ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិន អាចនឹងដោះស្រាយបញ្ហាពាណិជ្ជកម្មចាំបាច់បាន ខណៈដែលកិច្ចព្រមព្រៀងលើបញ្ហារចនាសម្ព័ន្ធពាណិជ្ជកម្ម និងការអនុវត្តអាច នឹងពិបាកជាង។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ មករា កន្លងមក ។
លោក Wilbur Ross រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបានផ្ដល់បទសម្ភាសន៍មួយដល់ CNBC ថា ការចរចាជាមួយនឹងប្រទេសចិន នឹងជួយឲ្យដឹងថាតើភាពខុសគ្នារវាងប្រទេសទាំងពីរអាចដោះស្រាយបានតាមរយៈការចរចាឬទេ ។
លោកបាននិយាយថា ៖« ខ្ញុំគិតថាវាជាឱកាសដ៏ល្អមួយដែលពួកយើងអាចសម្រេចបានដំណោះស្រាយសមរម្យមួយដែលប្រទេសចិនអាចទទួលយកបាន និងយើងអាចទទួលយើងបាន ហើយអាចដោះស្រាយបញ្ហាសំខាន់ៗទាំងអស់ផងដែរ ហើយសម្រាប់ខ្ញុំ វាជាបញ្ហាពាណិជ្ជកម្មចាំបាច់ ។ វាប្រហែលជាបញ្ហាដែលងាយស្រួលដោះស្រាយជាងគេហើយ »។
គួរបញ្ជាក់ដែរថា មន្ត្រីអាមេរិកកំពុងតែជួបជាមួយនឹងភាគីខាងប្រទេសចិននៅសប្តាហ៍នេះជាលើកដំបូងតាំងពីលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) និងលោកប្រធានាធិបតីស៊ី ជិនពីង (Xi Jinping) បានព្រមព្រៀងគ្នាកាលពីខែធ្នូថា នឹងផ្អាកសង្គ្រាមពាណិជ្ជកម្មប្រមាណ៩០ថ្ងៃ ។
វានៅមិនទាន់ច្បាស់នៅឡើយទេថាតើប្រទេសចិននឹងអាចព្រមតាមការចង់បានរបស់អាមេរិកឬយ៉ាងណាទាក់ទិននឹងវិសមភាពពាណិជ្ជកម្ម ការចូលក្នុងទីផ្សារ និងការការពារបន្ថែមលើកម្មសិទ្ធិបញ្ញា ។ លោកត្រាំបាននិយាយកាលពីថ្ងៃអាទិត្យកន្លងមកថា ការចរចាពាណិជ្ជកម្មជាមួយនឹងចិន កំពុងតែដំណើរការបានល្អ ហើយភាពទន់ខ្សោយរបស់សេដ្ឋកិច្ចចិនបានផ្តល់ជាមូលហេតុមួយដល់ប្រទេសចិនក្នុងការចង់សម្រេចបានកិច្ចព្រមព្រៀង ។
អ្នកវិភាគបាននិយាយថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានសម្រេចក្នុងពេលឆាប់ៗ នោះវានៅតែមិនអាចជួយដល់សេដ្ឋកិច្ចចិនដែរដែលត្រូវបានគិតថា នឹងបន្តអន់ថយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕
ចែករំលែកព័តមាននេះ