ​​ប្តឹង​ម្ចាស់​សណ្ឋា​គារ​នោះ លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​ ឬ​ព័ត៌​មាន​អ្វី​ទាំង​អស់​ ដូច្នេះ​ពេល​ទទួល​បាន​ព័ត៌​មាន​នេះ លោក​ នឹង​ចាត់​តាំង​មន្ត្រី​ពាក់​ព័ន្ធ​ឱ្យ​ទៅ​ពិនិត្យ​។ មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​​និយាយ​ស្ទើរមិន​ចេញ​ថា កុំ​ថា​ឡើយ​គេ​ប្រាប់​ពី​រឿង​សាង​សង់​នោះ​ គ្រាន់​តែ​ជណ្តើរ​ឡើង​ទៅ​លើ​សណ្ឋា​គារ​ក៏​ជាន់​មិន​បាន​ផង​។

អ្នក​សង្កេត​ការណ៍​និយាយ​ថា នេះ​ជា​បញ្ហា​ដែល​គប្បី​អាជ្ញា​ធរ​ត្រូវ​តែ​គិត​គូរ​កុំ​ឱ្យ​កើត​ហេតុ​ការណ៍​បាក់​រលំ​បង្ក​ជា​សោក​នាដ​កម្ម​កណ្តាល​ក្រុង​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ល្អ​មើល​ទេ​។ មហា​ជន​ឆ្ងល់​ថា ការ​សាង​សង់​សំណង់​​លើ​អគារ​ចាស់​នេះ​ហេតុ​អ្វី​ក៏​​ធ្វើ​បាន​ដោយ​រលូន​បែប​នេះ​ បើ​ផ្ទះ​ប្រជា​ពល​រដ្ឋ​តូច​តាច​ចាក់​ខ្សាច់​មួយ​រទេះ​មិន​ទាន់​ដល់​ដី​ទេ​ច្បាស់​ជា​ប៉ូលិស​​មក​ក្រវែល​ហើយ​ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​មាន​វាសនា​​បំបាំង​ភ្នែក​សមត្ថកិច្ច​ និង​អាជ្ញា​ធរ​។ គេ​នៅ​ចាំ​បាន​ថា កា​ល​ពី​សប្តាហ៍​មុន​សំណង់​នៅ​ខណ្ឌ​ទួល​គោក​តំរូវ​ឱ្យ​វាយ​​បំផ្លាញ​ចោល​ជាន់ខាង​លើ​ដែល​​ធ្វើ​ខុស​ច្បាប់​។ គេ​នៅ​ចាំ​មើល​ផង​ដែរ​ថា តើ​បញ្ហា​នេះ​អាជ្ញា​ធរ​ថ្នាក់​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ព្រួយ​បារម្ភ​ពី​ការ​បាក់​រលំ​ជាយថា​ហេតុ​ណា​មួយ​ដោយ​សារ​តែ​គេ​ធ្វើ​សំណង់​ថ្មី​លើ​អគារ​ចាស់​នេះ៕