យោងតាមសេចក្តីរាយការណ៍របស់ Cnet ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺ Huawei មិនមានប្រជាប្រិយភាពខ្លាំងក្នុងសហរដ្ឋអាមេរិកទេ ។
ក្រៅពីការចាប់ខ្លួននាយកហិរញ្ញវត្ថុរបស់ខ្លួនហើយ ការមិនអាចលក់ឧបករណ៍ភាគច្រើនរបស់ខ្លួន និងការព្រមានពីរដ្ឋាភិបាលទាក់ទិននឹងបញ្ហាសន្តិសុខ បានធ្វើឲ្យសហរដ្ឋអាមេរិកលែងក្លាយជាទីតាំងដ៏ល្អសម្រាប់ក្រុមហ៊ុននេះបន្តបង្កើនការគ្រប់គ្រងទីផ្សារទៀតហើយ ។
ប៉ុន្តែ Huawei មិនទាន់ចុះចាញ់ទាំងស្រុងទេ ផ្ទុយមកវិញក្រុមហ៊ុននេះនឹងតស៊ូកាន់តែខ្លាំងឡើងក្នុងសហរដ្ឋអាមេរិកដោយមិនត្រឹមតែលក់ទូរស័ព្ទទេ តែមាន Laptop និងTablet ថែមទៀតផង ។
ក្នុងកម្មវិធីបច្ចេកវិទ្យា CES នៅទីក្រុង Las Vegas ក៏បានបង្ហាញពី Matebook13 ថ្មី និង Tablet Media Pad M5 Lite របស់ Huawei ផងដែរ ។ ផលិតផលទាំងពីរនេះត្រូវបានដាក់លក់ក្នុងប្រទេសចិនហើយ ហើយវានឹងត្រូវបានលក់នៅអឺរ៉ុបក្នុងឆ្នាំនេះផងដែរ ប៉ុន្តែឧបករណ៍ដែលបានបង្ហាញក្នុងកម្មវិធីនេះគឺសម្រាប់សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ។
វាបង្ហាញមកថា ក្រុមហ៊ុននេះនៅតែគិតថា ពួកគេគួរវិនិយោគលើការផលិតឧបករណ៍សម្រាប់តែទីផ្សារអាមេរិកតែមួយគត់ ។
លោក Geoff Blaber អ្នកវិភាគម្នាក់មកពីក្រុមហ៊ុន CCS Insight បានឲ្យដឹងថា ៖«អាជីវកម្មកុំព្យទ័រ និងថាប្លេតរបស់ Huawei មើលឃើញការលូតលាស់យ៉ាងរឹងមាំក្នុងសហរដ្ឋអាមេរិក ។ វាអនុញ្ញាតឲ្យក្រុមហ៊ុនបន្តស្ថាបនាយីហោ និងវត្តមានរបស់ខ្លួន បើទោះមិនមានវត្តមានស្មាតហ្វូនក៏ដោយ» ៕
ចែករំលែកព័តមាននេះ